ហេតុផលពីក្រោយការរិះគន់ចំៗលើពេទ្យកាល់ម៉ែត្រពីអ្នកជំងឺម្នាក់

//s5.kh1.co/bf/bf6a6829d2cd7b91bfb92c09b5ae21763b2f17a8.jpg
សង្គម

 ០៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការជជែកវែកញែកពីស្ថានភាពវិជ្ជាជីវៈ និងជំនាញរបស់ពេទ្យក្នុងស្រុក នៅតែជាបញ្ហា​ដ៏ក្តៅគគុក​មួយ​ក្នុងរង្វង់អ្នកត្រូវការសេវាសុខភាព។ នៅតែក្តៅត្រង់ថា ពលរដ្ឋមួយចំនួនហាក់បង្ហាញនូវការ​អស់ជំនឿចិត្តលើពេទ្យស្រុកខ្មែរ ខណៈពួកគេបានផ្សាយតាមបណ្តាញសង្គមនូវ​ភាពខ្វះចន្លោះ​របស់ពេទ្យ និងមន្ទីរពេទ្យធំៗមួយចំនួននៅកម្ពុជាជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កង្វះវិជ្ជាជីវៈ និងជំនាញមួយចំនួនពីសំណាក់គ្រូពេទ្យក្នុងស្រុក ដែលកើតឡើងកន្លងមកបាន​បង្កឲ្យ​មាន​ការ​បាត់បង់ជំនឿចិត្តពីសំណាក់អ្នកប្រើប្រាស់សេវាទាំងនោះ។ មិនតែប៉ុណ្ណោះទៀតសោត អ្នកដែលធ្លាប់ជួបប្រទះបញ្ហា គេអាចនឹងនិយាយតៗគ្នាថា​«ពេទ្យស្រុកខ្មែរ មួយណា ក៏ដូចមួយណា»។

កត្តាទាំងនោះហើយដែលជម្រុញឲ្យអ្នកជំងឺមួយចំនួនព្រួយបារម្ភថាបើព្យាបាលដោយប្រើសេវាពេទ្យ​ក្នុង​ស្រុក សុវត្ថិភាពអាចនឹងមិនបានដូចចិត្ត ដែលជាហេតុជម្រុញឲ្យអ្នកទាំងនោះសម្រេចចិត្ត​ជ្រើស​​យក​សេវាសុខាភិបាលនៅក្រៅប្រទេសជំនួសវិញ។

ជាក់ស្តែងកន្លងទៅនេះ មានសាច់ញាតិអ្នកជំងឺមួយរូបបានចេញមុខរិះគន់ចំៗលើមន្ទីរពេទ្យកាល់ម៉ែត្រ​យ៉ាងចាស់ដៃ។ នៅក្នុងវីដេអូរយៈពេលជិត២០នាទី បុរសម្នាក់បានបង្ហោះនិយាយ​ពីភាពមិន​ច្បាស់លាស់របស់វេជ្ជបណ្ឌិត​មួយចំនួនក្នុងមន្ទីរពេទ្យ កាល់ម៉ែត្រដែលពិនិត្យសុខភាពម្តាយលោក តែបែរជាបង្ហាញនូវភាពខ្វះជំនាញដោយប្រើពាក្យពេចន៍ថាសង្ស័យទៅលើអាការៈជំងឺ តែមិនបាន​បង្ហាញនូវភាពប្រាកដនិយមទៅវិញ។ លោកបន្ថែមថា ចំណែកចរិតរបស់ពេទ្យវិញហាក់បង្ហាញ​​នូវ​ការចង់បានថវិកាពីអ្នកជំងឺច្រើនជាងចង់ជួយសង្គ្រោះអាយុជីវិត។

សូមទស្សនានូវវីដេអូដែលលោកបកស្រាយ ហើយត្រូវបានទស្សនិកជនចែកចាយបន្ត៖

ជាការកត់សម្គាល់ បន្ទាប់ពីមានការបន្តចែកចាយយ៉ាងស្អេកស្កះដូច្នេះ គេឃើញមានការឆ្លើយតប​ពីក្រុមការងារទំនាក់ទំនងសាធារណៈមន្ទីរពេទ្យកាល់ម៉ែត ដោយបញ្ជាក់ថា៖ «ចំពោះវីដេអូដែលត្រូវបានគេបន្ត ចែករំលែកនេះ គឺត្រូវបានម្ខាស់ខ្លួនបង្ហោះលើបណ្តាញសង្គម​ជាច្រើន​ឆ្នាំមកហើយ។ ហើយម្ចាស់Post វីដេអូនៅក្នុងរឿងនេះ ក៏បានសុំទោសជាផ្លូវការមក​មន្ទីរពេទ្យរួច​ហើយដែរ ដោយហេតុថាជាព័ត៌មាន ក្លែងប្រឌិត បង្កប់ចេតនាមិនល្អ មកលើការ​ខិតខំប្រឹង​ប្រែងនៃការផ្តល់​សេវាជូនអ្នកជំងឺ ពីសំណាក់ក្រុមការងារជំនាញពហុឯកទេស ក្នុងភាពថ្លៃថ្នូរ និងខ្ពង់ខ្ពស់បំផុត។»

បន្ថែមលើនេះ មន្ទីរពេទ្យខាងលើបានណែនាំឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ពិនិត្យអោយបាន​គ្រប់ជ្រុង​ជ្រោយ​មុននឹងចែកចាយព័ត៌មានទាំឡាយ ដោយស្មារតីទទួលខុសត្រូវខ្ពស់​ទាំង​មនសិការ​វិជ្ជាជីវៈ និងផ្លូវច្បាប់។

យ៉ាងណាក៏ដោយ ការផ្សាយទាំងនោះបើទោះបីជារឿងពិត ឬមិនពិត តែក៏អាចជាចំណែកមួយ​ដែលធ្វើឲ្យពេទ្យ​ដែលមានសមត្ថភាពពិតប្រាកដក្នុងស្រុកខ្មែរកំពុងមានការព្រួយបារម្ភៗ ព្រោះថាពលរដ្ឋដែលបានដឹងឮកាន់តែមានភាពខ្លាចរអាលើប្រសិទ្ធិភាព និងសមត្ថភាពរបស់​ពេទ្យខ្មែរ ខណៈមានការចែកចាយព័ត៌មានព្រោងព្រាតលើបណ្តាញសង្គម។

ជាក្តីបារម្ភមួយផងដែរ ខណៈមានមតិស្រដៀងៗគ្នារបស់អ្នកទស្សនាថា បើពលរដ្ឋអស់ជំនឿ​មែននោះ ប្រាក់ចំណាយរបស់ខ្មែរនឹងរត់ចេញ​ពីប្រទេស​នេះ​ទៅកាន់ប្រទេសជិតខាង​ដូចទឹកបាក់​ទំនប់។ ចំណែកផលប៉ះពាល់សេដ្ឋកិច្ចតិច ឬច្រើនក៏អាច​កើតមាន​ដោយសារទង្វើរបស់ស្ថាប័ន និងគ្រូពេទ្យ​​​មួយចំនួន៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T