២០២០ គន្លឹះខ្លីៗសាមញ្ញៗ អនុវត្តសម្រាប់សុខភាពផ្លូវចិត្ត ពីអ្នកជំនាញ!

//s5.kh1.co/46/46694d976690b70ef96b8ee88d517ad7e1eb6ffb.jpg
នារី

 ០៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សុខភាព​​ល្អទាំងផ្លូវ​កាយ​ ទាំងផ្លូវ​ចិត្ត​ សុទ្ធ​សឹង​ជា​រឿង​សំខាន់ ព្រោះ​ផ្នែក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​​ និងមាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក នេះ​បើ​តាម​​ការ​បក​ស្រាយ​​បែប​វិទ្យាសាស្រ្ត​។ សុខភាព​ផ្លូវ​ចិត្ត​​ល្អ​ប្រសើរ​ ជា​ចំណែក​មួយ​ជួយ​ឱ្យ​​សុខភាព​នៃ​រាង​កាយ​បាន​ល្អ​ប្រសើរ​ដូច​គ្នា​ផង​ដែរ។ ជា​​​ការ​​ចែក​រំលែក​​​ក្នុង​ឆ្នាំ​២០២០ លោក Richard Davidson អ្នក​វិទ្យាសាស្រ្ត​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ និង​ជា​នាយក​នៃ​មជ្ឈម​ណ្ឌល​សុខភាព​ផ្លូវ​ចិត្ត​ នៃ​សាកលវិទ្យាល័យ​ Wisconsin-Madison សហរដ្ឋអាម៉េរិក​ បាន​ណែ​​នាំ​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១​. អនុវត្ត​ការ​គិត​បែប​វិជ្ជមាន​

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​គិត​បែប​វិជ្ជមាន​ផ្តល់​ផល​ល្អ​​ដល់​សុខភាព​ ដោយ​វា​បាន​​បន្ថយ​​អត្រា​​ជំងឺ​បេះ​ដូង​​មនុស្ស​ដល់​ទៅ​៣០​ភាគរយ។ ការ​គិត​​វិជ្ជមាន​ត្រង់​នេះ សម្តៅ​លើ​ការ​លើក​ទឹក​ចិត្ត​​​ខ្លួន​ឯង ទោះ​ជួប​ប្រទះ​បញ្ហា​​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ​​ចៀស​​មិន​ផុត​ក៏​ដោយ។ លោក Richard បាន​លើក​ឡើង​​ថា ការ​អនុវត្ត​ការ​គិត​វិជ្ជមាន​ត្រឹម​១៥​នាទី​/១សប្តាហ៍ ជួយ​ឱ្យ​​ផ្លូវ​ចិត្ត​ប្រសើរ​ មិន​បន្ទោស​ខ្លួន​ឯង និង​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​បាន​​ដោយ​មាន​ប្រសិទ្ធិភាព​ទៀត​ផង​។

២. ធ្វើ​ការងារ​ដោយ​ក្តី​ស្រលាញ់​​​ពី​​ចិត្ត​

ការងារ​ស្ម័គ្រ​ចិត្ត​ ការ​ជួយ​ការងារ​សង្គម​ ធ្វើ​ការ​ងារ​ដោយ​​ចេញ​ពី​ចិត្ត អ្នក​វិទ្យាសាស្រ្ត​រក​ឃើញ​ថា បាន​ជំរុញ​ឱ្យ​ខួរ​ក្បាល​បញ្ចេញ​អ័រម៉ូន​​ល្អ​ៗ​ច្រើន ធ្វើ​​ឱ្យ​អារម្មណ៍​បាន​ប្រសើរ​​ទៅ​តាម​នោះ​ដែរ។ ដូច​នេះ​ការងារ​ដែល​ជួយ​ដល់​អ្នក​ដទៃ ដោយ​ក្តី​ស្រលាញ់​ បាន​ផ្តល់​ផល​វិជ្ជមាន​ទាំង​ខ្លួន​ឯង​ផង និង​ជា​ប្រយោជន៍​ដល់​សង្គម​រស់​នៅ​ផង​។

៣. ពេញ​ចិត្តនូវអ្វីដែល​ខ្លួន​មាន​

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​អរគុណ​ដល់​អ្វី​ដែល​ខ្លួន​មាន ជា​ស្មារតី​ដឹង​ខ្លួន ​ជួយ​ឱ្យ​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ ប្រឆាំង​នឹង​ដំណើរ​ធ្លាក់​ទឹក​ចិត្ត ព្រម​ទាំង​ជំរុញការ​គិត​វិជ្ជមាន។ អ្នក​ជំនាញ​សហរដ្ឋអាមេរិក​ខាង​លើ​បាន​និយាយ​ថា របៀប​ដាស់​តឿន​ខ្លួន​ឯង ឱ្យ​កើត​មាន​ភាព​​ថ្លែង​អំណរ​គុណ​ក្នុង​ចិត្ត​​នោះ គឺ​ការ​សរសេរ​​វា​ឡើង​នូវ​បទ​ពិសោធ​ល្អ​ៗ​​ជា​សកម្មភាព​​ប្រចាំ​ថ្ងៃ​ដែល​បាន​ធ្វើ មិន​ថា​ក្នុង​កំណត់​ហេតុ ឬ​ការ​កត់​ត្រា​ផ្សេង​ៗ​ ទោះ​តិច​ក្តី​ ក៏​បាន​ជួយ​​ដល់​សុខភាព​ផ្លូវ​ចិត្ត​ផង​​ដែរ។

៤. បង្កើន​ទំនាក់​ទំនង​ល្អ​ៗ​

ផ្អែក​តាម​លទ្ធផល​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Harvard បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​មាន​ទំនាក់​ទំនង​ល្អ​ៗ ជា​មួយ​មិត្តភក្តិ​ បង​ប្អូន គ្រួសារ នឹង​ទទួល​បាន​​អារម្មណ៍​កក់​ក្តៅ និង​ភាព​សប្បាយ​រីក​រាយ​ច្រើន។ ដូច​នេះ សារ​ពី លោក Richard គឺ​ការ​បង្កើន​ទំនាក់​ទំនង​ និង​អានុស្សាវរីយ៍​ល្អ​ៗ ជា​មួយ​គ្រួសារ​ បង​ប្អូន និង​មិត្ត​ភក្តិ​តាម​ដែល​អាច​ធ្វើ​បាន។

៥. បង្កើត​គោល​ដៅ​ច្បាស់​លាស់

គោល​ដៅ​កាន់​តែ​ច្បាស់ ប្រៀប​ដូច​​​ការ​បង្កើន​អត្ថន័យ​ដល់​ជីវិត។ ការ​សិក្សា​ពី​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ថា នៅ​ពេល​មនុស្ស​មាន​គោលដៅ​​​ធ្វើ​អ្វី​​មួយ​ច្បាស់​លាស់ គឺ​បាន​រួម​ចំណែក​​ដល់​សុខមាល​ភាព​របស់​ពួក​គេ ពោល​គឺ​​ជួយ​បង្កើន​ទំនុក​ចិត្ត​ដល់​សាមី​ខ្លួន ព្រម​ទាំង​​បា​ន​ជំរុញ​ចិត្ត​ឱ្យ​ពួក​គេ​ធ្វើ​ការ​ទាំង​នោះ​ដោយ​​ចិត្ត​សប្បាយ​រីក​រាយ​ ប្រកប​ដោយ​លទ្ធផល​ល្អ៕ ​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T