មន្ត្រីសាធារណៈការ៖ ម្ចាស់ឡានចង់ប្រើលេខពិសេសឬ​អត់​​ ជាសិទ្ធិ កុំបន្ទោសក្រសួងថាចង់បានលុយ

//s5.kh1.co/00/003f78e57767286f4cd57f40ebc6e315a4789cd0.jpg
សង្គម

 ០៨-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រសួង​សាធារ​ណៈការ និង​ដឹក​ជញ្ជូន ថ្មីៗនេះ បាន​ប្រកាស​បើក​ឲ្យ​ដំណើរ​ការ​ ការចុះ​បញ្ជី​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត ​ដោយ​មាន​តម្លៃ​ចាប់​ពី​២​លាន​រៀល​ ឬ​ ​៥០០​ដុល្លារអាមេរិក​​ឡើង​ទៅ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះព្រោងព្រាតលើប្រព័ន្ធអ៊ីនធឺណែតថា ការចុះឈ្មោះខ្លះមានតម្លៃថ្លៃហួសដល់រាប់ម៉ឺនដុល្លារ ហើយក្រៅពីនេះបានរិះគន់ក្រសួងថា ការធ្វើបែបហាក់បីដូចជាចង់គាបសង្កត់ញើសឈាមពលរដ្ឋ។

តបនឹងមតិរិះគន់ចំៗពីសំណាក់អ្នកទាំងនោះ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជួន លោក វ៉ា ស៊ឹមសូរិយា បាន​ប្រាប់Khmerloadនៅថ្ងៃ០៨ មករានេះថា ការ​ដាក់​ឲ្យ​ដំណើរការ ការចុះបញ្ជី​ស្លាក​លេខ​ពិសេស​នេះ​ គឺឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋដែលចង់បានលេខពីសេសៗប៉ុណ្ណោះ។

លោកបញ្ជាក់យ៉ាងច្បាស់ៗថា៖«មូល​ហេតុ​ដែល​ក្រសួង​នឹក​ឃើញ​វិធី​សាស្ត្រ​ចេញ​ស្លាកលេខ​ពិសេស​នេះ គឺ​ដោយ​យោង​លើ​ការ​ស្ទង់​មតិ​ដែល​បង្ហាញថា ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូធារ ឬ​អ្នក​ស៊ីវិល័យ ជាច្រើន​ចង់​បាន​ស្លាក​លេខ​ពិសេស​នេះ។​ អាជ្ញាធរមិនបានបង្ខំម្ចាស់រថយន្តគ្រប់រូប ឲ្យប្រើស្លាកពិសេសដែលគេកំពុងដេញថ្លៃនោះឯណា ការពិតក្រសួងធ្វើតម្រូវតាមសំណូមពរអ្នកចង់បានទេតើ។ អ្នកដែលចង់បានក៏ចុះបញ្ជីទៅ ចំណែកអ្នកមិនចង់បានអាចប្រើស្លាកលេខធម្មតាដែលមានស្រាប់បាន អ៊ឹចឹងហើយកុំបន្ទោសក្រសួងថាចង់បានលុយ។»

អ្នកនាំពាក្យរូបនេះបង្ហើបថា ការដេញថ្លៃលើឈ្មោះពិសេស នឹងមិនមានការជាន់គ្នាឡើយព្រោះបុគ្គលណាហ៊ានឡើងថ្លៃខ្ពស់ជាងគេ បុគ្គលនោះនឹងទទួលបានស្លាកលេខនោះ។ លោកថា វាមានភាពយុត្តិ​ធម៌​ហើយដែលមានការដេញថ្លៃ ហើយមិនមែនមានតែខ្មែរទេដែលធ្វើបែបនោះ សូម្បីនៅប្រទេសថៃក៏មានដែរ។ ​ម្យ៉ាង​ទៀត ​រដ្ឋ​ក៏អាច​លក់​ស្លាកលេខ​នេះ​បាន​តម្លៃខ្ពស់​ដើម្បី​ប្រមូល​ចំណូល​ចូល​រដ្ឋ​ផង​ដែរ​។​​

សូមបញ្ជាក់ថា សម្រាប់​តម្លៃ​នៃស្លាក​លេខពិសេស​នេះ​ គឺ​ម្ចាស់​រថយន្ត​អាច​បញ្ជាទិញ​​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន ​ឬ​ឈ្មោះ​ពិសេស​ណា​មួយ​សម្រាប់​សំគាល់​អត្តសញ្ញាណ​ខ្លួន​ឯង​ ហើយ​នៅ​ពេល​លក់​រថយន្ត​ឬ​ប្តូរ​ម្ចាស់​កម្ម​សិទ្ធិ គឺ​អាច​ដក​ហូត​ស្លាក​លេខនោះ​ចេញ​ដោយ​រក្សា​ទុក​ប្រើ​ផ្ទាល់​ខ្លួន​អស់​មួយជីវិត៕

រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T