ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានសម្រេចឃុំ ខ្លួន បុរសជនជាតិចិន កាត់ម៉ាឡេស៊ី ដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន រង់ចាំការបើក សវនាការ ជាច្រើន បន្ទាប់ពីបុរស រូបនេះបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ បណ្ដាលឱ្យ ស្លាប់មនុស្សចំនួន ៣ នាក់ កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅ ស្ថិតនៅលើផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ការសម្រេចឃុំខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក តែ សំអាង ខាងលើនេះ បានកើតមានឡើង បន្ទាប់ពីកម្លាំង នគរបាល ចរាចរជើង គោក រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជននេះ ទៅកាន់សាលាដំបូង ក្រោយពីបានឃាត់ បន្ទាប់ ពីបង្កគ្រោះថ្នាក់ ចរាចរណ៍នោះ ។

យោងតាមដីកាបង្គាប់ ឱ្យឃុំខ្លួន របស់ ចៅក្រម តែ សំអាង ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ នេះ បាន បង្គាប់ឱ្យឃុំខ្លួន ឈ្មោះ គឺ សៀកវ៉ូយ ហៅ អែនឌី ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម រស់នៅផ្ទះលេខ៦៣ ផ្លូវហាណូយ សង្កាត់ភ្នំថ្មី ខណ្ឌសែនសុខ ពីបទបើកបរបង្កឱ្យ ស្លាប់ដល់ អ្នកដទៃ ដោយអចេតនា តាមមាត្រ៨២ នៃពីច្បាប់ចរាចរផ្លូវគោក ស្ថិតនៅលើផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី០៩ ខែមីនា កន្លងទៅ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣៖១០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៣ ត្រង់ចំណុចមុខ ក្លឹបដចដ៏ លើផ្លូវលេខ១៩៨៦ ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង ដោយសាររថយន្ត ម៉ាក MERCEDES S430 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-2185  បានបើកបុកអ្នកថ្មើជើង បណ្តាលឲ្យស្លាប់បីនាក់ ។

សមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា អ្នកបើកបររថយន្ត មានឈ្មោះ KEE SIAK WEI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន-ម៉ាឡេស៊ី មុខរបរលក់គ្រឿងសង្ហារឹម ស្នាក់នៅផ្ទះលេខផ្ទះលេខ៦៣ វិថីហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដោយឡែក ជនរងគ្រោះរួមមាន ទី១ ឈ្មោះ នាង ភេទប្រុស អាយុ២៩ឆ្នាំ នៅកំពង់ចាម ទី២-ឈ្មោះ ឡូញ លាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម  ទី៣- ឈ្មោះ មុំ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការនី មានទីលំនៅភូមិជ្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ខណៈរថយន្តបាន ធ្វើដំណើរតាម បណ្តោយផ្លូវលេខ១៩៨៦  ពីទិសខាងកើតមកលិច លុះមកដល់ចំណុច កើតហេតុខាងលើ ក៏បុកអ្នកថ្មើរ ជើង០៣នាក់ ដែលដើរចេញពីក្លឹប បណ្តាលឲ្យជនរងគ្រោះម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងពីរនាក់ផ្សេងទៀត បានស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ កម្លាំងនគរបាល ចរាចរណ៍ជើងគោក បានស្ទូចយករថយន្ត និងនាំខ្លួនមនុស្សទៅឃុំ នៅការិយាល័យចរាចរណ៍ ជើងគោក ហើយបានបញ្ជូនទៅកាន់តុលាការ ។

មន្រ្តីនគរបាលចរាចរណ៍បាន ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្តាលមកពីអ្នកបើក រថយន្ត មានស្ថានភាពស្រវឹង និងមានជាតិអាល់កុល រហូតទៅដល់ ០,៧២ មីលិក្រាម ក្នុងមួយលីត្រខ្យល់៕










ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]