កុំឲ្យព្រឹត្តិការណ៍ដ៏កម្រមួយនេះកន្លងផុតឲ្យសោះ! នៅចុងឆ្នាំនេះ កម្ពុជានឹងអាចមើលឃើញបាតុភូតសូរ្យគ្រាស

//s5.kh1.co/78/78c0a3f2a18849bcd7cd5a530941572ee260a909.jpg
បច្ចេកវិទ្យា

 ២២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា៖ សូរ្យគ្រាសគឺជាបាតុភូតធម្មជាតិមួយដ៏កម្រដែលកើតឡើងនៅពេលថ្ងៃ ដោយសារដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ ហើយស្រមោលរបស់ព្រះចន្ទជះមកលើតំបន់ណាមួយនៅលើផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូរ្យគ្រាសកើតឡើងដោយសារដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ
សូរ្យគ្រាសកើតឡើងដោយសារដំណើរគោលចរនៃព្រះចន្ទឆ្លងកាត់ចន្លោះផែនដីនិងព្រះអាទិត្យ

បើតាមគេហទំព័រ Time and Date បានឲ្យដឹងថានៅចុងឆ្នាំ២០១៩នេះ បាតុភូតសូរ្យគ្រាសនឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ហើយប្រទេសកម្ពុជារបស់យើងក៏អាចមើលឃើញព្រឹត្តិការណ៍ដ៏កម្រនេះផងដែរ។ សម្រាប់ប្រទេសរបស់យើង សូរ្យគ្រាសមួយនេះគឺជាប្រភេទគ្រាសមិនពេញលេញឬគ្រាសមិនជិត មានន័យថាយើងអាចមើលឃើញព្រះចន្ទបាំងពន្លឺព្រះអាទិត្យបានតែមួយផ្នែកប៉ុណ្ណោះ។

រូបភាពគំរូសូរ្យគ្រាសដែលនឹងមើលឃើញនៅភ្នំពេញនិងបណ្ដាខេត្តទាំងអស់
រូបភាពគំរូសូរ្យគ្រាសដែលនឹងមើលឃើញនៅភ្នំពេញនិងបណ្ដាខេត្តទាំងអស់

នៅក្នុងប្រទេសកម្ពុជា បាតុភូតមួយនេះនឹងចាប់ផ្ដើមនៅម៉ោង១០៖៣១ព្រឹក ហើយនៅម៉ោង១២៖២៤ថ្ងៃត្រង់គឺជាអតិបរិមានៃគ្រាស និងវាបញ្ចប់ទាំងស្រុងនៅម៉ោង២៖១៤រសៀល។ សូមបញ្ជាក់ថាអតិបរិមានៃសូរ្យគ្រាសមួយនេះនៅក្នុងប្រទេសកម្ពុជាគឺ៦១.៥% ប៉ុន្តែអតិបរិមាប៉ុណ្ណេះមិនអាចធ្វើឲ្យផ្ទៃមេឃរបស់ប្រទេសយើងប្រែជាងងឹតបានឡើយ។ សម្រាប់តំបន់មួយចំនួនដែលសូរ្យគ្រាសមួយនេះឆ្លងកាត់និងធ្វើឲ្យផ្ទៃមេឃងងឹតមានដូចជាប្រទេសឥណ្ឌា ស្រី​លង្កា អារ៉ាប់ប៊ីសាអូឌីត សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។

ផែនទីបង្ហាញពីសូរ្យគ្រាសដែលនឹងឆ្លងកាត់តំបន់អាស៊ីនៅថ្ងៃទី២៦ខែធ្នូ
ផែនទីបង្ហាញពីសូរ្យគ្រាសដែលនឹងឆ្លងកាត់តំបន់អាស៊ីនៅថ្ងៃទី២៦ខែធ្នូ

បើសិនជាអ្នកខកខានមិនបានមើលព្រឹត្តិការណ៍ដ៏កម្រមួយនេះ អ្នកនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទើបមានសូរ្យគ្រាសថ្មីមួយទៀតដែលអាចមើលឃើញនៅកម្ពុជាដែរ ប៉ុន្តែអតិបរិមារបស់វាគឺត្រឹមតែ៣៦.៧%ប៉ុណ្ណោះ។ ជាពិសេសបើសិនជាអ្នករង់ចាំមើលបាតុភូតដ៏កម្រមួយនេះ សូមមេត្តាកុំសម្លឹងមើលវាដោយភ្នែកទទេ ប៉ុន្តែត្រូវរកឧបករណ៍ផ្សេងៗដែលអាចការពារភ្នែករបស់អ្នកពីពន្លឺព្រះអាទិត្យដូចជាវ៉ែនតាខ្មៅជាដើម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T