ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយរវាងរថយន្តហ៊ីយ៉ាន់ដាយពណ៌ស បុកគ្នាពេញទំហឹងជាមួយរថយន្ត ហ៊ីដាយពណ៌ខៀវឆ្នូតសដឹក ផ្លែស្វាយទម្ងន់ជាង៨តោន ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យស្រ្តីចំណាស់ ម្នាក់ស្លាប់ភ្លាមៗ នៅ នឹងកន្លែង ចំណែកក្មេងស្រីម្នាក់អាយុ១២ឆ្នាំ បានស្លាប់តាមផ្លូវ ខណៈគេបញ្ជូនតាមរថយន្ត សង្គ្រោះយកទៅមន្ទីរពេទ្យខេត្ត បាត់ ដំបង ។

រីឯអ្នកបើកបររថយន្តរងរបួសធ្ងន់ទាំងសងខាង ដោយកៀបជាប់នឹងរថយន្តប្រហែលជាង១ម៉ោង ទើបមានរថយន្តស្ទូច មកទាញ ចេញពីគ្នា និងមួយសន្ទុះក្រោយមក ទើបអាចគាស់អ្នកបើកបររថយន្ត ទាំងពីរនាក់ចេញពីរថយន្តបាន និងមនុស្សប្រុសស្រី ចំនួន ៤នាក់ទៀត រងរបួសស្រាល ត្រូវបានគេបញ្ជូនតាមរថយន្តយក ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី១៦ មីនា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចច្រកសែងឈ្លូស នៅខាងកើតសាខាគយខេត្តប៉ៃលិនប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង ប៉ៃលិន ។ ប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះគីម ឡា អាយុ២៨ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុប្រហែលជាម៉ោងជាង៧ព្រឹក ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សមួយគ្រឿង មានមនុស្សក្មេងចាស់ប្រុសស្រីចំនួន៦នាក់ ទាំងអ្នកបើកបរក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ឃើញមានរថយន្តដឹកទឹកកកមួយគ្រឿងកំពុងចតនៅលើចិញ្ចើមផ្លូវដាក់ ទឹកកកឱ្យម៉ូយនៅខាងស្តាំដៃ ហើយក៏មានភ្លៀងរលឹមស្រិចៗផងដែរ ។

ប្រភពបានបន្តទៀតថា ស្របពេលនោះរថយន្តបង្កហេតុបានមកជិតដល់រថយន្ត ដឹកទឹកកកក៏ផ្ទុះកង់មុខផ្នែកខាងឆ្វេង ពេលនោះដោយមិនអាចគេចទៅណារួច ក៏ជ្រុលទៅខាងឆ្វេងបុកជាមួយនឹងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវឆ្នូត សដឹកផ្លែស្វាយចំនួនជាង៨តោន ដែលគេបម្រុងដឹកយកទៅលក់នៅប្រទេសថៃ បណ្តាលឱ្យរថយន្តទាំងពីរកៀបជាប់គ្នាតែម្តង  ៕









បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]