តោះ! មកស្គាល់កីឡាករអាស៊ីចំនួន៥រូប ដែលជោគជ័យខ្លាំងនៅអឺរ៉ុបនាទសវត្សរ៍នេះ

//s5.kh1.co/ed/edfff9893cccd1d05b3aacd3f36026b05345d3d1.jpg
កីទ្បា

 ១៣-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ មួយទសវត្សរ៍ជិតនឹងបញ្ចប់ គិតចាប់តាំងពីឆ្នាំ២០១០មក មានកីឡាករមកពីអាស៊ីជាច្រើននាក់បានប្រកបអាជីពរបស់ខ្លួនតាមបណ្ដាលីគផ្សេងៗនៅទ្វីបអឺរ៉ុប​ ក្នុងនោះមានកីឡាករមិនច្រើននាក់ទេដែលជោគជ័យ និងមានប្រជាប្រិយភាពខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់កីឡាករអាស៊ីទាំង៥រូបដែលជោគជ័យខ្លាំង ដែលប្រកបអាជីពនៅទ្វីបអឺរ៉ុបកំឡុងទសវត្សរ៍នេះ៖

៥. Yugo Nagatomo
កីឡាករ Yugo Nagotomo
កីឡាករ Yugo Nagotomo

ជម្រើសជាតិជប៉ុន Yuto Nagatomo មិនសូវជាមានប្រជាប្រិយភាពខ្លាំងប៉ុន្មានទេនៅអឺរ៉ុប ប៉ុន្តែខ្សែការពារស្ដាំរូបនេះជាកីឡាករសំខាន់មួយរូបរបស់ Inter Milan នៅក្នុងទសវត្សរ៍នេះ។ Nagatomo ត្រូវបាន Inter Milan ទិញផ្ដាច់ពី Cesena កាលពីឆ្នាំ២០១១ ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងលក្ខខណ្ឌខ្ចីជើង។

ចំណាយរយៈពេល៧ឆ្នាំជាមួយក្លិបជើងខ្លាំងអ៊ីតាលី Nagatomo ចូលលេងបានលើស ២០០ប្រកួត មុននឹងផ្លាស់មកចូលរួមជាមួយក្លិបតួកគី Galatasaray កាលពីឆ្នាំ២០១៨។

៤. Shinji Okazaki
កីឡាករ Shinji Okazaki
កីឡាករ Shinji Okazaki

ផ្លាស់មកចូលរួមជាមួយ Leicester City ក្នុងឆ្នាំ២០១៥ មានមនុស្សតិចណាស់ដែលស្គាល់ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនរូបនេះ ហើយតម្លៃខ្លួននៃការផ្ទេរក៏មានចំនួនតិចដែរ។ ប៉ុន្តែ១០ខែក្រោយរួមរស់នៅលើទឹកដីអង់គ្លេស Okazaki បានក្លាយជាតួអង្គសំខាន់មួយរូបដែលជួយឲ្យ Leicester City ឈ្នះពានរង្វាន់ Premier League រដូវកាល ២០១៥-២០១៦។

មុនផ្លាស់មកលេងនៅ Leicester City ខ្សែប្រយុទ្ធជំនាញជើងស្ដាំរូបនេះធ្លាប់លេងនៅលីគកំពូលអាល្លឺម៉ង់ជាមួយក្លិប២គឺ VfB Stuttgart និង Mainz 05។ យ៉ាងណាមិញ ក្រោយចប់រដូវកាលមុន Okazaki បានចាកចេញពីទឹកដីអង់គ្លេស រួចពនេចរទៅកាន់អេស្ប៉ាញមកដល់ក្លិប Malaga មុននឹងចេញទៅបន្តរួមរស់ជាមួយក្លិបនៅលីគទីពីរ Huesca។

៣. Shinji Kagawa
កីឡាករ Shinji Kagawa
កីឡាករ Shinji Kagawa

ខ្សែបម្រើប្រយុទ្ធដែលធ្លាប់មកលេងនៅទឹកដីកម្ពុជារូបនេះ បច្ចុប្បន្នកំពុងលេងនៅលីគទី២អេស្ប៉ាញជាមួយក្លិប Real Zaragoza។ គាត់ត្រូវបានគេចាត់ទុកថាជាកីឡាករអាស៊ីជោគជ័យមួយរូបដែលប្រកបអាជីពនៅអឺរ៉ុបនាទសវត្សរ៍នេះ។

មកចូលរួមជាមួយ Dortmund កាលពីឆ្នាំ២០១០ ក្រោមការដឹកនាំរបស់លោក Klopp កីឡាករជប៉ុន Kagawa បានឈ្នះពានរង្វាន់ Bundesliga ២ដង មុនផ្លាស់មកចូលរួមជាមួយ Manchester United ក្នុងតម្លៃខ្លួន ១២លានផោនកាលពីឆ្នាំ២០១២។

ក្រោយមិនសូវមានឱកាសចូលលេងនៅលើទឹកដីអង់គ្លេស Kagawa បានត្រឡប់ទៅចូលរួមជាមួយ Dortmund វិញក្នុងឆ្នាំ២០១៤ មុននឹងផ្លាស់ទៅ Real Zaragoza ក្នុងឆ្នាំ២០១៩។

២. Makoto Hasebe
កីឡាករ Makoto Hasebe
កីឡាករ Makoto Hasebe

ខ្សែការពារជម្រើសជាតិជប៉ុនរូបនេះបានផ្លាស់ពីប្រទេសកំណើតរបស់ខ្លួនមកលេងនៅទឹកដីអាល្លឺម៉ង់អស់រយៈពេល១១ឆ្នាំហើយ។ គេបានចាកចេញពី Urawa Red Diamond មកចូលរួមជាមួយ Wolfsburg ក្នុងឆ្នាំ២០០៨ និងបានចំណាយរយៈពេល៥ឆ្នាំជាមួយក្លិបមួយនេះ មុននឹងផ្លាស់មកលេងឲ្យ FC Nurnberg។

រួមរស់បានត្រឹមរយៈពេល១ឆ្នាំ Hasebe បានចាកចេញពី Nurnberg មកចូលរួមជាមួយ Eintracht Frankfurt ជាទីដែលគេបង្ហាញខ្លួនលើវាលស្មៅបានចំនួន១៨០ប្រកួត គិតចាប់តាំងពីឆ្នាំ២០១៤។

១. Son Heung-min
កីឡាករ Son Heung-min
កីឡាករ Son Heung-min

Son ឈរនៅចំណាត់កំពូលក្នុងនាមជាកីឡាករអាស៊ីដែលលេងបានល្អនៅអឺរ៉ុបក្នុងទសវត្សនេះ។ ជើងស៊ុតរបស់ Spurs រូបនេះបានជួយឲ្យក្លិបរហស្សនាមមាន់ខ្នាយមាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League រដូវកាលមុន ហើយគេក៏មានឈ្មោះជាបេក្ខភាពប្រជែងពាន Ballon d’Or 2019 ផងដែរ។

កីឡាករមានល្បឿនលឿនរូបនេះជាអតីតយុវជនរបស់ FC Seoul មុននឹងផ្លាស់មកថ្នាល Hamburger SV នៅឆ្នាំ២០០៨។ នៅឆ្នាំ២០១០ គេត្រូវបានតម្លើងឲ្យមកលេងនៅឈុតធំរបស់ Hamburger។ ដោយសារទម្រង់លេងគួរឲ្យចាប់អារម្មណ៍ នៅឆ្នាំ២០១៣ Bayer Leverkusen បានទិញកីឡាករជម្រើសជាតិកូរ៉េខាងត្បូងរូបនេះពី Hamburger SV។ រួមរស់ជាមួយ Leverkusen បានតែ២ឆ្នាំ នៅក្នុងឆ្នាំ២០១៥ Son ត្រូវបាន Spurs នាំយកមកលេងនៅទឹកដីអង់គ្លេស ជាទីដែលគេជោគជ័យខ្លាំងបំផុត៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T