ឆ្នាំថ្មី២០២០ លំដាប់ជួរមុខគុនខ្មែរទាំង៣រូប ស្នើសុំឡើងតម្លៃខ្លួនចំនួន…

//s5.kh1.co/af/aff93fa0e37971bfda97324104f3f098799ef7a1.jpg
កីទ្បា

 ១៥-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កែវ រំចង់, រឿង សោភ័ណ្ឌ និង ឡុង សុភី ស្នើសុំឡើងតម្លៃខ្លួនសម្រាប់ឆ្នាំ២០២០

កម្ពុជា៖ បច្ចុប្បន្នវិស័យកីឡាប្រដាល់គុនខ្មែរកំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះចំនួនសង្វៀននៅក្នុងស្រុកក៏មានកើនឡើង ដែលបានផ្ដល់ទីផ្សារយ៉ាងច្រើនទៅដល់កីឡាករដើម្បីឡើងប្រកួត។ បន្ថែមលើសពីនេះក៏មានកីឡាករកម្ពុជាយើងមួយចំនួនតែងតែចេញទៅប្រកួតនៅក្រៅប្រទេសជាញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នៅឆ្នាំថ្មី២០២០ ជើងខ្លាំងគុនខ្មែរជួរមុខ ៣រូបរបស់កម្ពុជារួមមាន រឿង សោភ័ណ្ឌ, កែវ រំចង់ និង ឡុង សុភី បានស្នើសុំតម្លើងតម្លៃខ្លួនពីការឡើងប្រកួតនៅលើសង្វៀន។

នៅឆ្នាំ២០២០នេះ កូនសិស្សរបស់លោកគ្រូ ឈិត ខ្វាន់ចៃ កីឡាករ រឿង សោភ័ណ្ឌ បានស្នើសុំតម្លើងតម្លៃខ្លួនក្នុងមួយប្រកួត ៧០០ដុល្លារសម្រាប់ការប្រកួតនៅភ្នំពេញ ចំណែកឯការចេញទៅប្រកួតនៅតាមខេត្តគឺស្នើសុំយ៉ាងតិច ១,០០០ដុល្លារ។ អ្នកប្រដាល់រហស្សនាមដៃភ្លើង ជើងរន្ទះរូបនេះ បានឲ្យដឹងថាកាលពីឆ្នាំ២០១៩ គេប្រកួតបានម្ដង ៥០០ដុល្លារ ហើយនៅចុងឆ្នាំបានឡើងដល់ ៥៥០ដុល្លារសម្រាប់ការប្រកួតនៅភ្នំពេញ។

កីឡាករ រឿង សោភ័ណ្ឌ
កីឡាករ រឿង សោភ័ណ្ឌ

ងាកមកមើលអ្នកលេងជង្គង់ ឡុង សុភី ឯណេះវិញក៏បានស្នើសុំឡើងតម្លៃខ្លួនដែរសម្រាប់ការប្រកួតនៅក្នុងស្រុក ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីចំនួននោះទេ គ្រាន់តែថាច្រើនជាងឆ្នាំមុន។ នៅឆ្នាំ២០១៩ តម្លៃខ្លួនរបស់អតីតកូនសិស្សរបស់លោកគ្រូ ឡុង សាលវ័ន្ត រូបនេះទទួលបានតម្លៃខ្លួនប្រហាក់ប្រហែលនឹង រឿង សោភ័ណ្ឌ ដែរគឺប្រមាណជា ៥០០ដុល្លារ។ សម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេស ឡុង សុភី ស្នើសុំតម្លៃខ្លួន ១,៥០០ដុល្លារ ដោយការចំណាយផ្សេងៗគឺជាបន្ទុករបស់កម្មវិធី។

កីឡាករ ឡុង សុភី
កីឡាករ ឡុង សុភី

ចំណែកឯអ្នកប្រដាល់ល្បីឈ្មោះមានដើមកំណើតមកពីខេត្តបាត់ដំបង កែវ រំចង់ បានស្នើសុំតម្លៃខ្លួន ១,០០០ដុល្លារសម្រាប់ការប្រកួតក្នុងស្រុក ហើយនៅក្រៅប្រទេសគឺ ២,០០០ដុល្លារ។

កីឡាករ កែវ រំចង់
កីឡាករ កែវ រំចង់

ជុំវិញនឹងបញ្ហាតម្លៃខ្លួននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថាគឺអាស្រ័យទៅលើខាងម្ចាស់កម្មវិធី និងអ្នកឧបត្ថម្ភ (Sponsor) ចំណែកឯសហព័ន្ធគ្រប់គ្រងលើបច្ចេកទេសនោះទេ ប៉ុន្តែក្នុងនាមសហព័ន្ធក៏ចង់ឲ្យកីឡាករទទួលបានតម្លៃខ្លួនកើនឡើងខ្ពស់ជាងមុខផងដែរ៕

ឯកឧត្តម តែម ម៉ឺន
ឯកឧត្តម តែម ម៉ឺន

ប្រភព៖ Phnom Penh Post

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T