កណ្តាល៖ គ្រោះថ្នាក់ចរាចរមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋ ដោយសារតែ មានរថយន្តប្រភេទ ធុនធ្ងន់មួយគ្រឿង បានដាច់ហ្វ្រាំង លើស្ពានព្រែកតាមាក់ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ហើយក៏បានបណ្តាលឲ្យព្រូឡាន ម្នាក់នៅក្នុងរថយន្តនោះ រងរបួសធ្ងន់ និងបាក់ បង្គោលសសរ អស់២០ដើមផងដែរ។

យោងតាមរបាយការណ៍របស់អនុសេនីយ៍ឯក នៅ សុខន អធិការរងនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ នៅម៉ោង៩និង៤០នាទី ព្រឹក លើផ្លូវជាតិ លេខ៨ ត្រង់ចំណុចរង្វង់ស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឡើងដោយរថយន្ត ម៉ាក់ KIA ប្រភេទធុនស្ទូច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣B ៣០៥៣ បើកបរដោយ ឈ្មោះ ណៃ សុផល ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិខ្ចោក ឃុំពពឹល ស្រុកព្រៃវែង ខេត្តព្រៃវែង ក្នុងនោះមាន អ្នករួមដំណើរម្នាក់បានរងរបួសធ្ងន់។

របាយការណ៍នោះបន្តថា រថយន្តបើកបរក្នុងទិសដៅពីលិច ទៅកើត ចុះពីលើស្ពាន បានដាច់ហ្វ្រាំងជ្រុលទៅបុក រង្វង់មូលដែលកំពុងតែសាងសងជាប់នៅចុងស្ពានស្ថិតនៅភូមិព្រែកតាមាក់ ដោយរថយន្តបានឡើង លើខឿន រង្វង់មូលតែម្តង និងទៅបុកសសរបង្គោលដាច់ធ្លាក់ពីរថយន្តរមៀលទៅលើផ្លូវ២ដើម និង១៨ដើមទៀតបាន ធ្លាក់ក្បែរថយន្ត និងក៏បានធ្វើឲ្យកម្មករម្នាក់ធ្លាក់ពីលើរថយន្តបានរងរបួសធ្ងន់។

ករណីនេះបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿន ហើយអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ស្រមោលតែម្តង៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]