ភ្នំពេញ៖ កូនប្រុសរបស់មក លឹម វ័ន្ត រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានស្លាប់ ដោយគាបជាប់ក្នុង រថយន្ត ព្រមទាំងរងរបួស ធ្ងន់ស្រាល មនុស្ស៩នាក់ ទៀត ក្នុងគ្រោះថ្នាក់ចរាចរ បង្កឡើង ដោយ រថយន្តកុងតឺន័រ បុកគ្នាជាមួយរថយន្ត ឡិចស៊ីស៣៣០ និងរ៉ឺម៉កម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២៤ និង៥០នាទី រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ។

តាមប្រភពពព័ត៌មាននៅ កន្លែងកើតហេតុ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសយ៉ាង រដូករណែល នេះ បាន និយាយថា នៅមុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2S-9599 បើកបរ ដោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត ក្នុងរថយន្តរបស់ខ្លួន ឈ្មោះ លឹម វ៉ាន់ឌី អាយុ៣១ឆ្នាំ មានទីលំនៅភូមិ យកបាត្រ ឃុំយកបាត្រ សង្កាត់ក្បាលកោះ បានធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅ កើត បានបុកគ្នាជាមួយ រថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-7675 ដែលបើកបរបញ្ច្រាស ទិសគ្នាពីកើតទៅលិច បណ្តាលឲ្យរថយន្តឡិចស៊ីស ខ្ទេច រួញគាបជាប់អ្នកបើកបររថយន្ត ស្លាប់យ៉ាងអាណោច អាធ័មបំផុត ក្នុងរថយន្ត។

លោកទិត្យ ចំរើន ប្រធានផ្នែកនគរបាល សណ្តាប់ធ្នាប់ និងចរាចរខណ្ឌមានជ័យ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងដោយសារថយន្ត ឡិចស៊ីស RX330 បើកបរក្នុងទិសដៅ ពីលិចទៅកើត ធ្វើដំណើរពីឆ្ពោះ ទៅលំនៅ ឋាន ជិតកន្លែងកើតហេតុ ហើយបានបុកជាមួយរ៉ឺម៉ក ម៉ូតូដឹកអ្នកដំណើរស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យ ក្រឡាប់រ៉ឺម៉ក រងរបួសមនុស្ស៩នាក់ ធ្ងន់២នាក់ ស្រាល៧នាក់ មានប្រុស មានស្រី។

សាក្សីបន្តទៀតថា ស្របពេលនោះដែរ ក៏មានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតសុកន ដែលបើកបរ ក្នុងទិស ដៅពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយរថយន្តឡិចស៊ីស RX330 បានជ្រុលល្បឿនបុកគ្នា ជាមួយ រថយន្តឡិចស៊ីស ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីស រងនូវការខូចខាតយ៉ាងដំណំ រួចហើយ គាបអ្នក បើកបរស្លាប់ក្នុងរថយន្ត។

នគរបាលចរាចរខណ្ឌ បានចុះអន្តរាគមន៍វាស់វែង យករថយន្តបង្កទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចររាជធានី ដើម្បីចាត់ការតាមច្បាប់។ ចំណែកឯសពកូនប្រុស លោករដ្ឋលេខាធិការ ក្រសួងរៀប ចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ត្រូវក្រុមគ្រួសារលើកយកទៅតំកល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចម្ប៉ា ៕













ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]