គ្រាន់តែចុះកម្មសិក្សានៅអង្គការណាសាបាន៣ថ្ងៃ យុវជនម្នាក់អាចរកឃើញភពថ្មីមួយភ្លាម

//s5.kh1.co/2f/2fa9d634d696ab30fc1dcde1e5b004e8e4b1d95b.png
បច្ចេកវិទ្យា

 ១០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សិស្សវិទ្យាល័យម្នាក់បានចុះកម្មសិក្សានៅអង្គការណាសា និងបានរកឃើញភពមួយដែលគេពិបាកនឹងមើលវា។

អាមេរិក៖ យុវជន Wolf Cukier អាយុ១៧ឆ្នាំជាសិស្សមកពីវិទ្យាល័យ Scarsdale ក្នុងទីក្រុងញូវយ៉ក ដែលបានរកឃើញភពថ្មីមួយនៅអំឡុងពេលចុះកម្មសិក្សានៅអង្គការណាសា។ កាលពីរដូវក្ដៅកន្លងទៅ Cukier បានចុះកម្មសិក្សានៅមជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់អង្គការណាសា ហើយកិច្ចការដែលយុវជននេះត្រូវធ្វើដំបូងគេគឺការស្វែងរកភពក្រៅប្រព័ន្ធព្រះអាទិត្យតាមរយៈកែវយឹតអវកាសរបស់ផ្កាយរណប TESS (Transiting Exoplanet Survey Satellite)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យុវជន Wolf Cukier
យុវជន Wolf Cukier

រយៈពេលបីថ្ងៃជាមួយបេសកកម្មមួយនេះ យុវជនរូបនេះបានឆ្លុះឃើញប្រព័ន្ធផ្កាយ TOI 1338 ដែលមានចម្ងាយ១,៣០០ឆ្នាំពន្លឺពីផែនដី ហើយពេលនោះ Cukier បានឃើញអ្វីមួយដែលកំពុងស្ថិតនៅលើគន្លងផ្កាយពីរដួងនិងបានឆ្លងកាត់ពន្លឺរបស់ពួកវា។ យុវជនរូបនេះបានកត់សម្គាល់ ហើយបានប្រាប់រឿងនេះទៅប្រធានរបស់ខ្លួនអំពីព័ត៌មានដែលខ្លួនទើបរកឃើញ។ បន្ទាប់ពីនោះមក ពួកគេបានចាប់ផ្ដើមបើកការស្រាវជ្រាវមួយដែលចំណាយពេលអស់ជាច្រើនសប្ដាហ៍ ហើយជាលទ្ធផល Cukier បានរកឃើញភពមួយដែលមានទំហំធំជាងផែនដីរបស់យើង៦.៩ដង។ បើតាមការរាយការណ៍របស់សារព័ត៌មាន CBS បានឲ្យដឹងថាវាជាភពមួយដែលវិលជុំវិញតារាភ្លោះ ហើយគេពិបាកមើលវាណាស់។

ភពដែលរកឃើញដោយ  Cukier កំពុងវិលជុំវិញតារាភ្លោះ
ភពដែលរកឃើញដោយ  Cukier កំពុងវិលជុំវិញតារាភ្លោះ

Cukier បានលាក់ការសម្ងាត់មួយនេះរហូតមកដល់សប្ដាហ៍នេះ ទើបត្រូវបានគេលើកយកមកពិភាក្សានៅកិច្ចប្រជុំលើកទី២៣៥នៃសមាគមតារាវិទូអាមេរិកក្នុងទីក្រុងហូណូលូលូ។ Cukier បាននិយាយថានេះគ្រាន់តែជាជំហានដំបូងនៃការចាប់ផ្ដើមសិក្សាពីតារា ហើយយុវជនរូបនេះគ្រោងនឹងសិក្សាជំនាញរូបវិទ្យាឬរូបវិទ្យាអវកាសនៅមហាវិទ្យាល័យក្នុងឆ្នាំក្រោយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T