អូស្ត្រាលី៖ មួយរយៈចុងក្រោយនេះគេឃើញថាភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីកំពុងក្លាយជាប្រធានបទមួយយ៉ាងក្ដៅគគុកលើបណ្ដាញសារព័ត៌មានទូទាំងពិភពលោក។ គិតមកទល់ពេលនេះភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីកំពុងតែបន្ត ហើយទីក្រុងមួយចំនួនកំពុងខ្វះខាតប្រេងឥន្ធនៈនិងទឹកប្រើប្រាស់ផងដែរ។

ទីក្រុងមួយចំនួនក្នុងប្រទេសអូស្ត្រាលីកំពុងខ្វះខាតប្រេងឥន្ធនៈនិងទឹកប្រើប្រាស់

ចំណែកឯហាងលក់ទំនិញមួយចំនួនមិនមានសម្ភារៈផ្គត់ផ្គង់ដូចជាគ្រឿងប្រើប្រាស់និងគ្រឿងឧបភោគបរិភោគ ខណៈពេលភ្លើងនៅតែរាលដាលតំបន់ភាគខាងត្បូងប្រទេសអូស្ត្រាលី ហើយគេបានព្យាករណ៍ថាស្ថានភាពដ៏អាក្រក់នេះនឹងបន្តកើតមានរហូតដល់ថ្ងៃសៅរ៍។ ឧទ្ធម្ភាគចក្រនឹងជួយជម្លៀសប្រជាជនប្រមាណជា ៤,០០០នាក់ដែលជាប់គាំងក្នុងទីក្រុង Mallacoota នៅភាគខាងកើតតំបន់ Gippsland នៃរដ្ឋ Victoria ហើយការផ្លាស់ទីលំនៅដ៏ធំបំផុតនិងមិនធ្លាប់មានរបស់ប្រជាជនក្នុងរដ្ឋ New South Wales គឺកំពុងកើតឡើងជាបណ្ដើរៗហើយ។

ប្រជានជនក្នុងរដ្ឋ New South Wales កំពុងផ្លាស់ទីលំនៅទៅកាន់តំបន់ថ្មី

បណ្ដាញទូរគមនាគមន៍និងបណ្ដាញសកល(អ៊ិនធឺណេត)បានកាត់ផ្ដាច់នៅក្នុងក្រុងនិងសហគមន៍ដាច់ស្រយាលមួយចំនួន ហើយប្រជាជននៅតំបន់ទាំងនោះត្រូវតែផឹកទឹកដែលដាំពុះ។ ចាប់តាំងពីរដូវភ្លើងឆេះព្រៃបានចាប់ផ្ដើមមក ប្រជាជនអូស្ត្រាលីចំនួន១៧នាក់បានស្លាប់និង១៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

ប្រជាជនដែលបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់

ផ្ទះជាង១,៤០០ខ្នងត្រូវបានដុតកម្ទេចទូទាំងប្រទេសនិងផ្ទៃដី៥លានហិកតាត្រូវបានដុតបំផ្លាញ។ អ្នកបរិស្ថានវិទ្យាមកពីសាកលវិទ្យាល័យស៊ីដនីបានប៉ាន់ប្រមាណថាសត្វព្រៃជិត៥០០លានក្បាលត្រូវសម្លាប់ដោយសារភ្លើងឆេះព្រៃចាប់តាំងពីខែកញ្ញាមក។ ចំនួននេះគឺបានរាប់បញ្ចូលទាំងសត្វកូឡា៨,០០០ក្បាល ក៏ដូចជាប្រភេទសត្វដទៃទៀតដូចជាថនិកសត្វ សត្វល្មូន និងសត្វបក្សីផងដែរ៕

គេបានប៉ាន់ប្រមាណថាសត្វព្រៃជិត៥០០លានក្បាលត្រូវសម្លាប់ដោយសារភ្លើងឆេះព្រៃ
រួបភាពភ្លើងឆេះព្រៃថតដោយផ្កាយរណប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ