រាជធានីភ្នំពេញ ៖ មេការសំណង់ម្នាក់ បានត្រូវក្រុមកូនអ្នកមាន ជិះរថយន្ដស៊េរីទំនើបបាញ់របួសជើង ហើយនាំគ្នាបើករថយន្ដគេចខ្លួនទៅបាត់ ក្រោយពីមានទំនាស់ពាក្យសម្ដី រហូតដល់វាយតប់គ្នាក្នុង ក្លិបកំសាន្ដហ្វីវ័រ ស្ថិតក្នុងផ្សារផេនសល វិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៦ មីនា ។

យោងតាមសាក្សីដែលឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា នៅវេលាម៉ោងប្រហែល៨យប់ថ្ងៃទី១៦ មីនា មានបុរសមួយក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូបួនគ្រឿងបានចូលមកផឹកស៊ីនៅក្លិបកំសាន្ដក្នុងផ្សារផេនសល លុះដល់ម៉ោងជាង៩យប់ថ្ងៃដដែលក៏មានទំនាស់ពាក្យសម្ដីជាមួយបុរសមួយក្រុមទៀត តែត្រូវបានគេជួយឃាត់ក៏បានបញ្ចប់ ។ បន្ដិចក្រោយមកក៏កើតជម្លោះម្ដងទៀត ដោយសារមានការភ័ន្ដច្រលំគ្នា ព្រោះស្មានថា ជាអ្នកគិតលុយ ហើយខ្វះការយោគយល់គ្នា ក៏ឈានដល់ការវាយតប់គ្នាដោយយកកែវ និងដបស្រាគប់គ្នាទៅវិញទៅមក ផ្អើលរត់ជាន់ជើងក្នុងក្លិប រួចចែកផ្លូវគ្នាចុះមកក្រោមដើរ ទៅយកយានជំនិះរៀងៗខ្លួន ។

ប្រភពដដែលបន្ដថា ប៉ុន្ដែខណៈពេលបុរសទាំង២ក្រុម ម្ខាងទៅយកម៉ូតូ ហើយម្ខាងទៀតទៅយករថយន្ដនោះបានប៉ះទង្គិច ពាក្យសម្ដីគ្នារហូតដល់បុរសម្នាក់ដែលជាម្ចាស់រថយន្ដ ស៊េរីទំនើបម៉ាករ៉ង់រ៉ូវែរ ពណ៌ខ្មៅ ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ ផ្ញុចដីមួយគ្រាប់ជាការគំរាមដល់ភាគីខាងម៉ូតូ តែគ្រាប់កាំភ្លើងបានផ្លាតទៅត្រូវកែង ជើងខាងឆ្វេងបុរសម្នាក់ បណ្ដាលឱ្យរបួស ។ ក្រោយពីដឹងថា បាញ់ត្រូវមនុស្សម្នាក់របួស ជនដៃដល់និងបក្សពួកបាននាំគ្នាឡើង ជិះរថយន្ដបីគ្រឿងមានម៉ាកធុនត្រា ឡង់គ្រីស្ស័រ និងរ៉ង់រ៉ូវែរ បើកគេចខ្លួនទៅបាត់ ហើយជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចមូលដ្ឋានសង្កាត់ចតុមុខឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍បាញ់អនាធិបតេយ្យ បណ្ដាលឱ្យរបួសនេះឈ្មោះស្រេង រ៉ាវុធ អាយុ២៨ឆ្នាំ ជាមេការសំណង់ ស្នាក់នៅផ្ទះលេខ១២Eo ផ្លូវលេខ១៧០ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។ ឯខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណ តែរថយន្ដដែលជននោះជិះគេចខ្លួនម៉ាករ៉ង់រ៉ូវែរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-6911 ។ នៅព្រឹកថ្ងៃទី១៧ មីនា ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ ហើយលេខរថយន្ដនិងខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចកំពុងតាមប្រមាញ់ ។ មហាជនដែលតាមដានហេតុការណ៍នេះសង្ឃឹមថា ខ្មាន់កាំភ្លើងដែលស្ថិតក្នុងគ្រួសារអ្នកមានទ្រព្យ តែអន់មារយាទនឹងត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការមិនខានឡើយ ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី២០ កុម្ភៈ កន្លងទៅ យុវជនទំនើងពីរក្រុម ជិះរថយន្ដម៉ាករ៉ង់រ៉ូវែរពីរគ្រឿងដេញគ្នា តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ និងបាញ់បោះយ៉ាងអនាធិបតេយ្យ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល ពេញរាជធានីភ្នំពេញ ប៉ុន្ដែមិនបណ្ដាលឱ្យមានមនុស្សរងរបួស ក្នុងការបាញ់បោះសេរីនោះទេ ហើយក្រុមយុវជនទំនើងបាញ់បោះសេរីនោះ រហូតមកដល់ថ្ងៃនេះមិនទាន់ត្រូវឃាត់ខ្លួនបាននៅឡើយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]