រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សុះ ម៉ាច បានអះអាងថា រហូតមកទល់ពេលនេះខ្លួននៅមិនទាន់រកឃើញកូនខ្លួនណាម្នាក់អាចស្នងសិល្បៈចម្រៀងពីរូបលោកឡើយ បើទោះបីជាលោកមានកូនប្រុសស្រី៤នាក់ក៏ដោយ ។ ដ្បិតជាឈាមជ័រជាអ្នកសិល្បៈបន្តពីឪពុកលោកសុះ មា៉ត់ និងបច្ចុប្បន្នជាអ្នកបង្ហាត់ផ្នែកចម្រៀងក៏ពិតមែន ប៉ុន្តែលោកសុះ ម៉ាច មិនទាន់សម្លឹងឃើញកូនរបស់ខ្លួនណាម្នាក់ដែលមាននិស្ស័យដូចជារូបលោកឡើយ ក្នុងពេលដែលកូនរបស់លោកកាន់តែចម្រើនវ័យធំធាត់ក៏ដោយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកសុះ ម៉ាច បានអះអាងថា៖
«ក្នុងចំណោម កូនៗទាំង៤នាក់នេះមិនទាន់រកឃើញអ្នកបន្តវេនសិល្បៈចម្រៀងពីខ្ញុំឡើយ សព្វថ្ងៃបង្រៀនកូនគេឲ្យចេះច្រៀងរហូតក្មេងខ្លះក្លាយទៅជាអ្នកចម្រៀងមានឈ្មោះល្បីល្បាញ។ រីឯកូនខ្លួនឯងមិនដែលបង្រៀនសោះព្រោះពួកគេមិនបង្ហាញពីនិស្ស័យសិល្បៈចម្រៀងនៅឡើយ តើថ្ងៃក្រោយអ្នកណានឹងបន្តវេនសិល្បៈចម្រៀងនេះ »។
បច្ចុប្បន្នលោកសុះ ម៉ាច មានកូនចំនួន៤នាក់ហើយ ក្នុងនោះកូនប្រុស២ ស្រី២ ដោយកូនស្រីច្បងត្រូវបានគេដឹងថា ជាកូនរបស់លោកជាមួយអតីតភរិយា ដែលជាកូនបង្កើតរបស់សម្តេចជា ស៊ីម ខណៈកូន៣នាក់ទៀត ជាកូនប្រពន្ធរស់នៅជាមួយគ្នាសព្វថ្ងៃនេះ ។ កូនស្រីច្បងរបស់លោកមកទល់ពេលនេះបាន និងកំពុងចម្រើនវ័យជិតពេញក្រមុំជាមួយនឹងរូបឆោមល្អស្រស់ ក្រោមការបីបាច់ថែរក្សាពីអតីតភរិយាមុនរបស់លោក ប៉ុន្តែកូនស្រីច្បងម្នាក់នេះហាក់មិនមាននិស្ស័យច្រើនមកលើសិល្បៈដូចជារូបលោកឡើយ ។
ចំណែកកូនប្រុសស្រី៣នាក់ទៀតដែលកំពុងស្ថិតនៅក្រោមការមើលថែពីរូបលោកនោះគឺហាក់នៅ តូចៗនៅឡើយ ប៉ុន្តែពួកគេទាំងនោះត្រូវបានលោកអះអាងថា ពួកគេក៏ហាក់មិនមាននិស្ស័យផ្នែកសិល្បៈនេះដូចគ្នា។ ត្រង់ចំណុចនេះជាមូលហេតុដែលលោកហាក់មានការព្រួយបារម្ភផងដែរ ដ្បិតវង្សត្រកូលរបស់លោកសុទ្ធតែជាអ្នកសិល្បៈ និងបានប្រឡូកក្នុងអាជីពនេះស្ទើរពេញមួយជីវិត ប៉ុន្តែក្នុងជំនាន់លោកហាក់មិនមានកូនស្នងសិល្បៈពីលោកទៅវិញ ។
យ៉ាងណាក៏ដោយលោកមិនបានចាប់បង្ខំឲ្យកូនណាម្នាក់ត្រូវតែចាប់អាជីពសិល្បៈដូចលោកនេះទេ គឺ អ្វីៗអាស្រ័យលើនិស្ស័យរបស់ពួកគេ ប្រសិនបើមានដុងសិល្បៈនោះលោកនឹងព្យាយាមបង្ហាត់ពួកគេ តែប្រសិនបើគ្មានទេមានតែបណ្តោយតាមនឹងប៉ុណ្ណោះ ។
លោកសុះ ម៉ាច ជាកូនតែប្រុសតែមួយគត់ដែលបានស្នងសិល្បៈចម្រៀងពីឪពុករបស់លោកគឺលោកសុះ ម៉ាត់ ដែលល្បីលើទឹកដមសម្លេងស្រទន់ ផ្អែម រួមជំនាន់នឹងលោកស៊ីន ស៊ីសាមុត៕
ប្រភព៖ កោះសន្តិភាព