រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​​បុក​ឆ្កែ​ដែល​កំពុង​រត់​ប្រលែង​គ្នា​បណ្ដាល​ឱ្យ​ឆ្កែ​ងាប់​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ ចំណែកអ្នក​ជិះដួល​នៅ​កណ្ដាលផ្លូវ​សន្លប់​ស្ដូកស្ដឹង កាលពីវេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​២៧ មីនា នៅ​តាមវិថី​ព្រះ​នរោត្ដម​កែង​៣១០ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​ស្គូ​ពី ពណ៌​ខ្មៅ ជិះ​ម្នាក់ឯង តាមវិថី​ព្រះ​នរោត្ដម​ពី​ជើង​ទៅ​ត្បូង ខណៈមក​ដល់​ផ្លូវកែង​៣១០ ស្រាប់តែមាន​ឆ្កែ​ពីរ​ក្បាល​ពណ៌​ស​ និង​ពណ៌​ក្រហម​ កំពុង​រត់​ប្រលែង​​គ្នា ស្រប​ពេល​នោះ​ម៉ូតូ​ជិះ​ទៅ​ដល់​ក្នុង​ល្បឿន​លឿន​អាង​តែ​យប់​ស្ងាត់​ផង​ជ្រុល​ទៅ​បុក​ឆ្កែ​ពណ៌​ស​បណ្ដាល​ឱ្យ​ខ្ទាត​ទៅ​ងាប់​នៅ​ចិញ្ចើម​ផ្លូវ ចំណែកអ្នក​បើក​បរ​ខ្ទាត​ពី​ឆ្កែ​ប្រមាណ​៧​ម៉ែត្រ​សន្លប់​ស្ដូកស្ដឹង រីឯ​ម៉ូតូ​មិន​មាន​រង​ការ​ខូចខាត​ទេ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ភ្លាមៗអ្នក​ឃើញ​ហេតុការណ៍​រវល់​តែ​ទូរស័ព្ទ​ហៅ​រថយន្ដ​សង្គ្រោះ​ដឹកជនរងគ្រោះ​យក​ទៅ​ព្យា​បាល ស្រាប់តែ​មាន​ម៉ូតូឌុប​មួយ​គ្រឿង​ឌុ​ប​នារី​២​នាក់​ជិះ​មក​ដល់​ឈប់​លើក​ឆ្កែ​ងាប់​នោះ​ដាក់​លើ​​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ធ្វើ​ឱ្យ​អ្នក​នៅ​កន្លែង​កើតហេតុ​នាំ​គ្នា​និយាយ​សើច​ហួសចិត្ដ​នឹក​ស្មាន​មិន​ដល់ ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]