ភ្នំពេញ  ៖ ករណីគ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយមន្ដ្រីយោធាមួយរូប ស្រវឹងស្រា ហើយបើករថយន្ដឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខ.ម ០១.២.២៨៥៩ យ៉ាងលឿនទៅបុកបង្គោលដាក់ច្រវ៉ាក់ សម្រាប់ផ្ញើកង់ ម៉ូតូ  ខាងកើតផ្សារធំថ្មី កាល ពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៣ ទីស្ថិតក្នុងសង្កាត់ផ្សារ ថ្មីទី១ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ដឡង់គ្រីស័រមួយគ្រឿងដែលបើកបរ ដោយមន្ដ្រី យោធា អាយុជាង៤០ឆ្នាំ រួមជាមួយប្រពន្ធ និងកូនតូចម្នាក់ ផងនោះ បើកតាមបណ្ដោយ ផ្លូវលេខ១៣០ ពីកើតមកលិចលុះមកដល់ ចំណុចកែងផ្លូវលេខ៥៣ ក៏បានជ្រុលទៅបុក បង្គោលដាក់ច្រវ៉ាក់ តែម្ដង ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយបុករះ រួចមក មន្ដ្រីយោធាខាងលើមិនបានឈប់ ទទួលខុសត្រូវនោះទេ ហើយបន្ថែមល្បឿន បើករត់រហូតដល់ភ្លើងស្ដុបផ្សារដីហុយ តាម បណ្ដោយផ្លូវលេខ១៩៨៦ ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្ដង ។

ប្រភពព័ត៌មានបានបន្ដថា ក្រោយសមត្ថ កិច្ចចាប់បានអ្នកបើកបររថយន្ដដែលគេដឹង ថា ជាមន្ដ្រីយោធានោះ បាននិយាយថា រូប គាត់បានសងប្រាក់នៃការ បើកបុកបង្គោល ច្រវ៉ាក់នោះចំនួន ១០០ដុល្លារ រួចហើយ ម៉េចបានជាតាមចាប់រថយន្ដរបស់គេទៀត ហើយរថយន្ដឡង់គ្រីស័រ ពាក់ស្លាកលេខ ខេមរភូមិន្ទខាងលើនេះ គឺជារថយន្ដរបស់ មេគេ ដូច្នេះចង់យកទៅណាក៏យកទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចបានយក រថយន្ដឡង់គ្រីស័រខាងលើមកប្រគល់ជូននគរបាលខណ្ឌដូនពេញ ហើយនគរបាលខណ្ឌដូន ពេញ ក៏បានប្រគល់ទៅចរាចរណ៍រាជធានី ភ្នំពេញចាត់ការបន្ដ ៕

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]