កូនផ្សោតមួយក្បាលទៀតហើយ បានកើតក្នុងខេត្តក្រចេះ, បច្ចុប្បន្នផ្សោតនៅទន្លេមេគង្គរបស់កម្ពុជាមានជាង ១០០ក្បាល

//s5.kh1.co/5a/5afd988d370b2b8328ef9cb6619baa594714ece0.jpg
សង្គម

 ១២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រុមស្រាវជ្រាវនៃអង្គការ WWF-កម្ពុជា រដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលក្រុមការងារកំពុងចុះបំពេញការងារត្រួតពិនិត្យសកម្មភាពនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោត។ នេះបើយោងតាមការផ្សព្វផ្សាយរបស់អង្គការសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជា (WWF-Cambodia)។

បន្ទាប់ពីបានប្រទះឃើញវត្តមានកូនផ្សោតទើបកើតថ្មីនោះ ក្រុមការងារបានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំ ដែលមានកូនតូចនៅជាមួយ និងថតរូបកូនផ្សោតថ្មីនោះ និងមេរបស់វា។ កូនផ្សោតទើបកើតថ្មីនោះ មានអាយុប្រហែលជាមួយថ្ងៃហើយ នៅក្នុងក្រុមហ្វូងផ្សោតធំ ដែលមានចំនួនប្រមាណជាប្រាំពីរក្បាល។

អង្គការ WWF-កម្ពុជា បានបញ្ជាក់ទៀតថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី១៣ ដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែធ្នូនេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាល ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំពីរក្បាល ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ។

កូនផ្សោតកើតថ្មី និងកំណើនចំនួនសត្វផ្សោតជាលទ្ធផល ដែលឆ្លុះបញ្ជាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង អង្គការ WWF-កម្ពុជា សហគមន៍ និងដៃគូពាក់ព័ន្ធនានា។

លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ធ្លាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា សត្វផ្សោតនៅទន្លេមេគង្គបានកើតជារៀងរាល់ឆ្នាំ។ ក្នុងនោះឆ្នាំ២០១៥ កើតបាន ១២ក្បាល, ឆ្នាំ២០១៦ កើតចំនួន ១១ក្បាល, ឆ្នាំ២០១៧ កើតចំនួន ៩ក្បាល និងឆ្នាំ២០១៨ កើតចំនួន ៩ក្បាល។

ប្រធានរដ្ឋបាលជលផល បានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះផ្សោតនៅទន្លេមេគង្គរបស់កម្ពុជាមានចំនួនសរុបជាង ១០០ក្បាល។ លោកបានសម្តែងការអបអរសាទរ ចំពោះវត្តមានកូនផ្សោតថ្មី ដែលជាប្រភេទសត្វកម្រមួយនៅកម្ពុជា។ សត្វផ្សោតនៅទន្លេមេគង្គនៅអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ និងអន្លង់ផ្សោតនៅខេត្តស្ទឹងត្រែង កំពុងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិដ៏ទាក់ទាញមួយនាពេលបច្ចុប្បន្ន។

បើតាមលោកប្រធានរដ្ឋបាលជលផល បានចាត់ទុកវត្តមានសត្វផ្សោតថ្មីនេះ នឹងក្លាយជាការរួមចំណែកសំខាន់មួយទៀត ក្នុងវិស័យទេសចរណ៍នៅតាមដងទន្លេមេគង្គ។ លោក អេង ជាសាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍នេសាទចូលរួមការពារសត្វផ្សោតទាំងអស់គ្នា ដើម្បីបង្កើនចំនួនសត្វផ្សោតឲ្យបានកាន់តែច្រើនក្នុងទន្លេមេគង្គរបស់កម្ពុជា៕

https://s5.kh1.co/__image/w=650,h=433,q=100/52/522ff15760aaa45c97b9a9b411a62b614bcbb4b2.jpg
https://s5.kh1.co/__image/w=650,h=433,q=100/66/66b5f645f0459c7a71fcb142ae8d17aef079cba3.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T