រាជធានីភ្នំពេញ៖ ដោយសារសុំប្រពន្ធរួមរ័កមិនព្រម ព្រោះមានជំងឺទឹកផ្អែមគ្មានអារម្មណ៍ បុរសជាប្ដីក៏ទាញអង្រែបុកគ្រឿង វាយសំពងប្រពន្ធបែកឈាមពេញមុខ និងបែកភ្នែកម្ខាងរួចរត់គេចខ្លួន បាត់៣ថ្ងៃទើបនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់បាន ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ មីនា គឺបន្ទាប់ពីទូទាំងប្រទេស បានប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ។

មន្ត្រីនគរបាលការិយាល័យសួរចម្លើយ និងនីតិវិធីឱ្យដឹងថា ២នាក់ប្ដីប្រពន្ធវ័យ ចំណាស់នេះប្ដីឈ្មោះអ៊ុយ សៀក ហៅ គា អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះជា ចាន់ណារី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩៦ ក្នុងសង្កាត់បឹងកេងកងទី៣  ខណ្ឌចំការមន ។ កាលពីល្ងាចថ្ងៃទី ៨ មីនា ដែលត្រូវនឹងថ្ងៃទិវាអន្តរជាតិនារី ៨មីនា ប្ដីប្រពន្ធ២នាក់នេះបានទៅចូលរួមមង្គល ការកូនស្រីរបស់ប្អូនឈ្មោះ ជា ផេន នៅភូមិព្រៃទាល់សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ពេលទៅចូលរួមមង្គការនេះ បុរសជាប្ដីបានហូបស្រាបៀរ បន្តិចបន្តួចជាមួយញាតិសន្ដាន លុះយប់បន្តិចទាំង២នាក់ប្ដីប្រពន្ធក៏ត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះបុរសជាមិន ទាន់ចូលសម្រាកភ្លាមទេ និងបានទិញស្រាបៀរផឹកបន្តទៀតរហូតដល់ ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៩ មីនា ទើបចូលរកកន្លែងសម្រាក។

ប្រភពបានបន្តថា ដោយសារស្រវឹងធ្វើឱ្យមានអារម្មណ៍ក៏ទៅកេះប្រពន្ធដើម្បីរួមរ័ក ។ ពេលនោះដោយធុញថប់នឹងក្លិនស្រា ថែមទាំងគាត់មានជំងឺទឹកនោមផ្អែមផង និងលើសឈាមផង ទើបប្រពន្ធគ្មានអារម្មណ៍ឡើយ ។ ដោយខឹងប្រពន្ធមិនឱ្យរួមរ័ក តាមបំណងបុរសជាប្ដីក៏ទាញខ្សែកង្ហារផ្តាច់ភ្លើងមិនឱ្យប្រពន្ធដេក ថែមទាំងដួលកង្ហារលើទៀត បណ្តាលឱ្យប្រពន្ធចាប់ផ្តើមខឹងក៏មានការឈ្លោះប្រកែកគ្នា ។ ក្នុងជម្លោះនេះបុរសជាប្ដីទាញបានអង្រែបុកគ្រឿង វាយប្រពន្ធបែកឈាមពេញមុខ និងបែកគ្រាប់ភ្នែកម្ខាង បណ្ដាលឱ្យដេកដួលនៅកណ្តាលផ្ទះ ។ ដោយស្មានថាប្រពន្ធស្លាប់ បុរសជាប្ដីក៏ចុះរត់គេចខ្លួនដោយបានចាក់សោផ្ទះពីខាងក្រៅទៀត ។ មិនបានប៉ុន្មានម៉ោងផង ព័ត៌មាននេះបានឮដល់ក្រុមគ្រួសារ គឺប្អូនប្រុសរបស់ប្រពន្ធឈ្មោះជា ផេន បានមកដល់ ហើយឃើញបងស្រីមានរបួសធ្ងន់បែបនេះ ក៏នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយស្ថានភាពធ្ងន់ពេក ក្រុមគ្រួសារក៏សម្រេចចិត្តនាំស្ត្រីរងគ្រោះទៅព្យាបាលនៅឯប្រទេសវៀតណាមទាំងយប់ ។

មន្ត្រីនគរបាលបន្តថា រំលងបាន៣ថ្ងៃ ក្រោយកើតហេតុ និងបន្ទាប់ពីជនរងគ្រោះបានធូរស្រាលបន្តិច លោកជា ផេន ដែលត្រូវជាប្អូន បានវិលមកផ្ទះវិញ និងបានដាក់ពាក្យបណ្តឹងប្តឹងបុរសដែលជាបងថ្លៃទៅសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃដើម្បីឱ្យចាប់ខ្លួន ។ ពាក្យបណ្តឹងបានដាក់ចូលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលមានលោកឧត្តមសេនីយ៍ទោអុិន បូរ៉ា ជាប្រធាន បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ក៏បានឆ្លងយោបល់ទៅលោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ ប្រធាននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ និងជូនជ្រាបទៅលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រគល់ឱ្យទៅការិយាល័យសួរចម្លើយនីតិវិធី ដែលមានលោកវរសេនីយ៍ទោ សន សោភ័ណ្ឌ នាយរងការិយាល័យចាត់ការលើពាក្យបណ្តឹងនោះ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីភាគីជនរងគ្រោះនៅថ្ងៃទី១២ មីនា វេលាម៉ោង៤រសៀលថ្ងៃដដែលនោះ លោកសន សោភ័ណ្ឌ បានស្រាវជ្រាវរកឃើញទីកន្លែងដែលបុរសឈ្មោះអ៊ុយ សៀក ហៅគា លាក់ខ្លួននៅភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ទើបដឹកនាំកម្លាំងការិយាល័យមួយក្រុមទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ខ្លួននាំមកកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]