មានរឿងល្អអីខ្លះកើតឡើង បន្ទាប់ពីយើងឈប់ជក់បារីភ្លាមៗ និងរយៈពេលយូរ?

//s5.kh1.co/00/0005c0d5d5d706d4e9bfc22a6aa80f606ccb562c.jpg
នារី

 ១៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

យើង​ដឹង​ហើយ​ថា បារី ឬ​ថ្នាំ​ជក់ បង្ក​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​យើង តែ​ទោះ​យ៉ាង​ណា​វា​មិន​ទាន់​ហួស​ពេល​ទេ បើ​យើង​ចាប់​ផ្តើម​ផ្តាច់​បារី​នៅ​ពេល​នេះ។ យើង​ទទួល​បាន​អត្ថ​ប្រយោជន៍​សុខភាព​ភ្លាមៗ និង​រយៈ​យូរ​អង្វែង​នៅ​ពេល​សម្រេច​ចិត្ត​ឈប់​ជក់​បារី នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ២០​នាទី៖ ត្រឹម​តែ​២០នាទី បន្ទាប់​ពី​យើង​ឈប់​ជក់​បារី ប្រយោជន៍​ដែល​ទទួល​បាន​ដំបូង​គេ គឺ​ចង្វាក់​បេះដូងដែល​ធ្លាប់​តែ​ឡើង​ខ្ពស់ បាន​​ធ្លាក់​ចុះ​មក​វិញ។

២. ១២​ម៉ោង៖ កម្រិត​កាបូន​ម៉ូណូអុកស៊ីដ​នៅ​ក្នុង​ឈាម​ធ្លាក់​មក​ធម្មតា​វិញ បន្ទាប់​ពី​យើង​ឈប់​ជក់​បារី​១២ម៉ោង។

៣. ២សប្តាហ៍-៣ខែ៖ រយៈពេល ២សប្តាហ៍-៣ខែ បន្ទាប់​ពី​ឈប់​ជក់​បារី ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​ចាប់​ផ្តើម​កាត់​បន្ថយ ឯ​តួនាទី​របស់​សួត​ក៏​ចាប់ផ្តើម​កែ​ប្រែ​ឡើង​វិញ​ដែរ។

៤. ១-៩ ខែ៖ យើង​ដឹង​ហើយ​ថា អ្នក​ជក់​បារី​មាន​អាការៈ​ក្អក និង​ដក​ដង្ហើម​ខ្លីៗ តែ​បន្ទាប់​ពី​ឈប់​ជក់​បារី​ក្នុង​រយៈពេល ១-៩ខែ អាការៈ​ទាំង​២​នេះ​នឹង​កាត់​បន្ថយ​ជា​បណ្តើរៗ ។

៥. ១ឆ្នាំ៖ ក្នុង​រយៈពេល​១ឆ្នាំ នៃ​ការ​ឈប់​ជក់​បារី ធ្វើ​ឲ្យ​ហានិភ័យ​បន្ថែម​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង កាត់​បន្ថយ​មក​នៅ​ត្រឹម​ពាក់​កណ្តាល​នៃ​អ្នក​ជក់​បារី។

៦. ៥ឆ្នាំ៖ រយៈ​ពេល​នេះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល បាន​​កាត់​បន្ថយ​ពី ៥-១៥ឆ្នាំ បន្ទាប់​ពី​យើង​ឈប់​បារី​បាន​៥ឆ្នាំ។

៧. ១០ឆ្នាំ៖ នៅ​ពេល​យើង​ឈប់​ជក់​បារី​រហូត​ដល់ ១០ឆ្នាំ មាន​ន័យ​ថា អត្រា​នៃ​ការ​ស្លាប់​ដោយ​មហារីក​សួត​មាន​ត្រឹម​ពាក់​កណ្តាល នៃ​អ្នក​ជក់​បារី​ប៉ុណ្ណោះ។ ចំណែក​ឯ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត មាន មហារីកមាត់ បំពង់ក បំពង់អាហារ ប្លោកនោម តម្រងនោម ត្រូវ​កាត់​បន្ថយ​ដែរ។

៨. ១៥ឆ្នាំ៖ រយៈពេល ១៥ឆ្នាំ បន្ទាប់​ពី​យើង​ឈប់​ជក់​បារី មាន​ន័យ​ថា ហានិភ័យ​នៃ​ជំងឺ​បេះដូង​ត្រលប់​មក​ធម្មតា​វិញ ដូច​នឹង​អ្នក​មិន​ជក់​បា​រីដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T