កោះកុងៈ ស្រ្តីម្នាក់ បានរងរបួសជាទម្ងន់ ហើយត្រូវបាន គេបញ្ជូនបន្ត មកដល់មន្ទីរពេទ្យ កាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីត្រូវប្តី របស់នាង យកកាំបិតប៉័ងតោ កាប់ជាបន្តបន្ទាប់ នៅក្នុងផ្ទះរបស់ពួកគេ ស្ថិតក្នុង ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង កាលពីវេលា ម៉ោង៧ និង៣០នាទី យប់ ថ្ងៃទី១៧ ខែមីនា កន្លងទៅ។

អំពើហឹង្សា ក្នុងគ្រួសារមួយនេះ ត្រូវបានគេអះអាងថា បានកើតឡើង ព្រោះតែរឿងប្រច័ណ្ឌ បន្ទាប់ពី បុរសជាប្តី ត្រឡប់មកពី នេសាទត្រី នៅតំបន់ស្រែអំបិល បន្ទាប់ពីចាកចេញ ចោលប្រពន្ធ អស់រយៈពេលជិត ៣ខែមក។

ប្រភពព័ត៌មាន ពីអ្នកដឹងហេតុការណ៍ បានឱ្យដឹងថា ស្រ្តីរងគ្រោះ មានឈ្មោះ សឹង ព្រៀង អាយុ៤៤ឆ្នាំ ជាអតីត អ្នកលក់បបរ នៅមុខរោងចក្រ ស្ទឹងហាវ ខេត្តកោះកុង ។ ជនបង្កជាប្តី មានឈ្មោះ អាត ធី អាយុ៤៧ឆ្នាំ ជាអ្នក ប្រកបមុខរបរនេសាទត្រី នៅខេត្តកោះកុង ។ ប្រភពដដែល បានអះអាងថា កាលពី៣ខែមុន បុរសជាប្តី ធ្លាប់បានកើតរោគប្រច័ណ្ឌ ជាមួយប្រពន្ធម្តងរួចទៅហើយ ខណៈដែលស្រ្តី សឹង ព្រៀង លក់បបរ នៅខាងមុខ រោងចក្រ ស្ទឹងហាវ ហើយក៏កើតជម្លោះរហូតដល់ ឈប់ឱ្យប្រពន្ធលក់បបរទៀត និងឱ្យនៅចាំតែផ្ទះ បើទោះជា ពេលនេះ ពួកគេ ទាំង២នាក់ មានកូនចំនួន៥នាក់ រួមគ្នាហើយក៏ដោយ ។

ប្រភពខាងលើ បានបន្តទៀតថា ក្រោយមកបុរសជាប្តី បានទៅនេសាទ អស់រយៈពេលជិត៣ខែ ក៏ត្រឡប់មកវិញ ទំនងជាកើតរឿងប្រច័ណ្ឌម្តងទៀត គ្រាន់តែមកដល់ មិនទាន់បានអង្គុយក្តៅគូថផង ក៏យកកាំបិតប៉័ងតោ កាប់ប្រពន្ធ ជាបន្តបន្ទាប់ បណ្តាលឱ្យរងរបួសជាទម្ងន់ ។ ភ្លាមៗនោះ កូនពៅរបស់ពួកគេ បានឡើងទៅសួរតែ ត្រូវឳពុកប្រាប់ថាមិនមានរឿងអ្វីទេ លុះចូលទៅក្នុងបន្ទប់ ក៏ស្រាប់តែឃើញម្តាយ ដេកដួលលើថ្លុកឈាម ក៏ស្រែកឆោរឡោ ឱ្យគេជួយ ហើយក៏ត្រូវបាន បញ្ជូននារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែក ស្រែអំបិលតែម្តង ។ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ ស្រ្តីរងគ្រោះ ក៏ត្រូវបានគេបញ្ជូន មកកាន់មន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ តែម្តងទៅ ។ ចំណែកជនបង្ក ក្រោយពេលកើតហេតុ ក៏បានរត់គេចខ្លួនបាត់ ប៉ុន្តែទោះជាយ៉ាងណា ពេលនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវ ចាប់ខ្លួន ៕

ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]