លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក!

//s5.kh1.co/da/daf6acea4ec44ab91b70c7a2e63d1065c681c50d.jpg
នារី

 ១៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ការ​ហាត់​ប្រាណ​ដោយ​ការ​លោត ត្រឹម​តែ​៥​​នាទី​/ថ្ងៃ អាច​ការពារ​ ពិសេស​​ស្រ្តី​​ ពី​​ហានិភ័យ​ពុក​ឆ្អឹង​ត្រគាក​​បាន នេះ​​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​​មួយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​បាន​បង្ហាញ​ថា លំហាត់​ប្រាណ​បែប​លោត អាច​ពង្រឹង​ឆ្អឹង​ជើង ដោយ​​បង្កើន​កំហាប់​ឆ្អឹង​ និង​ធ្វើ​ឱ្យ​ឆ្អឹង​មិន​ងាយ​បាក់​។ ការ​ពិសោធ​ន៍នេះ បាន​ធ្វើ​​ឡើង​ទៅ​លើ​ស្រ្តី​​៣៥​នាក់ ដែល​មាន​វ័យ​ ៥៥​-៧០​ឆ្នាំ ក្នុង​ការ​អនុវត្ត​លំហាត់​ប្រាណ​ស្រាល​ៗ ដោយ​ការ​លោត រយៈ​ពេល​៦​ខែ ដោយ​ក្នុង​នោះ​មាន​ការ​លោត ដោយ​ប្រើ​ជើង​តែ​ម្ខាង​ចំនួន​៥០​ដង រៀង​រាល់​ថ្ងៃ។

លទ្ធផល​ដូច​ការ​រំពឹង​ទុក ក្រោយ​ការ​អនុវត្ត​តាម​វិធី​ដែល​អ្នក​ជំនាញ​បាន​ណែ​នាំ ឃើញ​ថា កំហាប់​ឆ្អឹង​​​បាន​កើន​ឡើង ប្រមាណ​ ៣,២​% ​ធ្វើ​​ឱ្យ​ឆ្អឹង​ពួក​គេ​ហាប់​ណែន ពិសេស​ឆ្អឹង​ត្រគាក ដែល​ជា​សញ្ញា​ល្អ​ដល់​ស្ត្រី​​ស្ថិត​ក្នុង​វ័យ​ជ្រេ។

លោក​វេជ្ជបណ្ឌិត Katherine Brooke-Wavell អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ខាង​លើ បាន​លើក​ឡើង​ថា​៖ 

«ស្រ្តី​ដែល​នៅ​វ័យ​ក្រោយ​អស់​រដូវ​ ច្រើន​ជួប​ហានិភ័យ​ កំហាប់​ឆ្អឹង​ទាប និង​ងាយ​ប្រេះ​ស្រាំ​។ តែ​យ៉ាង​ណា​ ការ​លោត ជា​លំហាត់​ប្រាណ​មាន​ប្រយោជន៍​​ ដោះ​ស្រាយ​បញ្ហា​នេះ ម្យ៉ាង​ទៀត​ វា​ងាយ​ស្រួល​ធ្វើ ហើយ​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង»។

តាម​ការ​ផ្សាយ​​​លទ្ធផល​​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Loughborough ប្រទេស​អង់គ្លេស​ដែល​បាន​សិក្សា​ពី​ករណី​ខាង​លើ​​បង្ហាញ​ថា​ ពុក​ឆ្អឹង ជា​បញ្ហា​ទូទៅ​មួយ​លើ​ស្រ្តី​ ដែល​បាន​កើត​ឡើង​ក្រោយ​ពួក​គេ​ដល់​វ័យ​អស់​រដូវ​ ជា​ហេតុ​ធ្វើ​ឱ្យ​ឆ្អឹង​របស់​ពួក​គេ អាច​មាន​ប្រហោង​​​​ខាង​ក្នុង​ដោយ​កំហាប់​ឆ្អឹង​ទាប។ យ៉ាង​ណា​មិញ ការ​ធ្វើ​លំហាត់​ប្រាណ​រក្សា​សុខភាព​​ អាច​បង្ការ​ពី​បញ្ហា​ខាង​លើ​នេះ​បាន៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T