ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Google និងក្រុមហ៊ុន GSMA សហការគ្នារៀបចំកម្មវិធី អក្ខរកម្មឌីជីថល!

//s5.kh1.co/e7/e78a06f0182751a3aaaf18388dbb97340eb42b28.jpg
សង្គម

 ២០-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សិស្សវិទ្យាល័យប្រមាណ ១,៤០០ នាក់ក្នុងខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍នាពេលឆាប់ៗនេះ ពីកម្មវិធីថ្មីមួយស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត» ដែលត្រូវបានរៀបចំសាកល្បងដោយក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Google និងក្រុមហ៊ុន GSMA ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តនៃសមាគមពាណិជ្ជកម្មពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពជាដៃគូនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជំុកាលពីម្សិលមិញ ក្រោយទទួលបានការគាំទ្រជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា ​ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលនឹងគំាទ្រការអនុត្តន៍គម្រោ​ងនេះ។ កម្មវិធីនេះទទួលបានការគាំទ្រពេញទំហឹងពីវិភាគទានរបស់ក្រុមហ៊ុន Smart  លើមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»
កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»

កម្មវិធីអក្ខរកម្មឌីជីថលនេះ នឹងរៀបចំដំបូងសម្រាប់សិស្សពីថ្នាក់ទី១០ និងថ្នាក់ទី​១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្ត​កំពង់ឆ្នាំង។ ដោយផ្អែកលើការសិក្សាក្នុងកម្មវិធីសាកល្បងនេះ ភាគីទាំងអស់រំពឹងថានឹងពិភាក្សាបន្ថែមទៀត ស្តីពីការពង្រីកសិក្ខាសាលាទៅកាន់សាលារៀនផ្សេងទៀតនៅទូទាំងប្រទេស។

លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន​ Smart Axiata បានមានប្រសាសន៍ថា៖

«អក្ខរកម្មឌីជីថល គឺជាជំនាញដ៏សំខាន់មួយ  ដើម្បីជម្រុញការរីកចម្រើននៃការទទួលយកទូរស័ព្ទចល័តនៅកម្ពុជា។ យើងមានមោទនភាព ដែលបានសហការជាមួយដៃគូសក្តានុពលលើគម្រោងនេះ ដើម្បីបង្ហាញពីគុណតម្លៃប្រព័ន្ធអ៊ីនធើណែត ហើយជម្រុញការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងលើកកម្ពស់សារៈសំខាន់នៃភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។ គោលដៅយូរអង្វែងរបស់យើងគឺ អនុវត្តកម្មវិធីនេះនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទ ដើម្បីជួយឲ្យយុវជនកម្ពុជា ដែលកំពុងប្រើប្រាស់អ៊ីនធើណែតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»។

កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី  «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»
កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»

ក្នុងដំណាក់កាលដំបូង ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកសាលារៀនចំនួន៣កន្លែងក្នុងខេត្តនីមួយៗ និងបានតែងតាំងគ្រូបង្រៀនចំនួន៣រូប ក្នុ្ងងសាលារៀននីមួយៗ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលដឹកនាំដោយអតីតនិស្សិតមកពីកម្មវិធី SmartEdu ដែលនឹងរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ។ កម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងដោយក្រុមហ៊ុន Google រួមមានការបង្រៀនអក្ខរកម្មឌីជីថលមូលដ្ឋាន ការក្រើនរំលឹកអំពីសារៈសំខាន់ស្ដីពីសុវត្ថិភាពពាក្យសម្ងាត់ ការគំរាមកំហែងតាមអ៊ីនធើណែត និងភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។

ក្រៅពីការសិក្សាភាពជាពលរដ្ឋសកម្មផ្នែកឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Google អ្នកសម្របសម្រួលនៃកម្មវិធីសិក្ខាសាលានឹងដាក់បញ្ចូលទស្សនៈទាក់ទងនឹងប្រព័ន្ធអ៊ីនធើណែត សម្រង់ពីសៀវភៅណែនាំ លើកម្មវិធីបណ្តុះបណ្តាលជំនាញអ៊ីនធើណែតទូរស័ព្ទចល័តរបស់ក្រុមហ៊ុន GSMA

កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី  «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»
កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»

កញ្ញា Su Ann Lim ប្រធានផ្នែកឧស្សាកម្មសម្រាប់បច្ចេកវិទ្យា និងទូរគមនាគមន៍នៃក្រុមហ៊ុន Google បានមានប្រសាសន៍ថា ៖

«នៅក្រុមហ៊ុន Google យើងមានសុទិដ្ឋិនិយមលើបច្ចេកវិទ្យា ហើយជឿជាក់ថា ទាំងការអប់រំ និងបច្ចេកវិទ្យាអាចជួយលើកកម្ពស់ជីវភាពរបស់សិស្ស និងគ្រូបង្រៀន ហើយវាមានសារៈសំខាន់ដែលយើងជួយយុវជនអភិវឌ្ឍន៍ ការយល់ចិត្ត សុវត្ថិភាព និងទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកក្នុងប្រព័ន្ធអ៊ីនធើណែត។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន Smart Axiata និង​រាជរដ្ឋាភិបាល ដើម្បីរៀបចំសិក្ខាសាលាដែលសង្ឃឹមថានឹងមានសារៈសំខាន់ សម្រាប់កម្មវិធីជាច្រើនផ្សេងទៀតនាពេលអនាគត ដែលលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ប្រកបដោយទំនួលខុសត្រូវ»។

កម្មវិធីអក្ខរកម្មឌីជីថលនេះ ក៏នឹងបណ្តុះបណ្តាលអ្នកចូលរួមអំពីរបៀបផលិតវីដេអូកម្សាន្ត និងទាក់ទាញសម្រាប់កម្មវិធីប្រព័ន្ធអ៊ីនធើណែតដូចជាកម្មវិធី YouTube ដែលបង្ហាញសិស្សានុសិស្សពីរបៀបសរសេរអត្ថបទវីដេអូ ថតវីដេអូ និងកែសម្រួលវីដេអូដោយប្រើទូរស័ព្ទស្មាតហ្វូន និងចែករំលែកទស្សនៈអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញពីសិក្ខាសាលា។

រាល់វីដេអូដែលផលិតដោយសិស្សនឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ចំនួន ១,០០០ ដុល្លារ (សម្រាប់ខេត្តនីមួយៗ) សម្រាប់វីដេអូផលិតបានល្អបំផុត ដោយអាស្រ័យលើចំនួន «ចូលចិត្ត» តាមរយៈអនឡាញ ក្នុងនោះផងដែរសាលារៀននៅតាមខេត្តនីមួយៗ ដែលផ្ញើរចំនួនវីដេអូច្រើនជាងគេ នឹងទទួលបានរង្វាន់ជាសម្ភារៈអប់រំ ដែលមានតម្លៃស្មើរនឹង ២,៥០០ ដុល្លារ។

កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី  «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»
កិច្ចប្រជំុកម្មវិធីថ្មីស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអ៊ីនធើណែត»

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិរន្តរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart​ សូម​​តាម​ដាន​ទំ​ព័រ «Smart For Cambodia» តាម​រយៈ www.facebook.com/SmartForCambodia ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.smart.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T