សម្ដេចព្រះរៀម​នរោត្តម បុប្ផា​ទេវី តួឯក​របាំ​អប្សរា​មុនគេ

//s5.kh1.co/18/1874ab12eae569776a861516b4a67d719f3c8ea5.jpg
សង្គម

 ២១-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

របាំ​ព្រះរាជ​ទ្រព្យ​មាន​ច្រើន​ប្រភេទ ហើយ​ក្នុង​ចំណោម​របាំ​ទាំងនោះ​មាន​របាំ​មួយ​ដែល​មានឈ្មោះ​ល្បីល្បាញ និង​បាន​លើកតម្កើង​កិត្តិយស​វប្បធម៌ អរិយធម៌​ប្រទេស​ជាតិ ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ខ្មែរ​ជាងគេ នោះ​គឺ «​របាំ​អប្សរា​»​។ សព្វ​ថ្ងៃនេះ​គេ​និយម​សម្ដែង​របាំ​អប្សរា​នៅ​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ បុណ្យ​សាសនា មហោស្រព​សិល្បៈ ធំ​ៗ និង​ពិធី​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ អន្តរជាតិ ផ្សេង​ៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«​របាំ​អប្សរា​» នៅ​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​តាំងពី​សម័យ​បុរាណកាល​រហូត​មក​ដល់​ពេល​បច្ចុប្បន្នកាល​នេះ ។ របាំ​នេះ​បាន​ទទួល​ការ​កើត​សរសើរ​ស្ញប់ស្ញែង​ល្បី​រន្ទឺ​ពាសពេញ​ពិភព​លោក។

សៀវភៅ​មគ្គុទ្ទេសក៍​នគរ​ពណ៌នា​ថា​«​របាំ​អប្សរា​» បាន​បង្កើត​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៦០ ដោយ​ស្នា​ព្រះ​ហស្ត​ព្រះ​មហាក្សត្រី​យា​នី ស៊ី​សុវត្ថិ កុសុមៈ នារីរ័ត្ន ហើយ​តួឯក​អប្សរា​ទី​១ គឺ​ម្ចាស់​ក្ស​ត្រី​បុប្ផា​ទេវី ។ របាំ​អប្សរា​បាន​ឧប្បត្តិក​ឡើង​ក្នុង​ឱកាស​ដែល​ព្រះ​មហាក្សត្រី​យា​នី​យាង​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​សាលា​បឋម​សិក្សា​សុធារស ។

នាយិកា​ដែល​បាន​រៀបចំ​ពិធី​សិល្បៈ​កុមារ បាន​កាត់​ក្រដាស​ធ្វើ​ជា​មកុដ​ពាក់​ដូច​គ្នា​នឹង​មកុដ​អប្សរា​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទអង្គរវត្ត​បេះបិទ ។ រឿង​នេះ​ញ៉ាំង​ឱ្យ​មហាក្សត្រី​យា​នី​នឹក​ផ្ដួចផ្ដើម​គំនិត​​បង្កើត​របាំ​នេះ​ឡើង ហើយ​បាន​ប្រសិទ្ធ​នាម​ថា «​របាំ​អប្សរា​»​។ ចំណែក​ឯក​ពាក្យ​ថា «​របាំ​អប្សរា​» នេះ ជា​ពាក្យ​ផ្សំ​ខ្មែរ​និង​សំស្ក្រឹត មាន​ន័យ​ថា «​របាំ​ទេវៈ របាំ​ទេពអប្សរ ឬ​ក៏​របាំ​ទេវតា​» ។ បើ​និយាយ​ពី​គ្រឿង​តុបតែង​កាយ មកុដ​អប្សរា និង​ក្បាច់​រាំ​… សុទ្ធតែ​បាន​ចម្លងតាម​គំរូ​អប្សរា​នៅ​តាម​ប្រាសាទអង្គរវត្ត​ទាំង អស់ ។

មាន​ន័យ​ថា វា​មាន​តម្លៃ និង​រក្សា​ចរិត​ជា​លក្ខណៈ​ខ្មែរ​សុទ្ធសាធ ។ តាម​ការ​សង្កេត មកុដ​អប្សរា​ដែល​មាន​តាម​ជញ្ជាំង​នគរវត្ត ត្រូវ​មាន​កំពូល​ប្រាំពីរ ។ កំពូល នីមួយ​ៗ មាន​រចនា​ក្បាច់​ថ្នាំងអំពៅ មាន​សមាមាត្រ​សមឥត​ខ្ចោះ និង​សក់​វែង​ប៉ប្រះ​ស្មា ។ នៅ​អម​ត្រចៀក​គេ​រចនា​ក្បាច់​សក់ក្រង ម្ខាង​ៗ​បី​សរសៃ ។ ឯ​ត្រចៀក​ពាក់​រំយោល​ធ្លាក់​ដល់​ស្មា ។ ក​មាន​ពាក់​សុ​រង ព្រមទាំង​រំលេច​ដោយ​រំយោល​ក្បាច់រចនា​តាម​ម៉ូ​ដ​ផ្សេង​ៗ ។

ចំណែក​ដើមដៃ​ទាំង​សងខាង​ពាក់​ស្នំ​ដៃ ហើយ​កដៃ​ពាក់កង ។ បើ​ពិនិត្យ​លើ​ទ្រូង ឃើញ​មាន​សង្វារ​ខ្វែង​ពីលើ​អាវ និង​ស្នំ​ចង្កេះ​រឹត​យ៉ាង​តឹង ដែល​មាន​រំយោល​ភ្ជាប់​ទៅ​នឹង​សំពត់​ផង ។ ភាគ​ច្រើន​ជើង​សំពត់​មាន​រចនា​ជា​រាង​កន្ទុយ​ត្រី ។ ក្រៅពី​នេះ​សំពត់​មួយ​ផ្ទាំង​ទៀត​ឃើញ​មាន​សៀត​ត្រង់​ចង្កេះ​ខាងស្ដាំ ទម្លាក់​ជាយ​ចុះ​មក​ក្រោម ។ នៅ​លើ​ជើងមាន​ពាក់កង និង​កង​ទ្រ​ដល់​ដី ។ ចំណែកឯ​ជាយសំពត់​នៅ​ត្រង់​ចង្កេះ​ផ្នែក​ខាងឆ្វេង រចនា​ជា​ផ្នត់ អង្កាញ់​ៗ​ទម្លាក់​ពី​ចង្កេះ​ដល់​ដី ។រីឯ​អប្សរា​សព្វថ្ងៃ យើង​ក៏​និយម​តុបតែង​តាម​លំនាំ​នេះ​ដែរ ។ ប៉ុន្តែ​ការ​តុបតែង​សក់ និង​ខ្លួន​នៅ​មាន​កម្រិត ពុំ​ទាន់​ល្អ​ដូច​តួ​អប្សរា​អង្គរវត្ត​បេះបិទ​នៅឡើយ​ទេ ។

«​របាំ​អប្សរា​» ត្រូវ​សម្ដែង​ឡើង​ដោយ​មានការ​ប្រគំ​អម​ជាមួយ​បទ​ភ្លេង​មហោរី​ព្រះរាជ​ទ្រព្យ ដែល​មាន​ចង្វាក់រាំ​ទន់ភ្លន់ គួរ​ឱ្យ​ចាប់ចិត្ត​គយគន់​ក្រៃ​លែង ។ ទាំង​កាយវិការ ទន់​ល្វាសល្វន់ គួប​ផ្សំ​នឹង​ដៃ​ចាក់​ក្បាច់​រាំ ជើង​លើកដាក់ គ្រវាស មួយ​ៗ ថ្នម​ៗ ព្រម​គ្នា​នឹង​ក្បាល​ធ្វើ​ចលនា​រាំ​ងាករេ​ឆ្វេង ស្ដាំ ចុះឡើង​ៗ សែន​សមឥត​ខ្ចោះ ។ ពិនិត្យ​ច្បាស់​ជាង​នេះ​ទៅ​ទៀត ម្រាមដៃ​អប្សរា ង​ខ្វង់ ។ ចង្កេះ​រស់​រវើក​សម​នឹង​គូថ​រាង​ង​ស្ទើត មិន​ចាញ់​អប្សរា​អង្គរ​ប៉ុន្មាន​ឡើយ ។

https://s5.kh1.co/__image/w=650,h=366,q=100/bf/bf4eb5e8a622acb82d454630486c8be4a9a02f66.jpg

ថ្វី​ដ្បិតតែ​របាំ​អប្សរា មាន​ចលនា​សម្ដែង​មួយ​ៗ បែប យឺត​ៗ​ក៏​ពិតមែន ប៉ុន្តែ​លក្ខណៈ​នេះ​បញ្ជាក់​ច្បាស់​នូវ​ស្ថានភាព​សំបូរ​សប្បាយ នា​សម័យ​កាលនោះ ។ វា​បង្ហាញ​ភាព​ផ្អែមល្ហែម ចិត្ត​សុខ​ស្ងប់ អារម្មណ៍​រួសរាយ​រាក់ទាក់ បញ្ជាក់​ភាព​គ្មាន​កង្វល់ ។ បើ​គិត​ពី​ធាតុ​ដើម​នៃ​របាំ​អប្សរា​ក៏​សម​ស្រប​នឹង​អត្ថន័យ​ថា «​របាំ​ទេពអប្សរ ឬ​ទេវតា​» ដែល​គ្មាន​កង្វល់​នឹង​ជីវិត​ឡើយ ។

ការ​សម្ដែង​របាំ​អប្សរា បាន​ក្លាយជា​ប្រពៃណី​ជាតិ ។ ជា​ពិសេស​របាំ​នេះ​ធ្លាប់​បាន​ទៅ​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃ​អន្តរជាតិ​ជា​ច្រើន​ដូច​ជា ប្រទេស​បារាំង សហរដ្ឋអាមេរិក ជប៉ុន អ៊ី​តា​លី ដា​ណឺ​ម៉ាក់ ជាដើម ។ ថ្វី​ដ្បិតតែ​របាំ​អប្សរា ពុំ​បាន​លើកយក​មក​សម្ដែង​ជា​ប្រចាំ ហើយ​ញឹកញាប់ ដូច​តន្ត្រី​សម័យ​ក៏​ពិតមែន ប៉ុន្តែ​វា​មាន​លក្ខណៈ និង​ចរិត​ជាតិ​ពិសេស​ជ្រាលជ្រៅ ខុស​ពី​តន្ត្រីសម័យ ។

របាំ​អប្សរា​មាន​តម្លៃ​បង្កប់​ក្នុង​អារម្មណ៍​ជនជាតិ​ខ្មែរ​គ្រប់​រូប ។ វា​តំណាង​ឱ្យ​ដួង​ព្រលឹង​ជាតិខ្មែរ ពិត​ៗ ដែល​បាន​ទទួល​ការ​និយម​គាំទ្រ និង​កោតសរសើរ​ដល់​ទឹកដៃ​សិល្បៈ​របាំ​អប្សរា​នេះ​ថា សិល្បៈ​របាំ​អប្សរា ពិតជា​ទន់ភ្លន់​សក្ដិ​សម​នឹង​ឫកពា សុភាព​រាបសា ថ្លៃថ្នូរ ជា​សុភាព​ស្ត្រី​ខ្មែរ ពិត​ៗ ។

សព្វថ្ងៃ​ប្រទេស​យើង​បាន​បង្កើត​មហាវិទ្យាល័យ​នាដ​សាស្ត្រ​របាំ​បុរាណ ។ នៅ​ទីនោះ​គេ​បាន​ហាត់​របាំ​ជូនពរ របាំ​ទេពប្រណម្យ របាំ​មនោ​រម្យ របាំ​ផ្លិត​…​។ ឯ​នៅ​តាម​សាលា​បឋម​សិក្សា​មួយ​ចំនួន​ក៏​មាន​គ្រូសិល្បៈ​សម្រាប់​បង្ហាត់​របាំ​បុរាណ​នេះ​ដល់ កុមារ​ៗ​ផង​ដែរ ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា សិល្បៈ​របាំ​បុរាណ ពិសេស​របាំ​អប្សរា​មាន​តម្លៃ​ជាតិ​ខ្ពស់ ព្រោះ​វា​បាន​រក្សា និង​បង្ហាញ​ចរិត​លក្ខណៈ​​របស់​ជាតិ ជា​តំណាង​ព្រលឹង​ជាតិខ្មែរ​ជា​ច្រើន​តំណ​មក​ហើយ ៕

https://s5.kh1.co/__image/w=650,h=899,q=100/4a/4adb4eccda3b6e0e8f09f9f20613fd58da67f312.jpg
https://s5.kh1.co/__image/w=650,h=911,q=100/7f/7ff864b9db058034b1d57408a5b0d2df692b68ae.jpg
https://s5.kh1.co/__image/w=650,h=813,q=100/a8/a86bab8806da14f08f1fe473efd06d1b8d56ad50.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T