អាមេរិក៖ ឥឡូវនេះយើងឃើញថាបញ្ញាសិប្បនិម្មិត AI នឹងត្រៀមដើរតួនាទីយ៉ាងច្រើននៅក្នុងដំណើរការផលិតខ្សែភាពយន្ត។ ផលិតកម្ម Warner Bros. Pictures បានបង្ហាញពីផែនការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន Cinelytic ដើម្បីជួយដល់ការសម្រេចចិត្តលើការជ្រើសរើសខ្សែភាពយន្តក្នុងកំឡុងដំណើរការចាប់ផ្ដើមដំបូង។ ប្រព័ន្ធបញ្ញាសប្បនិម្មិតនឹងជួយផលិតកម្មក្នុងការទស្សទាយពីប្រាក់ចំណូលដែលអាចរកបានពីការចាក់បញ្ចាំង ការវាយតម្លៃនៃខ្សែភាពយន្ត(ផ្កាយ) ដែលអាចទទួលបានពីអ្នកគាំទ្រ និងពេលណាគួរតែចាក់បញ្ចាំងរឿងជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាក៏ដោយផលិតកម្មនៅតែមានសិទ្ធិជ្រើសយកខ្សែភាពយន្តដើម្បីផលិត ប៉ុន្តែ AI អាចជួយកំណត់ពេលវេលានៃការចាក់បញ្ចាំងថាតើវាជាខ្សែភាពយន្តសម្រាប់រដូវក្ដៅឬវាគួរតែចេញនៅដើមឆ្នាំ។ អ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់បានឃើញការសម្រេចចិត្តបែបនេះពីមុនមកទេ នៅក្នុងវិស័យខ្សែភាពយន្តរបស់ហូលីវូដ ដែលនេះបានឈានទៅរកយុគសម័យថ្មីមួយទៀតនៃការផលិតខ្សែភាពយន្ត។ ទម្រង់ស្វ័យប្រវត្តិកម្មដូច្នេះបានជួយកាត់បន្ថយការងារមិនសំខាន់ និងជួយឲ្យមនុស្សមានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតគំនិតច្នៃប្រឌិតផ្សេងទៀត៕