ខេត្តប៉ៃលិន ៖ បុរសម្នាក់ដែលត្រូវគេសម្លាប់ រួចយកទៅទម្លាក់ចោលក្នុងទឹកបឹងកប់ ស្មៅពីលើស្ថិតក្នុងសភាពហើម ស្អុយរលួយ ពេលនេះត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គឺស្លាប់ដោយសារអំពើ ឃាតកម្មប្លន់សម្លាប់យកម៉ូតូ ។ ជនរងគ្រោះបានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី៦ មីនា ២០១៣ បន្ទាប់ពីឌុបបុរសមិនស្គាល់អត្តសញ្ញាណ ២នាក់មកក្រុងប៉ៃលិន ហើយក៏បាត់ខ្លួនរហូត ទោះបីប្រពន្ធសួរនាំអ្នកផ្សេងក៏អត់ដឹង និងទាក់ទងតាមទូរស័ព្ទក៏អត់ចូល។ លុះមកដល់វេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ មីនា ចំណុចចម្ការអូរអណ្តូងថ្ម ក្នុងភូមិទួល ឃុំសាលាក្រៅ ស្រាប់តែមានបុរសចំណាស់ម្នាក់ ចូលទៅកាប់ដងកណ្តបប្រទះឃើញសព នៅក្នុងទឹកបឹង ដោយស្មៅកប់ពីលើខ្លួន ដៃជើងផុសចេញមកក្រៅ ក៏រត់ទៅប្រាប់ដល់សមត្ថកិច្ច លុះក្រោយពីឮដំណឹងនេះភ្លាមគ្រួសារសព ក៏មកពិនិត្យមើល ស្គាល់ថា ជាប្តីរបស់នាងពិតប្រាកដមែន ។

ជនរងគ្រោះឈ្មោះចាន់ អ៊ន ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ប្រពន្ធឈ្មោះចាន់ យន់ អាយុ៣២ឆ្នាំ មានកូនតូចៗចំនួន២នាក់ក្នុងបន្ទុក ហើយនាងមានផ្ទៃពោះជិតគ្រប់ខែ ដោយទើបរស់នៅរកស៊ីរត់ម៉ូតូឌុបនៅចំណុចផ្សារឡែម ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានត្រឹមតែ២ខែប៉ុណ្ណោះ ម៉ូតូដែលត្រូវគេវាយយកម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ បិទតែមឆ្នាំ២០១៣ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]