យើងល្អ! ហេតុអីគេនៅតែចាកចេញ?

//s5.kh1.co/98/980d59c23057552e5657ab6f95a7443d71653656.jpg
យល់ដឹង

 ០៣-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្នុងទំនាក់ទំនងទាំងមិត្តភាព និងស្នេហា យើងជួបមនុស្សច្រើនដែលឈានជើងចូលជីវិតយើង។ បុគ្គលខ្លះល្អគ្រប់យ៉ាង ស្រលាញ់យើងស្មោះត្រង់ តែយើងមិនចង់សូម្បីមើលមុខគេ។ មនុស្សខ្លះយើងស្រលាញ់ស្ទើរលេប យកចិត្តទុកដាក់ចំពោះគេ ទាក់ទងគ្នាមួយរយៈ គេក៏បាត់មុខ។ តែអ្វីដែលធ្វើឲ្យយើងឆ្ងល់ ហើយចេះតែរកចម្លើយមិនឈប់ឈរនោះគឺ យើងល្អប៉ុណ្ណឹងដែរ ហេតុអ្វីគេនៅតែចាកចេញ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=279,h=181,q=100/31/314f2faa2ec6e0ee174066b211c8e0b160cf11f8.jpg

នេះជាចម្លើយៈ

១. អត្តចរិតខុសគ្នា៖

គ្រាថ្មីៗនៅពេលមានទំនាក់ទំនងផ្អែមល្ហែមជាមួយគ្នា យើងជឿជាក់ថាក្តីស្រលាញ់​របស់យើងនឹង​អាចលុបនូវលក្ខណៈខ្វះខាតទាំងសងខាង។ យ៉ាងណាស្ថានភាពបែបនោះបានតែដំបូងប៉ុណ្ណោះ​ ព្រោះយូរៗទៅពេលវេលាជាអ្នកបង្ហាញថា អត្តចរិត និងចំណូលចិត្តមិនដូចគ្នាធ្វើឲ្យ​យើងមានភាព​ល្អក់​កករច្រើនជាងសុភមង្គល។ ​បើទោះយើងល្អយ៉ាងណា ចុងក្រោយគេនៅតែត្រូវ​ចាកចេញ​ពីយើង។

២. ណាយចិត្ត៖

នរណាក៏និយាយដែរថាពេលល្អូកល្អឺន គឺជាពេលល្អ។ តែគ្រាដែលកាន់តែស្គាល់ពីគ្នាច្បាស់ដូចថ្ងៃ អ្វីគ្រប់យ៉ាងហាក់ប្រែប្រួល។ គេមិនដូចជាគេពីមុន។ មិនបារម្ភ មិនសូវចាប់អាម្មណ៍ពីយើងដូចមុន ដោយរកលេះថាគេរវល់ ទាំងដែលយើងមើលឃើញនឹងភ្នែកថាគេមានពេលទំនេរ។ ហើយមិនយូរប៉ុន្មានគេក៏ចាកចេញទាំងដែលយើងមិនមានកំហុស។

https://s5.kh1.co/__image/w=650,h=434,q=100/fb/fbe89ec4c35c2cfbd0739197dcc542e80f345aa0.jpg

៣. ទុកយើងជាមនុស្សលេងសើច៖

ពេលដែលមិត្តភាពទើបតែឆ្លងដែនមកកាន់ដំណាក់កាលមួយទៀត គេថាក្តីស្រលាញ់​ចំពោះយើងនឹងគ្មានថ្ងៃសាបសូន្យ។ មួយរយៈក្រោយមក គេមកម្តងទៀត ហើយប្រាប់យើងថា យើងល្អពេកមិនសក្តិសមនឹងគេ។ តាមពិតគេគ្រាន់តែចាត់ទុកយើងជាមនុស្សលេងសើច មិនមានបំណងឲ្យក្លាយជាមនុស្សសំខាន់មួយជីវិតឡើយ។​ គេទុកយើងត្រឹមកង់សាគួរ គេអាចនឹងមានអ្នកទីពីរទៅហើយ។

៤. ​អស់និស្ស័យ៖

រឿងខ្លះធ្វើឲ្យយើងឃើញថា និស្ស័យគឺមានពិត គ្រាន់តែពិបាកនឹងបង្ហាញភស្តុតាងដូច​វិទ្យាសាស្ត្រប៉ុណ្ណោះ។ មនុស្សខ្លះមើលទៅសាមញ្ញ មិនជាមានសម្រស់ណាស់ណាទេ តែយើងគ្រាន់តែឃើញភ្លាម​​ មានអារម្មណ៍ថាចូលចិត្តណាស់។ អ្នកខ្លះទៀតមានទាំងសម្រស់ និងរសនិយមអស្ចារ្យ តែយើងបែរជាមិនចាប់អារម្មណ៍។

ចំណែកស្នេហាក៏ដូចគ្នា មួយពេលដែលយើងស្គាល់គ្នាភ្លាមៗ ស្វែងយល់ពីគ្នា យើងហាក់ដូចជា​មាននិស្ស័យយ៉ាងខ្លាំង។ យើងនឹករឭកគេ មិនធុញទ្រាន់នឹងផ្ញើរសារទៅគ្នា ហើយរំភើប​បំផុត​ពេលបាន​នៅក្បែរម្ខាងៗ។ ក្រោយមកទៀត និស្ស័យនោះហាក់រសាយដោយមិនងាកក្រោយ។ និស្ស័យដែលយើងជឿជាក់ថាមាន ក៏ចាប់ផ្តើមសាប។​ បន្ទាប់មកគេក៏ចាកចេញដោយមិន​លាក៏មាន៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T