កណ្តាល ៖ ស្ថិតនៅក្នុងស្ថានភាពស្រវឹងដូចគ្នា បានបង្កឲ្យបុរសពីរនាក់ ដែលដើរជួបគ្នា នៅពាក់កណ្តាលផ្លូវ ហើយគ្រាន់តែ សម្លឹងមើលមុខគ្នា ធ្វើឲ្យអ្នកទាំងពីរ មានកំហឹងរៀងខ្លួន រហូតដល់ក្លាយទៅជា មានទំនាស់ពាក្យសំដី ធ្វើឲ្យបុរសទាំងពីរនាក់ នោះ បើកការប្រយុទ្ធដាក់គ្នា ដោយម្នាក់ចូលពេទ្យ និងម្នាក់ទៀតចូលគុក ។

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង ១៣ និង ៣០នាទី នៅចំណុចផ្លូវលំ ភូមិចន្លក់  ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល  មានបុរស ម្នាក់ឈ្មោះ លី កាណា ហៅ លីយូ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ក្នុងកន្លែងនៅទីតាំងខាងលើ បានដើរតាមផ្លូវលំ បំណងទៅបាញ់ថ្នាំបន្លែ ស្រាប់តែបានជួបនឹងជនរងគ្រោះ ឈ្មោះ តឹម ទុំ អាយុ ៦០ឆ្នាំ កំពុងដើរតាមផ្លូវ ដូចគ្នា ដោយមានកាន់បាវពណ៌សមួយ ក្នុងនោះមានរណា ១ ពូថៅ១ និងកាំបិតផ្គាក់១ ដោយអ្នកទាំងពីរ មានសភាព ស្រវឹង រៀងៗខ្លួន ក៏កើតមានទំនាស់ពាក្យសំដីនឹងគ្នា ពេលនោះជនរងគ្រោះ បានយកពូថៅទៅ កាប់លើ ជនសង្ស័យ ត្រូវចំគល់ មេដៃខាងឆ្វេង បណ្តាលឲ្យមានរបួសប្រវែង ៥ សង់ទីម៉ែត្រ ហើយជនសង្ស័យ ក៏បានយកកាំបិតផ្គាក់ របស់ជនរង គ្រោះ ទៅ កាប់ លើជនរងគ្រោះវិញ ចំនួន ៣ កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ដោយត្រូវចំកែងដៃស្តាំ ១ កាំបិត ប្រវែង ១២ សង់ទីម៉ែត្រ ចំ ប្រអប់ដៃ ឆ្វេង ១ កាំបិត ប្រវែង ៩ សង់ទីម៉ែត្រ និងចំគល់ភ្លៅជើងខាងស្តាំ ១ កាំបិត ប្រវែង២០សង់ទីម៉ែត្រ  ។

ករណីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គគីរទទួលព័ត៌មានបាន ក៏ចុះទៅដល់កន្លែងកើតហេតុ បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាល ស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នង ការដ្ឋាននគរបាល ខេត្តកណ្តាល ចំណែកជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ៕

ដោយៈ អេង គឹមជាង

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]