ថ្ងៃឈប់សម្រាក៦ថ្ងៃក្នុងឆ្នាំ២០១៩​ ជាថ្ងៃធ្វើការក្នុង​ឆ្នាំ​​២០២០

//s5.kh1.co/da/dad1e2a9651154fa921a7dc2e0e17087e9000cf8.jpg
សង្គម

 ០២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឆ្នាំ២០២០នេះ ថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត និងកម្មករ មានត្រឹម ២២ថ្ងៃប៉ុណ្ណោះ ពោលកាត់បន្ថយចំនួន ៦ថ្ងៃ បើធៀបនឹងឆ្នាំកន្លងទៅ។ យ៉ាងណាបើទោះបី ថ្ងៃឈប់សម្រាក​ត្រូវបានកាត់បន្ថយ តែថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានដំឡើងទៅ ៤ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំ​ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយពីរថ្ងៃ ដោយថ្ងៃឈប់​សម្រាកនៅសល់តែមួយថ្ងៃប៉ុណ្ណោះ។

ចំណែកពិធីបុណ្យជាតិ និងអន្តរជាតិចំនួន៥ផ្សេងទៀត មិនត្រូវបានអនុញ្ញាតឲ្យឈប់​សម្រាក​ទៀត​នោះឡើយ។ ពិធីបុណ្យទាំង៥នោះ រួមមាន៖ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ។

ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០នេះរួមមាន៖

១៖ ថ្ងៃចូលឆ្នាំសកល ១មករា សម្រាក ១ថ្ងៃ

២៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា សម្រាក ១ថ្ងៃ

៣៖ ទិវានារីអន្តរជាតិ ៨ មីនា សម្រាក ១ថ្ងៃ

៤៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាក ៤ថ្ងៃ (១៣-១៤-១៥-១៦ មេសា)

៥៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា សម្រាក ១ថ្ងៃ

៦៖ ពិធីបុណ្យពិសាខបូជា ថ្ងៃ៦ ឧសភា សម្រាក ១ថ្ងៃ

៧៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី១០ ឧសភា សម្រាក ១ថ្ងៃ

៨៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នៅថ្ងៃទី១៤ ឧសភា សម្រាក ១ថ្ងៃ

៩៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នៅថ្ងៃទី១៨ ខែមិថុនា សម្រាក ១ថ្ងៃ

១០៖ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ (១៦-១៧-១៨ កញ្ញា)

១១៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃ២៤ កញ្ញា សម្រាក ១ថ្ងៃ

១២៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថ្ងៃ១៥ តុលា សម្រាក ១ថ្ងៃ

១៣៖ ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃ២៩ តុលា សម្រាក ១ថ្ងៃ

១៤៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ (៣០-៣១ តុលា និង ០១ វិច្ឆិកា)

១៥៖ ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ។

https://s5.kh1.co/__image/w=633,h=935,q=100/da/dad1e2a9651154fa921a7dc2e0e17087e9000cf8.jpg
https://s5.kh1.co/__image/w=650,h=958,q=100/e0/e00a14f6783eb910f547ca3ad8a7aa0d1173f678.jpg

គួររំឭកថា បណ្តាឆ្នាំកន្លងទៅ ថ្ងៃឈប់សម្រាកមានរហូតដល់ ២៨ថ្ងៃ ដែលចំនួនថ្ងៃឈប់សម្រាក​ទាំងនោះ រាប់ទៅមានចំនួនច្រើនជាងបណ្តាប្រទេសដទៃ។ ការឈប់សម្រាកច្រើនថ្ងៃនេះ ត្រូវបាន​រាជរដ្ឋាភិបាលមើលឃើញថា បណ្តាលឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម ខណៈនិយោជកចង់ឲ្យ​មាន​​ការកាត់បន្ថយថ្ងៃឈប់សម្រាកផងដែរ។

ជាការកត់សម្គាល់​ រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន ៦ថ្ងៃ នៅឆ្នាំ២០២០នេះ ហើយក៏អាចនឹងបន្តអនុវត្តន៍នៅឆ្នាំបន្ទាប់ផងដែរ។ ការកាត់បន្ថយថ្ងៃឈប់​សម្រាក​នេះ កម្ពុជារំពឹងថា នឹងរួមចំណែកជួយទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសនេះ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T