រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនអនាថាម្នាក់ដែលមានរបួសបាក់ថ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ តែគ្មានលទ្ធភាពព្យាបាលក៏ត្រូវបានប្រជាពលរដ្ឋជួយទាក់ទងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅសង្គ្រោះ បន្ទាប់ពីឃើញអាការៈរបស់គាត់កាន់តែធ្ងន់ធ្ងរ ដេកនៅតាមរបងវត្តបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខនឹងវត្តកៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពពីស្ត្រីម្នាក់ឈ្មោះ វ៉េ ម៊ុំ អាយុ៤៧ឆ្នាំ ជាប្រពន្ធរបស់បុរសខាងលើមាន ឈ្មោះ អ៊ឺង សំបូរ អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បានរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់ទាំង២នាក់ចាប់ដៃគ្នា និងរស់នៅជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយមិនបានរៀបការអ្វីឲ្យបានត្រឹមត្រូវនោះទេ។ កាលពីមុនពេលគាត់ និងបុរសជាប្តីបានស្គាល់គ្នា គឺប្តីគាត់ធ្លាប់មានប្រពន្ធ និងកូនរួចមកហើយដែរ ប៉ុន្តែប្រពន្ធ និងកូនមុនរបស់គាត់បានផ្តាច់ទំនាក់ទំនងពីគ្នា ធ្វើឲ្យឱ្យគាត់ក្លាយជាជនអនាថាដើររើសអេតចាយ និងដេកតាមទីសាធារណៈ។ ហើយពួកគាត់ទាំងពីរបានរួមរស់នៅជាមួយនឹងគ្នា ដោយប្រកបរបស់ដើររើសអេតចាយ ដើម្បីយកទៅលក់យកកម្រៃមកចិញ្ចឹមជីវិត។
ប្រភពដដែលបន្តថា បន្ទាប់ពីពួកគាត់បានរស់នៅជាមួយគ្នាមិនយូរប៉ុន្មាន ថ្ងៃមួយខណៈពេលប្តីគាត់កំពុងដើររើសអេតចាយតាមផ្លូវនៅឯខេត្តតាកែវ ស្រាប់តែមានរថយន្ត១គ្រឿងបានជិះមកកៀរបុរសជាប្តី បណ្តាលឲ្យដួលរងរបួសបាក់ថ្គាមខាងឆ្វេង ចំណែកឯរថយន្តបង្កនោះក៏ជិះគេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះ បុរសរងគ្រោះក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ដោយគ្រូពេទ្យធ្វើការព្យាបាល និងតឆ្អឹងថ្គាមបុរសរងគ្រោះឡើងវិញ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យមិនទាន់នឹងជាសះស្បើយបានប៉ុន្មានផង គាត់នឹងប្តីក៏នាំគ្នាចាកចេញពីមន្ទីរពេទ្យ ដោយចេញមកដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត។ តាំងពីពេលនោះមក ប្តីគាត់មានការពិបាកក្នុងហូបចុកប្រចាំថ្ងៃ ដោយមិនអាចហូបរបស់រឹងបាននោះទេ។
ប្រភពដដែលបន្តទៀតថា អស់រយៈពេលជិត៣ឆ្នាំកន្លងមកនេះ របួសរបស់ប្តីគាត់បានធ្វើឲ្យជើងទាំងពីររបស់គាត់ហើមដើរលែងរួច មិនអាចដើររើសអេតចាយជាបន្តទៀតបាននោះទេ។ បន្ទាប់មកដោយមានការអាណិតអាសូរពីប្រជាពលរដ្ឋដែលឃើញសភាពរបស់ប្តី ក៏មានអ្នកជួយបរិច្ចាគជារទេះរុញឲ្យមកដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរ។ ដោយសារមិនអាចដើររើសអេតចាយជាបន្តទៀតបាន គាត់ក៏រុញប្តីដើរសុំលុយតាមដងផ្លូវ ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត។ ដោយសារពិបាកក្នុងការបរិភោគ និងមានការឈឺចាប់មុខរបួសគាត់ក៏នាំប្តីមករាជធានីភ្នំពេញ ដើម្បីមកធ្វើការវះរបួសបុរសរងគ្រោះ នៅឯមន្ទីរពេទ្យកៀនឃ្លាំង។
ប្រភពដដែលបន្តថា ដោយសារអាការៈរបស់ប្តីមានសភាពទន់ខ្សោយអស់កម្លាំង ធ្វើឲ្យក្រុមគ្រូពេទ្យមិនអាចធ្វើការវះកាត់របួសឲ្យប្តីបាននោះទេ រង់ចាំមានកម្លាំងឡើងវិញទើបអាចធ្វើការវះកាត់បាន។ បន្ទាប់មកគាត់ក៏បន្តរុញប្តីដើរសុំលុយតាមដងផ្លូវជាបន្តទៀត និងមកស្នាក់នៅទីតាំងកន្លែងកើតហេតុ រង់ចាំប្តីមានកម្លាំងឡើងវិញ។ ប៉ុន្តែអាការៈរបស់ប្តីកាន់តែធ្ងន់ធ្ងរទៅៗ រហូតធ្វើឲ្យមិនអាចហូបបាយបាន និងដេកសន្លប់មិនដឹងខ្លួនអស់រយៈពេលពីរទៅបីថ្ងៃ។ រហូតដល់ថ្ងៃកើតហេតុក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរៗជុំវិញកន្លែងកើតហេតុ ឃើញ ក៏បានទំនាក់ទំនងប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។
ក្រោយពីកើតរឿងខាងលើនេះ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានទាក់ទងហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកប្តីរបស់គាត់ទៅព្យាបាលជាបន្តទៀត៕
ប្រភព៖ កោះសន្តិភាព