ក្រុមហ៊ុនMicrosoft៖ មានចំណុចពិសេស៥យ៉ាងនេះ ការងារជាក្រុមជោគជ័យខ្លាំងបំផុត

//s5.kh1.co/68/68902b8738d4b4182b840a15944f78596d1eb191.jpg
យល់ដឹង

 ១៦-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ពេលធ្វើការម្នាក់ឯង អ្នកប្រហែលជាមិនចាំបាច់បារម្ភរឿងការជជែកវែកញែកច្រើន។ ប៉ុន្តែការងារគ្រប់យ៉ាងច្រើនសន្ធឹកអ្នកមិនអាចធ្វើដោយខ្លួនឯងទាំងអស់នោះឡើយ។ យ៉ាងណាមានមនុស្សជាច្រើនបានត្អូញត្អែរអំពីស្ថានភាពពេលធ្វើការជាមួយមនុស្សច្រើន ថាពិបាកសម្របខ្លួនណាស់។ តបនឹងបញ្ហានេះ ក្រុមហ៊ុនMicrosoftបានធ្វើការសិក្សាទៅលើគម្រោងមួយដោយដាក់ឈ្មោះថា The Art of Teamwork។ ហើយការសិក្សាមួយនេះ បានបង្ហាញថា ចំណុចពិសេស៥យ៉ាងធ្វើឲ្យការងារជាក្រុម មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. គោលដៅក្រុមច្បាស់លាស់

ការពន្យល់ឲ្យបានច្បាស់លាស់ពីតម្រូវការរបស់ក្រុមមិនត្រឹមតែបង្ហាញនូវភាពជាអ្នកដឹកនាំល្អប៉ុណ្ណោះទេ តែវាបានបង្ហាញនូវទំនុកចិត្តសម្រាប់សមាជិកក្រុម។ ដរាបណាដំណើរការការងារមានភាពច្បាស់​លាស់ ក្តីសង្ឃឹមក៏កើនឡើយដោយគ្មានការសង្ស័យ។

២. អត្តសញ្ញាណតែមួយ

មានន័យថា ធ្វើការជាក្រុម បុគ្គលិកត្រូវរក្សាចិត្តតែមួយ។ គេអាចសហការគ្នា​ ឲ្យតម្លៃ ហើយចេះស្របបើឃើញថាអ្នកដទៃមានយោបល់ល្អ។ ចេះបដិសេធក្នុងន័យកែលម្អបើឃើញនរណាម្នាក់លើកឡើងនូវចំណុចមិនសក្តិសម។ ស្មារតីក្រុមនឹងជួយឲ្យការងាររត់ទៅរលូន ជាជាងការចាប់កំហុសគ្នាដើម្បីជាន់ពន្លិច ឬធ្វើដើម្បីយកមុខមាត់។

៣. ស្វែងយល់ពីស្ថានការណ៍

ក្នុងលក្ខខណ្ឌនេះ សមាជិកក្រុមត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងរង្វង់ការងារ។ ពួកគេត្រូវត្រៀមខ្លួន និងប៉ាន់ស្មាននូវបញ្ហាប្រឈមជាមុន ដែលអាចកើតឡើងជាយថាហេតុ។ ពួកគេត្រូវចេះយល់ចិត្តគ្នា​ និងសម្រួលស្ថានការណ៍ឲ្យសម។ ឧទាហរណ៍៖ ក្នុងការធ្វើបទបង្ហាញមួយ បើក្នុងករណីកំពុងប្រើប្រាស់អ៊ីនធឺណែត គេត្រូវត្រៀមលក្ខណៈ​(server)​សម្រាប់ករណីចាំបាច់ណាមួយដែលពុំអាចភ្ជាប់បាន។ ហើយបើម្នាក់និយាយបទបង្ហាញមិនលូន មានម្នាក់ទៀតត្រៀមជួយសម្រួល។

៤. ជឿជាក់គ្នា​ និងត្រៀមចិត្តជាមុន

ក្នុងការងារមានចំណុចខ្លះជោគជ័យ និងខ្លះទៀត នឹងបរាជ័យ។ ការជឿជាក់គ្នាជាកត្តាសំខាន់ ព្រោះគេបានត្រៀមចិត្តថា​ទោះបីការងារនេះបានសម្រេច ឬអត់ក៏មិនប្រកាន់ទោសពៃរ៍គ្នាដែរព្រោះម្នាក់ៗបានប្រឹងអស់ពីលទ្ធភាពហើយ។ ស្នាមញញឹមនៃការគោរពគ្នាធ្វើឲ្យម្នាក់ៗមានកម្លាំងចិត្ត​ និងប្ដេជ្ញាដោយគ្មានការច្រណែន ឬលាក់លៀម។

៥. សម្រួលស្ថានភាពតានតឹង

ធ្វើការជាក្រុម​ បើមានគេប្រាប់ថាមិនដែលទាស់សំដីគ្នាសោះ មានន័យថាគេកុហកអ្នកហើយ។​ការពិតជម្លោះក្នុងក្រុមមានច្រើនដងរាប់មិនអស់។ យ៉ាងណាជាសមាជិកល្អ គេចេះស្ថាបនាស្ថានភាពពីតានតឹងទៅធូរស្បើយ។ វិធីសាស្ត្រអាចមានច្រើនដូចជាកោតសរសើរអ្នកដែលមានទស្សនៈផ្សេងគ្នាដោយមិនថ្កោលទោសអូសដំណើរ។ លើកទឹកចិត្តអ្នកមានគុណសម្បត្តិ គោរពឲ្យតម្លៃ និងកែលម្អបើទោះបីសមាជិកមានកំហុស។ អ្នកដឹកនាំក្រុមជួយជម្រុញបន្ថែមដោយស្នាមញញឹម ព្រោះថាភាពតានតឹងអាចធ្វើឲ្យក្រុមបែកបាក់ដោយពិបាកស្រោចស្រង់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T