ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជាបន្តបន្ទាប់ ។ បើតាមលោកឧកញ៉ា ហេង វណ្ណា ដែលជាប្រតិបត្តិករក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវដោយរថយន្តតាក់សុីសម្រាប់ដឹកភ្ញៀវទេសចរបានថ្លែងថា សកម្មភាពគប់កញ្ចក់រថយន្តក្រុមហ៊ុនរបស់លោកភាគច្រើនកើតឡើងនៅពេលយប់ ធ្វើឱ្យអ្នកបើកបររថយន្តដែលខ្លះជាជនជាតិខ្មែរ និងខ្លះទៀតជាជនជាតិចិន មានការភយ័ខ្លាច ក្នុងនោះបុគ្គលិកបើកបរខ្លះមានទាំងខ្មែរនិងចិន បានសុំឈប់ពីការងារជាបន្តបន្ទាប់ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន ។ ចំពោះករណីនេះ លោកបានដាក់បណ្តឹងទៅ់សមត្ថកិច្ចតាមផ្លូវច្បាប់ហើយ ដើម្បីមានវិធានការដោះស្រាយចំពោះអ្នកដែលប្រព្រឹត្តទាំងនោះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជុំវិញមូលហេតុដែលនាំឱ្យកើតមានសកម្មភាពគប់បំបែកកញ្ចក់រថយន្តតាក់សុីដឹកភ្ញៀវពិសេសដឹកជនជាតិចិន ក្នុងក្រុងព្រះសីហនុនេះ លោកឧកញ៉ា ហេង វណ្ណា មានប្រសាសន៍ថា ខាងក្រុមហ៊ុនក៏មិនទាន់ដឹងពីមូលហេតុឬដើមហេតុយ៉ាងណាដែរ ហើយលោកសង្ឃឹមថា អ្នកពាក់ព័ន្ធនឹងសកម្មភាពនេះនឹងត្រូវសមត្ថកិច្ចបង្ក្រាបជាពុំខាន ។
ជាមួយគ្នានេះ លោកឧកញ៉ាថ្លែងទៀតថា ខាងក្រុមហ៊ុនក៏បានណែនាំអ្នកបើកបរក្នុងក្រុមហ៊ុន ឱ្យប្រកាន់ឥរិយាបថល្អ និងគោរពច្បាប់ជាការចាំបាច់ ពេលបើកបរដឹកភ្ញៀវនៅតាមដងផ្លូវ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរក្រៅពីជនជាតិខ្មែរ មានខ្លះជាជនជាតិចិន កំពុងប្រឈមនឹងបាតុភាពនេះ ក្នុងនោះក្រៅពីរថយន្តដែលខូចខាត អ្នកបើកបរខ្លះក៏មានរបួសដែរ ហើយពេលនេះការស្រាវជ្រាវកំពុងធ្វើដើម្បីស្វែងរកអ្នកប្រព្រឹត្ត ។
ទោះជាយ៉ាងនេះក្តី មន្ត្រីសមត្ថកិច្ចបានអំពាវនាវដល់អ្នកប្រព្រឹត្ត ឱ្យបញ្ឈប់សកម្មភាពគប់កញ្ចក់រថយន្តបែបនេះ ដែលនាំទៅដល់ការជាប់ទោសទណ្ឌ ហើយថាប្រសិនបើមានបញ្ហាអ្វីប៉ះពារគ្នាដោយប្រការណាមួយ សូមឱ្យពលរដ្ឋយើងកុំយកហិង្សាមកដាក់ខ្លួន ត្រូវព្យាយាមរកការដោះស្រាយគ្នាដោយផ្លូវច្បាប់ ៕
ប្រភព៖ freshnews