ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ
រោងភាពយន្តលេជេន បានប្រារព្ធកម្មវិធីដ៏ធំមួយប្រចាំ នោះគឺព្រឹត្តិការណ៍ «Movie Of The Year» ដ៏ធំប្រចាំឆ្នាំ២០១៩។
នេះជាលើកទី៤ ហើយដែលរោងភាពយន្តលេជេន ដែលបានបង្កើតកម្មវិធីនេះឡើង
ដោយមានការចូលរួមពីសំណាក់តារាៗល្បីៗជាច្រើន។


មិនខុសពីរាល់ឆ្នាំឡើយ កម្មវិធីនេះបានធ្វើការចែកជូននូវពានរង្វាន់កិត្តិយសទៅកាន់តារាស្រីប្រុស ដែលទទួលបានការគាំទ្រខ្លាំងក្នុងរយៈពេលមួយឆ្នាំនេះ។


សម្រាប់ពានរង្វាន់តារាសម្ដែងស្រីឆ្នើមប្រចាំឆ្នាំ ២០១៩ គឺបានទៅលើតារាសម្ដែងស្រី យ៉ែម ស្រីពេជ្រ ដែលនាងជាតួអង្គដ៏សំខាន់ និងស័ក្ដិសមបំផុតក្នុងខ្សែភាពយន្តដ៏ល្បីគឺរឿង «នាឡិកាដាស់វិញ្ញាណ» របស់ផលិតកម្ម LD។


ក្នុងនោះដែរ ពានរង្វាន់តារាសម្ដែងប្រុសឆ្នើម បានទៅលើតួអង្គក្នុងរឿង «ស្នេហាក្មេងៗ» របស់ផលិតកម្ម Kongchak Picture គឺលោក រ៉ុង សុភីដេវីដ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ មិនត្រឹមតែរកឃើញម្ចាស់ពានរង្វាន់តារាសម្ដែងប្រុសស្រីឆ្នើមប្រចាំឆ្នាំប៉ុណ្ណោះទេ យើងក៏រកឃើញនូវម្ចាស់ពានរង្វាន់ ភាពយន្តខ្មែរ និងភាពយន្តអន្តរជាតិដ៏ឆ្នើមប្រចាំឆ្នាំផងដែរ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ភាពយន្តខ្មែរប្រចាំឆ្នាំ២០១៩ គឺបានទៅលើរឿង «ស្នេហាក្មេងៗ» និងពានរង្វាន់ភាពយន្តបរទេសប្រចាំឆ្នាំ២០១៩ គឺបានទៅលើរឿង «Avengers Endgames»។
បន្ទាប់ពីប្រកាសលទ្ធផលតារាសម្ដែងប្រុសស្រីឆ្នើម និងពានរង្វាន់ភាពយន្តប្រចាំឆ្នាំរួម អ្នកតំណាងរបស់រោងភាពយន្តលេជេនបានលើកឡើងថា៖

«វាជាកិត្តិយសរបស់ពួកយើង ហើយក៏ជាលើកទី៤ផងដែរ ដែលរោងភាពយន្តលេជេនបានរៀបចំកម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំនេះឡើង ជាផ្នែកមួយក្នុងការគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់ផលិតករខ្មែរទាំងអស់ឲ្យខិតខំផលិត និងសម្រិតសម្រាំងស្នាដៃរបស់ខ្លួនបន្ថែមទៀត។ ខ្សែភាពយន្តទាំងអស់ដែលបានជ្រើសរើសយកមកប្រកួតប្រជែង គឺសុទ្ធសឹងតែរឿងដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា។ ក្នុងឱកាសនេះដែរ រោងភាពយន្តលេជេន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ភ្ញៀវកិត្តិយស គណៈគ្រប់គ្រង តារាសម្តែង តារាចម្រៀង ផលិតករ អ្នកវិភាគកុន និងហ្វេនរបស់រោងភាពយន្តលេជេនទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីរបស់ពួកយើង»៕


ជាចុងក្រោយ រោងភាពយន្តលេជេន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ម្ចាស់ឧបត្ថម្ភកម្មវិធីធំដែលរួមមានដូចជា៖ តែបៃតង Oishi និងអ្នកសហការឧបត្ថម្ភមានដូចជា ផលិតកម្មបដិហារ្យ, ផលិតកម្មមហាហង្ស, ផលិតកម្ម LD Picture, ផលិតកម្ម Kong Chak, និងក្រុមហ៊ុន WML ព្រមទាំងមានការចូលរួមសហការឧត្តម្ភពីក្រុមហ៊ុនភេសជ្ជៈ Coca Cola, Koi, និង Inkinc៕