ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើល មួយកើតឡើង ដោយសារតែមានស្រី្តមា្នក់ បានវាយធ្វើទារុណកម្ម ទៅលើក្មេងកំព្រា ម្នាក់ទើបមាន អាយុ១២ ឆ្នាំ រហូតដល់សន្លប់ បាត់ស្មារតី ព្រោះតែក្មេងរូបនេះឃ្លាន ពេកបានលួចយកនំ ក្ដាមមួយកញ្ចប់ តម្លៃ៥០០រៀល ក៏ត្រូវស្ត្រីជាម្ចាស់ រូបនេះគ្មានក្ដីមេត្តា ចាប់វាយធ្វើទារុណកម្ម ដូចសត្វធាតុ ក្រោយមកត្រូវបាន សមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាន ។ ហេតុការណ៍នេះបាន កើតឡើងកាលពីថ្ងៃទី ១០ មីនា នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ។

តាមប្រភពព័ត­៌មាន ពីកន្លែងកើតហេតុឱ្យ ដឹងថា មុនពេលកើតហេតុមានក្មេងប្រុស ម្នាក់ឈ្មោះសឿន សុផាត អាយុ១២ឆ្នាំ  ដែលគេដឹងថា ជាក្មេងកំព្រាឪពុកម្ដាយ ត្រូវបានអ្នកភូមិរើសមកចិញ្ចឹម ស្រេកឃ្លានខ្លាំង អស់កម្លាំងរហិតរហៃគ្មាន លុយ ក៏លួចឡើងលើផ្ទះរបស់ស្ត្រី ឈ្មោះប៊យ វេត អាយុ៤០ឆ្នាំ រស់នៅភូមិ ស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ហើយលួចយកនំរូបក្ដាម មួយកញ្ចប់ដែលមានតម្លៃ ៥០០រៀលមក ហូប ។ លុះដល់ថ្ងៃបន្ទាប់ ស្ត្រីដែលជាម្ចាស់ទំនិញ ដឹងថា បាត់នំក្ដាមមួយកញ្ចប់ក៏ ខឹងសម្បាក្មេងប្រុសនោះយ៉ាងខ្លាំង ព្រោះតែងតែមក លួចនំរបស់ខ្លួន  ។ លុះថ្ងៃទី១១ មីនា ស្ត្រីឈ្មោះប៊យ វេត បានជួបនឹងក្មេងកំព្រា រូបនោះក៏ចាប់វាយនឹង ដងកណ្ដប សម្រាប់ក្រងស្បូវរហូត ដល់សន្លប់បាត់ស្មារតី   ហើយពេលក្មេងប្រុសដឹងខ្លួនវិញក៏អូស មករកផ្ទះម្ដាយចិញ្ចឹម ពេលនោះដោយសារតែ ប្រជាពលរដ្ឋទើសភ្នែក នឹងការប្រើ អំពើហិង្សា លើក្មេងកំព្រានេះ បែបអមនុស្សធម៌ខ្លាំងពេក ក៏រាយការណ៍ប្រាប់ នគរបាលស្រុកស្ទោង ។

ស្ត្រីឈ្មោះប ស៊ូយ អាយុ៤៥ឆ្នាំ ត្រូវជាម្ដាយចិញ្ចឹមក្មេងប្រុស រូបនេះឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះសឿន សុផាត គឺជាក្មេងកំព្រា ត្រូវបានគាត់យកមកចិញ្ចឹមតាំងពី តូចរហូតដល់ពេលនេះ មានអាយុ១២ឆ្នាំហើយ ។ នៅថ្ងៃកើតហេតុគាត់បានឱ្យកូនចិញ្ចឹម របស់គាត់ទៅឃ្វាល ក្របីដោយមិនដឹងថាវា ទៅលួចនំគេហូបទេ ស្រាប់តែត្រូវស្ត្រីឈ្មោះប៊ន វេត ចាប់កូនគាត់វាយដំជាំពេញខ្លួនរហូត ដល់សន្លប់បាត់ស្មារតី កុំតែបានអ្នកជិតខាងរាយការណ៍ ទៅប្ដឹងសមត្ថកិច្ចឱ្យចាប់ ខ្លួនស្ត្រីចិត្តអប្រិយនេះ កុំអីកូនគាត់មិនដឹងទៅ ជាយ៉ាងណានោះទេ ។

ប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែលបានឃើញ ហេតុការណ៍រិះគន់ថា ស្ត្រីលក់គ្រឿងទេសរូបនេះ ចំជាមានចិត្តសាហាវមែន គ្រាន់តែនំមួយកញ្ចប់ ៥០០រៀលសោះចាប់គ្នា វាយធ្វើបាបឱ្យរបួស ពេញខ្លួនរហូតសន្លប់ទៀតផង ដូច្នេះសំណូមពរឱ្យសមត្ថកិច្ចដែលជា អ្នកអនុវត្តច្បាប់ដាក់ទោស ស្រី្តចិត្តកំណាចនេះឱ្យធ្ងន់ ដើម្បីកុំឱ្យអ្នកដទៃទៀត យកតម្រាប់តាម និងជាការគាំទ្រការពារ សិទ្ធិកុមារផង ខុសត្រូវស្ដីថា ទៅបានហើយ ។

លោកអនុសេនីយ៍ឯក វ៉ន សុភ័ណ្ឌ អធិការរងនគរបាល ស្រុកស្ទោងទទួលបន្ទុកយុត្តិធម៌បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីករណី ប្រើអំពើហិង្សាលើកុមារខា ងលើ លោកបានសុំយោបល់ ពីលោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្តឱ្យដឹកនាំ កម្លាំងចុះទៅដល់កន្លែង កើតហេតុឃាត់ខ្លួនស្ត្រីដៃដល់នាំខ្លួន មកកាន់អធិការដ្ឋានស្រុក រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៣ មីនា ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]