រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បានប្រាប់កោះសន្តិភាពម្សិលមិញថា សំណុំរឿងលោកឧកញ៉ាវែង លីតិចឡា និងលោកស្រីលី ពៅ ជាភរិយា ដែលជាប់ចោទពាក់ព័ន្ធ ថាបានប្រើអំពើហិង្សា ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើកូនស្រីចិញ្ចឹម ២នាក់ឱ្យមានរបួស ស្នាម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួច ហើយនៅថ្ងៃទី១៨ មីនា ។ ចំណែកលោកឧត្តមសេនីយ៍ទោប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃក៏បានឱ្យដឹងតាមទូរស័ព្ទដែរ ថា សំណុំរឿងនោះពិតជាបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួច ហើយដែរ ។ ឯអ្នកជាប់ពាក់ព័ន្ធគឺមានតែលោកស្រីលី ពៅ ភរិយាលោកឧកញ៉ាវែង លីតិចឡា ម្នាក់ឯងទេ ដែលរបាយការណ៍សន្និដ្ឋានបានដាក់ថា ធ្វើអំពើទារុណកម្មលើកុមារនិងកេងប្រវ័ញ្ចពលកម្ម។

លោកឧត្តមសេនីយ៍ទោមានប្រសាសន៍ទៀតថា របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ចមិនទាន់ចាត់ទុកជាផ្លូវការ នៅឡើយទេ ហើយនេះគ្រាន់តែជាការប្រមូលផ្តុំលើអង្គហេតុប៉ុណ្ណោះ ឯការចោទប្រកាន់ជាផ្លូវការនោះ ជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា ។ មន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីមានរឿងនេះកើតឡើង បានលេចឮពាក្យថា លោកឧកញ៉ាឬភរិយា បានប្តឹងចោទប្រកាន់កូនចិញ្ចឹម២នាក់នោះវិញថាបានលួចយកមាសពេជ្រ កែវកង និងគ្រឿងអលង្ការរបស់លោកឧកញ៉ា អស់ជាច្រើនហើយបានរត់ចេញពីផ្ទះនោះថាជារឿងមិនពិតទេ មិនបានប្តឹងពួកគេទេ ។ ទំនងពួកគេអាចយល់ច្រឡំដែលកាល ពីប៉ុន្មានឆ្នាំមុនមានមែនគឺលោក ស្រីលី ពៅ បានប្តឹងកូនចិញ្ចឹមថាបានលួចលុយកាក់ មាសពេជ្រនិងគ្រឿងអលង្ការ ដាក់ចូលទៅនគរបាលប៉ុស្តិ៍ម្តងដែរ តែក្រោយមកបណ្តឹងនោះត្រូវបានដកចេញវិញ ដោយសារពួកគេបានទទួលស្គាល់កំហុសនិងសុំទោសលោកស្រី ។

ចំណែកមន្ត្រីការិយាល័យទទួលពាក្យបណ្តឹងនិង សំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ ជាថ្ងៃទី១៨ មីនា នោះដែរបានអះអាងប្រាប់កោះសន្តិភាពថា រដ្ឋបាលអយ្យការនៅមិនទាន់ ទទួលបានសំណុំរឿងលោកឧកញ៉ាវែង លីតិចឡា មកចាត់ការនៅឡើយទេ ។

គួរកត់សម្គាល់ថា ការិយាល័យនិពន្ធកោះសន្តិភាព បានទទួលទូរស័ព្ទរាល់ថ្ងៃ ពីអស់លោកអ្នកអាននៅរាជធានីភ្នំពេញ ក៏ដូចនៅខេត្តបាត់ដំបង សួររឿងឧកញ៉ានិងភរិយាដែលធ្វើទារុណកម្ម លើកូនស្រីចិញ្ចឹម២នាក់ នោះតើដល់ណាហើយ...អីក៏ស្ងាត់ម៉្លេះ? មហាជនសួរនាំចង់ដឹងណាស់ តើជនជាប់ចោទជាភរិយាឧកញ៉ាម្នាក់នេះ ពេលនេះនៅឯណា ហេតុអ្វីក៏គ្មានសកម្មភាពតាមផ្លូវច្បាប់សោះអីចឹង? ខ្លះទៀតសួរទាំងឆ្ងល់ថា តិចគេ «ចុកមាត់» ណែនអស់ពីលើដល់ក្រោមទេដឹង ។ អ្នកខ្លះទៀតនិយាយទាំងស្មានថា ប្រហែលជាគេនាំគ្នា «ក្រូម៉េ» សំណុំរឿងទៀត  ផង ។

ករណីខាងលើនេះ កោះសន្តិភាពនឹងតាមស្រាវជ្រាវបន្តទៀត តើវាទើនៅតំបន់ណាបានជាយឺតយ៉ាងនេះ ?

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]