តោះ! មកស្គាល់ប្រវត្តិប្រកួត និងការឈ្នះមេដាយ របស់កីឡាការិនី ស៊ន សៀវម៉ី

//s5.kh1.co/b4/b4f0ad7828656f5e2990d0bcbfd81a54d4a6e43a.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា៖ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី គឺជាម្ចាស់មេដាយមាស៣ជំនាន់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ( South East Asian Games) SEA GAMES ដែលតែងប្រារព្ធឡើងជារៀងរាល់២ឆ្នាំម្ដង រាប់តាំងពីស៊ីហ្គេមឆ្នាំ២០១៣ មកដល់ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាការិនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023)
កីឡាការិនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023)

កីឡាការិនី ស៊ន សៀវម៉ី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ និងមានកម្ពស់ ១,៨៣ម៉ែត្រ។ សៀវម៉ី មានបងប្រុសឈ្មោះ ស៊ន អេលីត និងបងស្រី ស៊ន ដាវីន (ភរិយារបស់អតីតកីឡាករប្រដាល់គុនខ្មែរ វ៉ន វីវ៉ា) ដែលជាអតីតកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូចគ្នា។

មុនពេលឈានដល់មេដាយមាសក្នុងប្រវត្តិស៊ីហ្គេម កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ឈ្នះមេដាយសំរឹទ្ធ១គ្រឿង កាលពីស៊ីហ្គេមលើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី លើវិញ្ញាសា ៥៦-៦២គីឡូក្រាម។

  • ស៊ីហ្គេម លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៣ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (67-73kg)
  • ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ សៀវម៉ី ឈ្នះមេដាយមាស១គ្រឿង (67-73kg)
  • ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ដែលទើបបញ្ចប់នាយប់ថ្ងៃទី៨ ខែធ្នូនេះ ស៊ន សៀវម៉ី ប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន ALORA KIRSTIE ELAINE នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះ៣ពិន្ទុ ក្នុងម៉ោងបន្ថែម១នាទី (Golden Round) បន្ទាប់ពីកីឡាការិនីទាំងពីរនាក់មានពិន្ទុស្មើគ្នា ៩ទល់៩ ក្នុងការប្រកួតទាំង៣ទឹក។ មុនជួបម្ចាស់ផ្ទះនៅវគ្គផ្តាច់ព្រ័ត្រ សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HA THANH ក្នុងពិន្ទុដាច់ឆ្ងាយ ២៥ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ដូច្នេះ ក្នុងចំណោមស៊ីហ្គេម ៥លើក កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជារូបនេះដណ្តើមបានមេដាយចំនួន៤គ្រឿង គឺមេដាយមាស៣ និងសំរឹទ្ធ១ រំលងតែស៊ីហ្គេម ២០១៥ ប៉ុណ្ណោះ។

កីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយស៊ីហ្គេមលើកទី៣០ (រូបភាព: Cambodia SEA GAMES 2023)
កីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយស៊ីហ្គេមលើកទី៣០ (រូបភាព: Cambodia SEA GAMES 2023)

ក្រៅពីព្រឹត្តិការណ៍ស៊ីហ្គេម កីឡាការិនីតេក្វាន់ដូដ៏មានប្រជាប្រិយភាពរូបនេះ ធ្លាប់បានកសាងប្រវត្តិសាស្ត្រដ៏ធំធេងជូនជាតិផងដែរ ក្នុងកម្រិតទ្វីបអាស៊ី ដោយគេនៅចាំបានថា កីឡាអាស៊ី (ASIAN GAMES) ឆ្នាំ២០១៤ នៅអ៊ីនឈុន សាធារណរដ្ឋកូរ៉េ នាងបានប្រកួតឈ្នះមេដាយមាសជាលើកដំបូងរបស់ប្រទេសកម្ពុជា ចាប់តាំងពីការចូលរួមកីឡាអាស៊ី តាំងពីឆ្នាំ១៩៥៤ ដែលជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរយៈពេល ៦០ឆ្នាំរបស់កម្ពុជា (២០១៤)។ ពេលនោះ សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីអ៊ីរ៉ង់ ដោយលទ្ធផល ៧-៤ នៅវគ្គផ្ដាច់ព្រ័ត្រ ហើយបានក្លាយជាកីឡាការិនីកម្ពុជាដំបូងគេ ដែលបានឈ្នះមេដាយមាសកីឡាអាស៊ី តាំងពីឆ្នាំ១៩៥៤។

កីឡាការិនី ស៊ន សៀវម៉ី
កីឡាការិនី ស៊ន សៀវម៉ី

នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី សៀវម៉ី បានធ្លាក់ចេញត្រឹមវគ្គជម្រុះ។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម ដែលជាកីឡាកម្រិតខ្ពស់ក្នុងពិភពលោក កីឡាការិនី ស៊ន សៀវម៉ី គឺជាបេក្ខភាពពេញសិទ្ធិតែមួយគត់របស់កម្ពុជា ក្នុងការប្រកួតឈ្នះវគ្គជម្រុះប្រចាំទ្វីបអាស៊ី ហើយបានទៅចូលរួមប្រកួត ក្នុងអូឡាំពិកហ្គេម នៅឆ្នាំ២០១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដោយសារតែការចូលរួមរបស់កម្ពុជា ក្នុងអូឡាំពិកហ្គេម កន្លងទៅនោះ គឺជាការចូលរួមតាមការអញ្ជើញ ក្នុងកម្រិតសិទ្ធិអនុគ្រោះពីអន្តរជាតិតែប៉ុណ្ណោះ៕

កីឡាការិនី ស៊ន សៀវម៉ី
កីឡាការិនី ស៊ន សៀវម៉ី
កីឡាការិនី ស៊ន សៀវម៉ី
កីឡាការិនី ស៊ន សៀវម៉ី
កីឡាការិនី ស៊ន សៀវម៉ី
កីឡាការិនី ស៊ន សៀវម៉ី

ប្រភពCambodia SEA GAMES 2023

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T