ក្មេងៗភាគច្រើន ចូលចិត្តញ៉ាំនំ និងភេសជ្ជៈផ្អែមៗ មានទឹកក្រូច ទឹកផ្លែឈើកំប៉ុង ការ៉េម ជាដើម។ ពពួកនំចំណី និងភេសជ្ជៈទាំងនោះមានជាតិស្ករខ្ពស់ មិនល្អចំពោះក្មេងនោះទេ ញ៉ាំទៅងាយធ្វើឲ្យក្មេងធាត់ ក្តៅខ្លួន ឈឺបំពង់ក ទៅជារលាកបំពង់ក នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ សញ្ញាបត្រមកពីប្រទេសបារាំង និងកូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិតថា របស់ផ្អែមៗ របស់ខ្លាញ់ សុទ្ធតែជាមូលហេតុនាំឲ្យក្មេងរលាកបំពង់ក ដោយសារតែក្មេងញ៉ាំរួច មិនបានញ៉ាំទឹកតាមក្រោយ។ “កូនញ៉ាំរបស់ទាំងនោះ ហើយទៅរត់លេងបាត់ ដោយមិនបានញ៉ាំទឹកតាមក្រោយនោះទេ របស់ផ្អែមខ្លាំង កាលណាយើងញ៉ាំទៅអាចជាប់នៅត្រឹមក ធ្វើឲ្យបាក់តេរីនៅក រីកដុះដាលលឿន ទៅជារលាកបំពង់កបាន”។
វេជ្ជបណ្ឌិតដែលបម្រើការងារនៅមន្ទីរពេទ្យកុមារជាតិរូបនេះ បានបន្តថា ជួនកាលនៅករបស់ក្មេង មានមេរោគរលាកបំពង់កស្រាប់ហើយ ប៉ុន្តែវាអត់មានធ្វើអីនោះទេ បើយើងញ៉ាំទឹកឲ្យបានច្រើន ទឹកសុទ្ធ ទឹកក្តៅឧណ្ហៗ វាអត់អីទេ តែក្នុងករណីយើងឲ្យញ៉ាំទឹកក្រូច ទឹកផ្លែឈើ នំផ្អែមៗ ឬនំខេក នំអីផ្អែមៗ ចូលទៅ អត់បានញ៉ាំទឹកពីក្រោយទេ ជាតិផ្អែមៗទាំងនោះនៅជាប់ក ធ្វើឲ្យបាក់តេរីលូតលាស់បានល្អ វិវត្តទៅជារលាកបំពង់ក។
“មុនដំបូងវាអត់ធ្វើអីយើងទេ តែកាលណាក្មេងញ៉ាំរបស់ផ្អែមចូលទៅ ធ្វើឲ្យកម្លាំងកាន់តែខ្លាំង លូតលាស់បានល្អ វាធ្វើឲ្យចេញរោគសញ្ញារលាកបំពង់ក ធ្វើឲ្យក្មេងក្តៅខ្លួន ឈឺក”។ លោកវេជ្ជបណ្ឌិត អ៊ុន យូ រៀបរាប់។
ការដែលតម្រូវឲ្យកូនផឹកទឹកស្អាត ឬទឹកក្តៅឧណ្ហៗឲ្យច្រើន ព្រោះវាជួយផ្ដល់សំណើមដល់បំពង់ក មិនធ្វើឱ្យបំពង់កស្ងួត និងបន្ថយជាតិអាស៊ីដ តែត្រូវចៀសវាងការញ៉ាំទឹកកក។
ទោះបីជាការផឹកទឹកក្រោយញ៉ាំរបស់ផ្អែមរួចអាចជួយកាត់បន្ថយអាការៈរលាកបំពង់កក៏ពិតមែន តែលោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាមិនគួរឲ្យកូនញ៉ាំរបស់ផ្អែមច្រើន ឬញឹកញាប់នោះទេ ព្រោះប្រឈមបញ្ហាសុខភាពជាច្រើន ដូចជាធ្វើឲ្យពុកធ្មេញ ធាត់លើសទម្ងន់ វិវត្តទៅជាជំងឺទឹកនោមផ្អែមនៅថ្ងៃក្រោយ មានបញ្ហារលាកក្រពះពោះវៀន រលាកបំពង់ក ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet