ក្រោយក្លាយជាប៉ាម៉ាក់គេ តើជីវិតយើងផ្លាស់ប្តូរដល់កម្រិតណា?

//s5.kh1.co/24/249b1a853dbcd483b7400b2b69895cd5822def7b.jpg
យល់ដឹង

 ១៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ជីវិតមានគ្រួសារ អ្នកណាៗក៏ចង់ឲ្យមានក្មេងរត់លេងក្នុងផ្ទះ។ អ្នកសប្បាយចិត្តនឹងវត្តមានកូនៗជាទីស្រលាញ់។ ពួកគេជាក្តីសង្ឃឹមដែលអ្នកប៉ង អឹចឹងហើយ អ្នកត្រូវត្រៀមខ្លួនឲ្យមែនទែនព្រោះក្រោយមានកូន ជីវិតអ្នកអាចផ្លាស់ប្តូរស្ទើរ៣៦០ដឺក្រេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពពី Chimi
រូបភាពពី Chimi

១. ពេលវេលា៖

ពេលវេលាសម្រាប់គេង គឺមិនបានស្កប់ស្កល់ដូចពីមុនឡើង។ ចង់កក់សក់រាប់ម៉ោងដូចពីមុនមិនបានទេ។ ពេលនៅខ្លួនមួយ យើងអាចដើរហើរតាមចិត្តបាន តែក្រោយពីមានកូន យើងត្រូវចំណាយពេលងូតទឹកឲ្យគេ បញ្ចុកអាហារ លួងពេលគេយំ និងសូម្បីពេលគេបន្ទោរបង់។ ប៉ុន្តែអ្នកក៏រីករាយមិនតិចដែរ នូវពេលវេលាដែលមានជាមួយគេ។

២. ក្តីស្រលាញ់៖

កំហឹងទាំងឡាយមិនថាក្នុង ​ឬក្រៅផ្ទះ ចាប់ផ្តើមសាបរលាបនៅពេលឃើញស្នាមញញឹមកូន។ ភាពក្រមិចក្រមើមរបស់កូន ធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្ត បើទោះបីនឿយហត់យ៉ាងណា។ ឃើញគេយំ ឃើញគេសើច អ្នកមានទំនួលខុសត្រូវគ្រប់យ៉ាងដែលបន្តិចម្តងអ្នកកាន់តែស្រលាញ់ខ្លាំងឡើង ។ ហើយខូចចិត្តយ៉ាងខ្លាំងពេលឃើញគេមិនស្រួលខ្លួន បើអាចសុំឈឺជំនួស។

៣. ចេះអត់ធ្មត់៖

ពីមុនអាចនឹងឆាប់ឆេវឆាវពេលមានសំឡេងរំខាន។ តែពេលមានក្មេងក្នុងផ្ទះ យើងក៏ចាប់ផ្តើមចេះសង្កត់ចិត្តតាមកាលៈទេសៈ។ កូនយំ យើងក៏ត្រូវខាំមាត់លួងគេដោយពាក្យផ្អែមល្ហែម។ បើទោះគេមានកំហុស យើងក៏ចេះលើកលែង ហើយក្លាយជាចាស់ទុំដោយមិនដឹងខ្លួន។

រូបភាពពី Chimi
រូបភាពពី Chimi

៤. មិនចង់ទៅឆ្ងាយ៖

កំពុងធ្វើការ តែអារម្មណ៍របស់អ្នកហាក់នៅក្បែរកូនអ្នកជានិច្ច។ មិនចង់ឃ្លាត មិនចង់ទៅណាឆ្ងាយ ហើយបន់ឲ្យតែដល់ម៉ោងមកជួបគេវិញ។ ក្នុងករណីចេញទៅណាឆ្ងាយ អ្នកក៏នៅតែចង់ខលទៅសួរនាំ បើមិនបានមើលមុខ យ៉ាងហោចណាស់បានឮសំឡេងក៏អស់ចិត្ត។ ត្រលប់មកពីណា​មិនទាន់ អ្នកប្រញាប់ទៅឳបគេ ដោយក្តីពេញចិត្តបំផុត។

៥. ចេះរៀបគម្រោងអនាគត៖

ពេលមិនទាន់មានកូន យើងប្រហែលជាអាចចាយវាយតាមចិត្តចង់ ខ្ជះខ្ជាយបន្តិច និយាយរួមរាល់ខែអាចមិនសល់លុយសោះ។ តែក្រោយមានកូន យើងបានផ្លាស់ប្តូរខ្លួនឯង យើងចំណាយសម្រាប់តែរបស់ចាំបាច់ ព្រោះចង់សន្សំសម្រាប់កូន។ ណាមួយទឹកដោះគោ និងគ្រឿងច្រើនមុខទៀត យើងចេះលៃលកដោយមិនបាច់រៀន។

៦. ចេះបដិសេធ៖

គ្រាន់តែទៅញាំបាយល្ងាចជាមួយមិត្តដូចកាលពីយើងនៅខ្លួនមួយ យើងក៏ត្រូវចាប់ផ្តើមចេះបដិសេធ។  មូលហេតុព្រោះយើងជាប់រវល់មើលថែកូន មិនអាចទៅបាន។ មិត្តបបួលដើរកំសាន្ត? យើងតែងចាត់ទុកមិត្តទាំងអស់សុទ្ធតែសំខាន់ តែពេលមានកូន យើងក៏មិនអាចធ្វើដូចពីមុនបាន។

នៅមានចំណុចជាច្រើនទៀត ដែលយើងចាប់ផ្តើមរៀនសូត្រក្នុងនាមជាម្តាយឪពុកគេ វាជាកត្តាជម្រុញឲ្យយើងកាន់តែដឹងច្បាស់ថា ការពិតអ្នកមានគុណរបស់យើងបានលះបង់យ៉ាងច្រើនសម្រាប់យើង​ ដូចអ្វីដែលយើងធ្វើចំពោះកូនដូចគ្នា៕

រូបភាពពី Chimi
រូបភាពពី Chimi
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T