គួរឲ្យគោរពណាស់! វេជ្ជបណ្ឌិតម្នាក់មិនខ្វល់ពីការឈឺចុកចាប់របស់ខ្លួន សុខចិត្តឈរវះកាត់ឲ្យអ្នកជំងឺ រហូតដល់ខ្លួនឯងត្រូវវះកាត់ម្ដង

//s5.kh1.co/09/09db3d11b916a98e1ff2eb79bceb4d5904112b3b.jpg
សង្គម

 ០៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ ជាការពិតណាស់ តួនាទីជាវេជ្ជបណ្ឌិតមិនមែនងាយស្រួយឡើយ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះជីវិតអ្នកជំងឺ។ ជាក់ស្ដែង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ វេជ្ជបណ្ឌិតម្នាក់នាមត្រកូល Liu បានជួយសង្គ្រោះអ្នកជំងឺទាំងដែលរូបគាត់ផ្ទាល់កំពុងឈឺចុកចាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងថ្ងៃកើតហេតុ វេលាម៉ោង៦:០០នាទីល្ងាច មានអ្នកជំងឺម្នាក់ត្រូវវះកាត់លំពែងជាបន្ទាន់ ហើយលោក Liu ក៏បានរៀបចំការវះកាត់ភ្លាមៗតែម្ដង។ រំពេចនោះ ស្រាប់តែគាត់មានអារម្មណ៍ឈឺចុកចាប់ត្រង់ផ្នែកចង្កេះនិងពោះយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្ដី គាត់សុខចិត្តលេបថ្នាំបំបាត់ការឈឺចុកចាប់ និងបន្ដការរៀបចំវះកាត់ឲ្យអ្នកជំងឺបន្ដទៀត។

ក្រោយពីចំណាយអស់រយៈពេលជាងមួយម៉ោងក្នុងការវះកាត់រួចមក អ្នកជំងឺត្រូវបានសង្គ្រោះទាន់ពេល ហើយការឈឺចុកចាប់របស់លោក Liu ក៏បានរើឡើងវិញម្ដងទៀត។ ឃើញដូច្នេះ ក្រុមការងាររបស់គាត់ក៏បានបញ្ជូនគាត់ទៅកាន់បន្ទប់ពិនិត្យ ទើបរកឃើញថា គាត់មានដុំគ្រួស១សង់ទីម៉ែត្រដែលកកកុញក្នុងបំពង់បង្ហូរទឹកនោម។ ចំពោះស្ថានភាពនេះដែរ ប្រសិនបើមិនព្យាបាលឲ្យបានល្អ វាអាចបណ្តាលឲ្យមានការឆ្លងនិងកាន់តែយ៉ាប់យ៉ឺនទៅដល់បំពង់បង្ហូរទឹកនោម និងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ បន្ទាប់មកទៀត លោក Liu ត្រូវបានបញ្ជូនទៅកាន់បន្ទប់វះកាត់ ទាំងដែលខ្លួនគាត់កំពុងស្ថិតក្នុងឯកសណ្ឋានវេជ្ជបណ្ឌិតនៅឡើយ។ សំណាងល្អ ការវះកាត់របស់គាត់បានធ្វើឡើងយ៉ាងរលូន និងជោគជ័យ ហើយមកទល់ថ្ងៃនេះ គាត់កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីរង់ចាំឲ្យធូរស្បើយឡើងវិញ។

ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានបង្ហោះទៅលើបណ្ដាញអ៊ីនធឺណិត ដោយមានមហាជនជាច្រើនបានកោតសរសើរលោក Liu ដែលលះបង់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះអ្នកជំងឺ ដោយមិនគិតពីខ្លួនឯង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Liu នៅក្នុងមន្ទីរពេទ្យ
លោក Liu នៅក្នុងមន្ទីរពេទ្យ
លោក Liu នៅក្នុងបន្ទប់វះកាត់
លោក Liu នៅក្នុងបន្ទប់វះកាត់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T