កំពង់ឆ្នាំងៈ សមត្ថកិច្ចចម្រុះដឹកនាំដោយ លោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក សូរិន្ទី រ៉ាវុឌ្ឍិន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង សហការជាមួយ លោកវរៈសេនីយ៍ឯក គង់ សុត្ថារិន នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស លោក អនុសេនីយ៍ឯក ប៉ោ សុងឃាង មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣បានចុះឆែកឆេរ ផ្ទះលក់ម៉ូតូមួយកន្លែង ដែលម្ចាស់ឈ្មោះ ស៊ិន វណ្ណា មានទីតាំង នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ូ ផាត បានអោយដឹងថា  ការចុះឆែកឆេរលំនៅ ដ្ឋានខាងលើ ដោយយោងតាម ការស្នើសុំ របស់លោក នៅ យ៉ារត្ន៍ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបង ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ដោយយោងតាមរបាយការណ៍ របស់មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង លេខ១១៦/២០១៣ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣  ស្តីពីក្រុមចោរ ប្លន់ម៉ូតូ២គ្រឿង ស្ថិតនៅចំណុច ភូមិសាស្រ្តខ្នងប្រឡាយ១៧មេសា ក្នុងភូមិចាមរអារ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពី វេលាម៉ោង ១៩និង៤០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ហើយបានយកម៉ូតូ២គ្រឿងទៅលក់អោយផ្ទះលក់-ទិញម៉ូតូយីហោ ស៊ិន វណ្ណា ដែលមានទីតាំង ផ្លូវជាតិលេខ៥ ផ្ទះលេខ 280 ក្រុមទី១៣ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីទិញម៉ូតូបានហើយ ក៍យកទៅទុកនៅផ្ទះរបស់ ង៉ែត សួស្តី អាយុ៦៣ឆ្នាំ  ដែលមានអាស័យ ដ្ឋានផ្ទះលេខ ៤៩៥ ក្រុមទី១៤ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឃាត់ខ្លួន ជានសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ ស៊ិន វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ និងទី២-ឈ្មោះ ប្រាក់ ណារ៉ា  ភេទប្រុស  ពីបទស្ថានទំងន់ទោស ដោយការប្រើអំពើហិង្សា និងអំពើទទួលផលចោរកម្ម តាមមាត្រា លេខ ៣៥៧,៣៩៩ និងមាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា បើយោងតាម របាយការណ៍ របស់កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានអោយដឹងថា កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន៧នាក់បាន ធ្វើសកម្មភាព ប្លន់ម៉ូតូ២គ្រឿង នៅខ្នងប្រឡាយ១៧មេសា ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយសមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣  បានចាប់ខ្លួនជនសង្ស័យបាន ចំនួន៥នាក់ ទី១-ឈ្មោះ ខេង ខុមសុខុន ហៅ ខេង សុខុម ហៅ ហេង សុធី អាយុ៣៨ឆ្នាំ ជាមេក្លោង មានទីលំនៅមិនពិតប្រាកដ ទី២-ឈ្មោះ ឡាយ សុគង់ អាយុ២៦ឆ្នាំ នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទី៣-សាន តាន់ អាយុ៣៣ឆ្នាំ នៅភូមិរាមកន ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទី៤-ឈ្មោះ ឆាយ ឈួ  អាយុ៣៣ឆ្នាំ ភេទប្រុស នៅភូមិអូរគ្រាត ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងទី៥-ឈ្មោះ សុខ យ៉ុត ហៅស្រស់ អាយុ២៥ឆ្នាំ ភេទប្រុស នៅភូមិប្រាសាទ ឃុំ ស្រះស្រង់ ខេត្តសៀមរាប ។

ការចាប់ឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ពន្ធ័ទទួលផលចោរកម្ម ដោយជនសង្ស័យបានទិញម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ដែលក្រុមចោរបានធ្វើសកម្មភាពប្លន់នៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ ដំបងនោះ  ករណីខាងលើនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ បន្តចាប់ខ្លួនជនសង្ស័យក្នុងករណីប្លន់ ប្រដាប់អាវុធខាងលើ ចំនួន២នាក់ទៀត ៕




ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]