សៀមរាប : ក្នុងព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១៣ សមត្ថកិច្ច ដែលមាន នគរបាលប៉ុស្ដិ៍ សង្កាត់ស្លក្រាម មន្ត្រីនគរ បាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀន មន្ត្រីនគរបាលគ្រប់គ្រង ជនបរទេស និងមន្ត្រីជំនាញ ពាក់ព័ន្ធមួយចំនួនទៀត បានសហការ ក្នុងការឃាត់ខ្លួន សាកសួរ អ្នកដែលជាប់ពាក់ព័ន្ធ ការជក់កញ្ឆា ផ្ដល់ កញ្ឆា និងរក្សាទុកកញ្ឆា ដែលដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត សៀមរាប បានមនុស្សចំនួន ៧នាក់ (ស្រីម្នាក់) ក្នុងនោះមានបុរសជា ជនបរទេស ចំនួន៣នាក់ផងដែរ នៅភូមិមណ្ឌលបី សង្កាត់ស្លក្រាម និង មួយកន្លែងទៀតនៅ ហេបភី ស្ពៃហ្សល ភីហ្សា (Happy Special Pizza) សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

រហូតដល់ម៉ោងប្រមាណជា ៣និង៣០នាទី សមត្ថកិច្ចនគរបាល បានបន្តប្រតិបត្តិការចុះឆែកឆេរ នៅវីឡា ជួលឲ្យជនបរទេស សម្រាប់ធ្វើអាជីវកម្មផ្ទះសំណាក់ និងភោជនីយដ្ឋាន ដែលមានឈ្មោះ វីឡា អាន់ជូណា (Villa Anjuna) ស្ថិតនៅភូមិវត្តបូ សង្កាត់សាលាកំរើក ក្រុងសៀមរាប ប្រតិបត្តិការនេះរហូតដល់ម៉ោង ១០:០០នាទីយប់ សមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនបរទេស បានចំនួន១៤នាក់ (ស្រី ៦នាក់) បញ្ជូនទៅស្នង ការដ្ឋាននគរបាល ខេត្តសៀមរាប។

ចំពោះករណីទី១ ជនសង្ស័យទាំង ៧នាក់ ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកមកសួរនាំ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនោះ មានឈ្មោះ ប្រុស និងទី២ប្រពន្ធឈ្មោះ នាង ដែលជាម្ចាស់ហាង ហេបភី ស្ពៃហ្សល ភីហ្សា (Happy Special Pizza) ដែលបានរក្សាទុកនូវសារធាតុញៀនកញ្ឆាក្រៀម ចំនួន ១គីឡូក្រាម និងបារីកញ្ឆាចំនួន៤២ដើម បុរសទី៣ មានឈ្មោះ ផល សុភ័ត្រ ជាអ្នកចែកចាយ បុរសទី៤ ជាអ្នករត់ ម៉ូតូកង់បីដឹកភ្ញៀវ ចំពោះជនបរទេសទាំង៣នាក់ (ជនជាតិអង់គ្លេស ២នាក់ និងជនជាតិអ៊ីតាលី ១នាក់) ខណ: ដែលជាអ្នកប្រើប្រាស់ គឺនៅឯលំនៅឋានឈ្មោះ ផល សុភ័ត្រ នេះសមត្ថកិច្ចបានរកឃើញមាន កញ្ឆាម៉ត់ជិតកន្លះក្រាម និងប្រដាប់ប្រដារជក់កញ្ឆាមួយចំនួនទៀត។

ករណីទី១ដដែល គឺដំបូងនគរបាលប៉ុស្ដិ៍ស្លក្រាម បានឃាត់ខ្លួនជនបរទេស ៣នាក់ និងខ្មែរ ២នាក់ ខណ:ដែលពួកគេកំពុងនាំគ្នាជក់កញ្ឆា។ បន្ទាប់ក្រោយមក ក៏ឈានទៅឃាត់ខ្លួន២នាក់ប្ដីប្រពន្ធ ដែលម្ចាស់ហាង ហេបភី ស្ពៃហ្សល ភីហ្សា (Happy Special Pizza) នៅទល់មុខមន្ទីពេទ្យបង្អែកខេត្ត ម្ដុំផ្សាចាស់ រកឃើញ កញ្ឆាក្រៀម ១គីឡូក្រាម និងកញ្ឆាមូល ជាបារីចំនួន ៤២ដើម។

ចំពោះករណីទី២ ដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួនជនបរទេស បានចំនួន១៤នាក់ បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តនោះ មន្ត្រីសមត្ថកិច្ចម្នាក់ បានបង្ហើបឲ្យដឹងថា នៅក្នុងវីឡានេះ សមត្ថកិច្ចបានរកឃើញ កញ្ឆាក្រៀម ជាច្រើនកញ្ចប់ និងសារធាតុញៀនមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ប្រតិបត្តិការរបស់សមត្ថកិច្ចនគរបាល និងមន្ត្រីជំនាញពាក់ព័ន្ធ ពេញមួយថ្ងៃ ដល់ យប់នោះ គឺ ដឹកនាំដោយលោក ជួន សុបញ្ញា ព្រះរាជអជ្ញារង នៃសាលាដំបូងខេត្តសៀមរាប៕

 
























ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]