ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៣២ ជាមួយនឹងអត្រានៃការធ្វើអត្តឃាត ១៤,៤ នាក់ក្នុងចំណោមប្រជាជន ១០០០០០ នាក់ និងចំនួនជិត ១០០០០ នាក់ដែលបានធ្វើអត្តឃាតកាលពីឆ្នាំមុន។ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលមានប្រជាជនធ្វើអត្តឃាតច្រើនជាងគេ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក​(WHO) ហើយប្រទេសដែលជាប់ចំណាត់ថ្នាក់បន្ទាប់គឺប្រទេសសិង្ហបុរី ក្នុងចំណាត់ថ្នាក់ទី ៦៧ ដែលមានអត្រា ១១,២ ។

ចំណែកប្រទេសឡាវជាប់ចំណាត់ថ្នាក់ទី ៨៤ ក្នុងអត្រា ៨,៦ ខណៈដែលប្រទេសហ្វីលីពីនវិញមានអត្រាទាបបំផុតក្នុងចំណោមប្រទេសអាស៊ានគឺជាប់ចំណាត់ថ្នាក់ទី ១៦៣ ជាមួយនឹងអត្រា ៣,២ តែប៉ុណ្ណោះ។ រីឯប្រ៊ុយណេជាប្រទេសដ៏ប្រសើរបំផុត ព្រោះមិនមាននៅក្នុងបញ្ជីរបស់អង្គការសុខភាពពិភពលោក​(WHO) ក្នុងចំណោមប្រទេសទាំង ១៨៣ ដែលមានប្រជាជនធ្វើអត្តឃាតនោះទេ។

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយចាប់តាំងពីការចេញផ្សាយរបាយការណ៍របស់អង្គការសុខភាពពិភពលោកលើកដំបូងស្តីពីការធ្វើអត្តឃាត គេកត់សម្គាល់ថាចំនួនប្រទេសដែលមានយុទ្ធសាស្រ្តទប់ស្កាត់ការធ្វើអត្តឃាតថ្នាក់ជាតិបានកើនឡើងដល់ ៣៨ ប្រទេសហើយ។ អ្នកគ្រប់គ្រងទូរទៅរបស់អង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់បន្ថែមទៀតថា នេះគឺជាចំនួនតិចតួចនៅឡើយ ហើយរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ចាំបាច់ត្រូវតែប្តេជ្ញាក្នុងការបង្កើតយុទ្ធសាស្រ្តទប់ស្កាត់ការធ្វើអត្តឃាតនេះឡើង។

លោកវេជ្ជបណ្ឌិត Ghebreyesus មានប្រសាសន៍បន្ថែមទៀតថា​៖ «ទោះបីជាមានការកើនឡើងនៃចំនួនប្រទេសដែលបានបង្កើតយុទ្ធសាស្រ្តទប់ស្កាត់ការធ្វើអត្តឃាតនេះឡើងក៏ដោយ ក៏នៅតែមានមនុស្សម្នាក់បានស្លាប់រៀងរាល់ ៤០ វិនាទីម្ដងពីការធ្វើអត្តឃាត»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]