ខេត្តពោធិ៍សាត់ ៖ សត្វក្របីចំនួន៩ក្បាល ដែលចោរកៀងប្រុងឡើងរថយន្តទៅភ្នំពេញ ប៉ុន្តែសមត្ថកិច្ចឃាត់ទាន់បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ និងពិនិត្យមើលលិខិតស្នាមខុសប្រក្រតី។

លោកជា អរុណ អធិការរងនគរបាលស្រុកបាកាន ទទួលបន្ទុកព្រហ្មទណ្ឌឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ មីនា ២០១៣ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានរថយន្តមួយគ្រឿងឈប់នៅភូមិអន្លង់មៀន ឃុំស្នាមព្រះក្បែរផ្លូវជាតិលេខ៥ បម្រុងឡើងក្របីទាំងយប់ ។ ដោយមានការសហការជាមួយប៉ូលិសប៉ុស្តិ៍ស្នាមព្រះ ប៉ូលិសព្រហ្មទណ្ឌខេត្ត និងប៉ូលិសសេដ្ឋកិច្ចខេត្តចុះទៅដល់ក៏ឃាត់ ដើម្បីសុំធ្វើការត្រួតពិនិត្យ ។ ឃើញមានលិខិត អនុញ្ញាតឱ្យដឹកជញ្ជូនគោចំនួន៧សន្លឹក ក្នុងនោះស៊ីញ៉េត្រឹមឃុំ៣សន្លឹក ត្រឹមភូមិ៤សន្លឹក ប៉ុន្តែពុំមានបញ្ចាក់ពីបសុពេទ្យទេ ។ ដោយឃើញខុសប្រក្រតីក៏ឃាត់ ក្របីទាំង៩ក្បាលនោះមិនឱ្យឡើង រថយន្ត ហើយរថយន្តនោះក៏បន្តដំណើរទៅមុខទៀតបាត់ទៅ ។ លោកអធិការរងបន្តទៀតថា អ្នកដែលនាំក្របីទាំង៩នាក់មកឡើងរថយន្តនោះឈ្មោះគង់  ចន្ថា ហៅចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិខ្មារ ឃុំស្នាមព្រះ ហើយបានឃាត់ឱ្យនៅយាមក្របីជាមួយសមត្ថកិច្ចដែរ ដើម្បីបង្ហាញមុខម្ចាស់នៅថ្ងៃស្អែក ប៉ុន្តែគេបានប្រើល្បិចសុំទៅយកពង្រឹងមកចងដេកក៏រត់បាត់រហូត តែម្តង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]