ក្រុមហ៊ុន Century 21 Cambodia ជួបជុំសមាជិកជាភ្នាក់ងាររាប់រយនាក់ ក្នុងមហាសន្និបាតរបស់ខ្លួន!

//s5.kh1.co/bf/bf87a02a158b1b8a2574e58a52eae4fecc0f33f2.jpg
សង្គម

 ១១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia បាននឹងកំពុងពង្រីកឱកាសទីផ្សារ ពង្រឹងទំនុកចិត្ត និងកំពុងទាក់ទាញការវិនិយោគវិស័យអចលនទ្រព្យ ពីសំណាក់អ្នកវិនិយោគបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ក្នុងមហាសន្និបាតប្រចាំឆ្នាំលើក​ទី​២ នៃ​គ្រួ​សារ​ Century 21 ប្រ​ចាំ​កម្ពុជា​ដោយ​​មាន​អ្នក​ចូល​រួមជាង ៧០០នាក់ និងមាន​ការ​​ផ្តល់ពាន​​រង្វាន់​ដ៏​​សម្បូរ​បែបដល់​​សមាជិករួម​គ្រួសា​រ ​កាលពីរាត្រីថ្ងៃទី០៩ ខែធ្នូ កន្លងមកថា៖

«ភាពជោគជ័យនៃការមកដល់របស់​ Century21 Cambodia បានធ្វើឲ្យយើងអាចពង្រីកការិយាល័យបាន ២៣ ហើយទិសដៅ​របស់យើង នឹងពង្រីកនៅគ្រប់ខ័ណ្ឌទាំងអស់នៃឆ្នាំ២០២០ និងពង្រីកសមាជិកជាភ្នាក់ងារឲ្យបាន៧០០នាក់»។

លោកស្រីបន្តថា៖

«ការលក់របស់យើងបាននឹងកំពុងកើនឡើង ហើយយើងមានជំនឿជឿជាក់ថា វិស័យនេះនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត។ តាមរយៈវត្តមានរបស់ Century21 Cambodia បានធ្វើឲ្យទីផ្សារនេះកាន់តែមានភាពប្រសើរឡើង ហើយការលក់របស់យើងបានបន្តកើនឡើង ដោយសារតែភាពស្មោះត្រង់ ការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត ព្រោះយើងធ្វើការដោយបេះដូងជាមួយអតិថិជន»។ 

  មហាសន្និបាតប្រចាំឆ្នាំលើក​ទី​២ នៃ​គ្រួ​សារ​ Century 21
  មហាសន្និបាតប្រចាំឆ្នាំលើក​ទី​២ នៃ​គ្រួ​សារ​ Century 21

ព្រឹត្តិ​​ការ​ណ៍​​ប្រ​ចាំ​ឆ្នាំ​លើក​ទី​២​នេះ ​ត្រូវ​បាន​រៀប​ចំ​ឡើង​កាន់​តែធំ​ជាង​មុន ហើយ​​​​​​​វត្ត​មាន​អ្នក​ចូល​រួម​គឺ​មាន​ទាំង​​​ពី​​រ​សមាជិក​គ្រួសារ​ Century 21 នៅ​កម្ពុជា​ទាំង ២៣ក្រុម​ហ៊ុន និង​ពី​​​សមាជិក​គ្រួសារ Century 21 ពីសហ​រដ្ឋ​អាមេរិក ជប៉ុន ចិន កូ​រ៉េ តៃ​វ៉ាន់ សឹង្ហ​បុរី ហុង​កុង និង​​តំ​ណាង​ស្ថាប័នឯក​ជន​​ធំៗ​​ដូច​ជា​​ ម្ចាស់​សហ​គ្រាស ម្ចាស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ និងតំណាង​ពី​ធនាគារ។

លោក​ស្រី Grace Rachny Fong បាន​ថ្លែង​ថា៖

« ព្រឹត្តិ​​ការណ៍​នេះ​គឺជា​​​ឱ​កាស​ដ៏​ល្អ សម្រាប់​ដៃ​គូរ​សហ​ការណ៍​​បាន​ស្គាល់​ និង​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​​​ពង្រី​ក​បណ្តាញ​​ទំ​នាក់​ទំ​នងពាណិជ្ជ​កម្ម​ និងដើម្បី​​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក»។

លោកស្រីបន្តថា៖

«​សម្រាប់​អ្នក​ចូល​រួម​ពី​បណ្តា​ប្រ​ទេស​ជឿន​លឿន​ជា​ច្រើន​ នេះ​គឺជា​លើក​ទី​មួយ​ដែល​ពួក​គាត់​មក​ប្រ​ទេស​កម្ពុជា។ កត្តា​នេះ​ឆ្លុះ​បញ្ចាំ​ង​ថា​ ពួ​ក​គាត់​សម្លឹង​ឃើញ​ឱ​កាស​ល្អ និង​បាន​ដឹង​ពី​សក្តានុ​ពល​វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា ហើយ​យើង​សង្ឃឹម​ថា ​ពួក​គាត់​នឹង​មាន​ការ​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​​​»។

 មហាសន្និបាតប្រចាំឆ្នាំ​លើក​ទី​២ នៃ​គ្រួ​សារ​ Century 21
មហាសន្និបាតប្រចាំឆ្នាំ​លើក​ទី​២ នៃ​គ្រួ​សារ​ Century 21

ការ​ទទួល​បាន​ពាន​​រង្វាន់​របស់​ក្រុម​ហ៊ុន​ជា​​សមាជិកគ្រួ​សារ​ Century 21 ​នា​ពេល​នេះ​ គឺឆ្លុះ​បញ្ចាំងពី​ការ​តាំង​ចិត្តខ្ពស់​របស់​ម្ចាស់​ក្រុម​ហ៊ុន​​នី​មួយៗ ក្នុង​ការ​​​ផ្តល់​សេវាកម្ម​អចលន​ទ្រព្យ​​ប្រ​កប​ដោយ​វិជ្ជា​ជីវៈ ទំ​នួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ដី​ធ្លី ខុន​ដូ បុរី និងទី​ផ្សារ​​អចលន​ទ្រព្យ​ផ្សេងទៀតនៅ​កម្ពុជា​។

លោក​ស្រី Grace Rachny Fong បាន​បន្ថែម​ថា៖

«​យើង​នឹង​បន្ត​រួមសាម​គ្គី​គ្នា​ ក្នុង​ការ​កសាង​ទំ​នុកចិត្តដល់​ម្ចាស់​អចលន​ទ្រព្យ និងវិនិយោគិន​ក្នុង​វិ​ស័យនេះ​ តាម​រយៈ​ការ​ផ្តល់​ជូន​សេវា​កម្មអចលន​ទ្រព្យ​ទាំង​​​មុន និង​ក្រោយ​ពេល​ទិញ​ ​ប្រកប​ដោយ​​​​​​​ការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​​ ដើម្បី​បន្ត​​ជំ​រុញការ​អភិវឌ្ឍន៍​វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជាប្រ​កប​ដោយ​​ចី​រ​ភាព»។

វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជានឹង​បន្ត​រីក​ចម្រើន​ដោយ​ភាព​រឹង​មាំ​ នា​ពេល​ខាង​មុខ​ទៀត​ ដោយ​សារ​ស្ថិរ​ភាព​នយោបាយ ​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច និង​​កំ​ណើន​ចំ​នួន​ប្រ​ជា​ជន។ តួលេខ​ជំ​រឿន​ទូ​ទៅ​ប្រ​ជា​ជន​កម្ពុជា​ឆ្នាំ២០១៩ បាន​បង្ហាញ​ថា ប្រ​ជា​ជន​សរុប​នៅ​ឆ្នាំ២០១៩ មាន​ចំ​នួន​ ១៥,២៨ លាន​នាក់​ គឺកើន​ឡើង​ ១៤ ភាគរយ​ពី​ឆ្នាំ២០០៨ ដែល​មាន​ចំ​នួន ១៣,៣៩ លាន​នាក់។ កំ​ណើន​នេះ​ឆ្លុះ​បញ្ចាំងថា​ តម្រូវ​ការ​ផ្ទះ និង​អគារ​ពាណិជ្ជ​កម្ម​នឹង​បន្ត​កើន​ឡើង។

យោង​តាម​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ របស់​ធនាគារ​ពិ​ភព​លោក​​ ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៧ វិច្ឆិកា ឆ្នាំ២០១៩​ ​​​សេដ្ឋកិច្ច​កម្ពុជានឹង​​នៅ​រក្សា​បាន​ភាពស្វាហាប់ និង​មាន​កំ​ណើន​​៧ភាគរយ​​ក្នុង​​ឆ្នាំ​២០១៩។ ធនាគារ​ពិ​ភព​លោក​បាន​បង្ហាញ​ថា វិស័យ​សំណង់​នៅ​បន្ត​សកម្មភាព​គគ្រឹក​គគ្រេង​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ថា ​មិន​ទាន់​មាន​ភាព​នឿយ​ណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅ​ឡើយ​ទេ។ ជា​លទ្ធ​ផល​ ការនាំ​ចូល​ដែក​សំណង់​បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក​ ដល់​ទៅ​៦៣,៥ភាគរយ ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ពី ២៧,៧ភាគរយ ក្នុង​ឆ្នាំ​២០១៨។

  មហាសន្និបាតប្រចាំឆ្នាំ​លើក​ទី​២ នៃ​គ្រួ​សារ​ Century 21
  មហាសន្និបាតប្រចាំឆ្នាំ​លើក​ទី​២ នៃ​គ្រួ​សារ​ Century 21

លោក Ken Lo ​នា​យក​ប្រតិ​បត្តិ​ក្រុមហ៊ុន Century 21 Imperial Realty Co., Ltd ដែល​ជា​​សមាជិកការិយាល័យ​មួយ​របស់​ Century 21 Cambodia បាន​លើក​ឡើងថា​​៖​

«​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​រង្វង់ ​៧​ភាគរយ​ប្រ​ចាំ​ឆ្នាំ ​នឹង​ជះ​ឥទ្ធិ​ពល​ល្អ​ដល់​វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា ស្រប​ពេល​កំ​ណើន​ចំ​នួន​ប្រ​ជាជន និង​កំណើន​គម្រោង​វិនិយោគ​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​ និង​បង្កើន​តម្រូវ​ការ​ទី​តាំង​ស្នាក់​នៅ​ ទី​តាំង​អាជីវ​កម្ម​ និង​ទី​តាំង​សម្រាប់​ផលិត​កម្ម​»។

លោក​ Ken Lo បន្ត​ថា៖

« ព្រឹត្តិការណ៍​​ដែល​ប្រ​មូល​ផ្តុំ​ការ​ជួប​ជុំ​មហា​គ្រួសារ Century 21 ជា​លើក​ទី​២​ ដោយ​​​មាន​ការ​​​ផ្តល់​ពាន​រង្វាន់​បញ្ជាក់​ពី​សមទ្ធិ​ផល​របស់​សមា​ជិក​នា​ពេល​​​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​លើក​ទឹក​ចិត្ត​ និងសាមគ្គី​ភាព​រឹង​មាំ ​ក្នុង​ចំ​ណោម​សមា​ជិក​គ្រួ​សារ Century 21 ដែល​វា​នឹង​រួ​ម​ចំ​ណែក​បង្កើន​ទំ​នុក​ចិត្ត​ដល់​អតិ​ថិជន។ វា​ឆ្លុះ​បញ្ចាំងថា យើងគឺ​​ជា​ក្រុមហ៊ុន​ដែល​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់ និងជា​សមាជិក​មួយ​នៃ​គ្រួសារ​ Century 21 ដែល​ល្បី​ល្បាញ​ជាង​គេ​លើ​​​ពិ​ភព​លោក។​ ​វាជា​សារ​ដ៏​សំ​ខាន់​មួយ​ទៅ​ដល់​ម្ចាស់​អចលន​ទ្រព្យ​នៅ​កម្ពុជា ​ឲ្យ​បាន​ដឹង​ពី​សារៈ​សំខា​ន់​​នៃ​ក្រុម​ហ៊ុន​ភ្នាក់​ងារ​ស្រប​ច្បាប់​ ដែល​មាន​យី​ហោ​ទទួល​ស្គាល់​កម្រិត​អន្តរ​ជាតិ មាន​ចុះ​បញ្ជី​ការ​ត្រឹម​ត្រូវ​នៅ​កម្ពុជា នឹង​ជា​ក្រុម​ហ៊ុន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ដល់​ការ​បង់​ពន្ធ​ និង​បង្កើន​ចំ​ណូល​រដ្ឋ»។

យោង​តាម​ទិន្ន​ន័យ​ពី​ក្រ​​សួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំ​ណង់ ក្នុង​រយៈ​ពេល​ពី​ខែ​មក​រា ដល់​ខែវិច្ឆិកា​ ​​ឆ្នាំ២០១៩​នេះ​ ក្រសួង​​បាន​អនុម័ត​លើ​គម្រោង​ស្នើ​សុំ​វិនិយោគ​ លើ​វិ​ស័យ​សំ​ណង់ដែល​មាន​ទុន​វិនិយោគសរុប​​ជាង ៨,៧៥ ពាន់​លាន​ដុល្លារ​ គឺ​កើន​ឡើង​ ៦៧ ភាគរយ​ធៀប​នឹង​រយៈ​ ១១ ខែ​ដូច​គ្នា​ឆ្នាំ ២០១៨។ ចំ​ពោះ​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ និង​មាន​សុ​ពល​ភាព​កំ​ពុង​ប្រ​កប​អាជីវ​កម្ម​សាង​សង់​ និង​សិក្សា​គម្រោង​ប្លង់​នៅ​កម្ពុជា​មាន​ចំ​នួន​ ១ ០៨១ ក្រុម​ហ៊ុន​ក្នុង​នេះ ​មាន​ក្រុម​ហ៊ុន​បរទេស​ចំ​នួន​៤៨៥ ក្រុម​ហ៊ុន​ គឺមក​ពី​ប្រ​ទេស​ចិន​ កូរ៉េ ជប៉ុន ថៃ វៀត​ណាម សឹង្ហ​បុរី ម៉ា​ឡេស៊ី បារាំង អាមេរិក អង់គ្លេស ឥណ្ឌូនេស៊ី​ អូស្រ្តាលី កាណា​ដា និង​ប្រ​ទេស​ជា​ច្រើន​ទៀត។

  មហាសន្និបាតប្រចាំឆ្នាំ​លើក​ទី​២ នៃ​គ្រួ​សារ​ Century 21
  មហាសន្និបាតប្រចាំឆ្នាំ​លើក​ទី​២ នៃ​គ្រួ​សារ​ Century 21

លោក គុយ វ៉ាត​ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century21 Cambodia បានមា​នប្រសាសន៍ថា៖

«នេះ​ជា​កម្ម​វិ​ធី​លើក​ទី​២ហើយ ​ដែល​​មហា​​គ្រួសារ​Century 21​ Cambodia បាន​រៀប​ចំ​​ឡើង​នៅ​កម្ពុជា​ ហើយព្រឹត្ត​ការណ៍​​លើក​នេះ ​យើង​មាន​អ្នក​ចូល​រួម​ដល់​ទៅ​ជិត៧០០នាក់​ ដែល​រួម​មាន​ទាំង​សមាជិក​មហា​គ្រួ​សារ​ Century 21 Cambodia និង​ Century 21 អន្តរ​ជាតិ ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពី​សហ​គ្រិន​ប្រ​ចាំ​កម្ពុ​ជា និង​ធនាគារ​ជា​ដៃគូ»​។

លោកបន្តថា៖

«វត្ត​មាន​ចូល​រួម​របស់​បង​ប្អូ​ន​ទាំង​អស់​គ្នា បាន​ធ្វើ​ឲ្យ​កម្ម​វិ​ធី​របស់​យើង​មាន​ការ​ជួប​ជុំ​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ»។

ប្រ​ទេស​កម្ពុជា​ ជា​ប្រទេស​ទី ៧៥ ដែល​ក្រុម​ហ៊ុន​លំ​ដាប់​ពិ​ភពលោក​មួយ​នេះ​ បាន​​ឈាន​ជើង​ចូល​ក្នុង​ទី​ផ្សារ​ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​វិ​ស័យ​អចលន​ទ្រព្យ។ ចាប់​តាំ​ង​ពី​ពេល​បើក​សម្ពោធ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​ដំ​បូង រហូត​មក​ទល់​ពេល​នេះ​ យើង​មាន​អាយុ​កាល​ ៥ ឆ្នាំ​ហើយ​។ ហើយ​យើង​បាន​​បម្រើ​សេវា​កម្ម​ទិញ​លក់ ជួល​ អចលន​ទ្រព្យ​​គ្រប់​ប្រ​ភេទ​ដល់​បង​ប្អូន​ប្រ​ជា​ជន​ខ្មែរ​ និង​អ្នក​វិនិយោគ​មក​ពី​​បណ្តា​ប្រទេស​ផ្សេងៗ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T