ម៉ាក់ៗទុកកូនឲ្យគេមើល ប្រយ័ត្នជួបបញ្ហាទាំងនេះ!

//s5.kh1.co/e7/e787e5b97513522370652e5dc4f895324c7d6b5a.jpg
នារី

 ១៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

សម្រាប់​ម៉ាក់ប៉ា​ដែល​រវល់​គ្មាន​ពេល​នៅ​មើល​ថែ​កូន​ខ្លួន​ឯង ហើយ​គ្មាន​ចាស់​ៗ​ចាំ​ជួយ ប្រហែល​ជា​ជ្រើសរើស​យក​វិធី​រក​អ្នក​មើល​ថែ មក​នៅ​ជាមួយ​ដើម្បី​បញ្ចុក​បាយ​ទឹក។ ការ​ទុកកូន​ឲ្យ​គេ​មើល​ថែ ​មានទាំង​ផល​ល្អ និង​មិន​ល្អ។ ថ្ងៃនេះ Helloគ្រូពេទ្យ នឹង​ចែករំលែក​ទុក្ខ​លំបាក​មួយ​ចំនួន​ដែល​ម៉ាក់​ៗ​ផ្ញើ​កូន​នឹង​អ្នក​មើល​ថែ រហូត​បន្សល់​ជា​វិប្បដិសារី​មួយ​ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- កូន​មាន​បញ្ហា​សុខភាព

បើ​តាម​សម្ដី ផល ស្រីពៅ បុគ្គលិក​ធនាគារ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​​អ្នកនាង និង​ស្វាមី​សុទ្ធតែ​អ្នក​រស់នៅ​ខេត្ត ហើយ​គ្មាន​នរណា​នៅ​ភ្នំពេញ​ឡើយ។ បន្ទាប់ពី​សម្រាក​ពេល​សម្រាល​កូន​បាន ៣ ខែ ដល់​ពេល​ចូល​ធ្វើការ​វិញ ដោយ​មិនមែន​កន្លែង​អាច​ទុក​ចិត្ត​យក​កូន​ទៅ​ផ្ញើ​បាន ក៏​រក​អ្នក​មើល​ថែ​មកពី​ស្រុក ហើយ​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ កូន​សុខភាព​ធ្លាក់​ចុះ​ងាក​ឈឺ​ៗ ដោយ​គ្មាន​មូលហេតុ។ ម៉ាក់​ៗ​រូប​នោះ​បាន​បន្ត​ទៀត​ថា កូន​ឧស្សាហ៍​ឈឺ​បំផុត​គឺ​រាករូស រលាក​បំពង់ក និង​ច្រាំង​អណ្ដាត​ជាដើម។ ម៉ាក់​ៗ​វ័យ ២៨ ឆ្នាំ​បាន​បន្ថែម​ថា ទម្រាំតែ​ដឹង​ថា មូលហេតុ​មកពី​អ្នក​មើល​ខ្វះ​អនាម័យ កូន​វិះ​នឹង​ក្លាយ​ជា​ក្មេង​ខ្វះ​អាហារូបត្ថម្ភ​បាត់​ទៅ​ហើយ ព្រោះ​កូន​មិន​ញ៉ាំ​របស់​អ្វី​ដែល​អ្នក​មើល​ថែ​បញ្ចុក ហើយ​ម៉ឹម​ក៏​មិន​បាន ព្រោះ​កំប៉ុង​មិន​បាន​លាង​ដុស។

២- កូន​ខ្លាច​អ្នកដទៃ

ម៉ាក់ៗ ស៊ន វិជ្ជនី បាន​ចែក​រំលែក​បទពិសោធន៍​ឈឺចាប់​មួយ​ដែល​ធ្វើឲ្យ​កូន​បាក់ស្បាត និង​ខ្លាច​ពេល​ឮ​សំឡេង​ខ្លាំង។ អតីត​បុគ្គលិក​ផ្នែក​លក់​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​ចង់​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញ​វត្ថុ​ក្នុង​គ្រួសារ អ្នកនាង​បាន​ចេញ​ទៅ​ធ្វើការ​វិញ ក្រោយ​សម្រាល​កូន​បាន ៦ ខែ ហើយ​អ្វី​ដែល​នឹកស្មាន​មិន​ដល់ គឺ​កូន​មាន​បញ្ហា​ផ្នែក​ស្មារតី ព្រោះ​តែ​អ្នក​នៅ​ជាមួយ​តែងតែ​ស្រែក​សម្លុត និង​វាយ​ធ្វើបាប​កូន​តាំង​ពី​តូច​ៗ រហូត​ដល់​វ័យ​ជាង ២ ឆ្នាំ ទើប​អ្នក​ជិតខាង​លួច​ប្រាប់​ថា ម៉ែ​ដោះ​មើល​ថែ​តែងតែ​ស្រែក​គំហក និង​បង្អត់​ចំណី ទឹកដោះគោ ប្រសិនបើ​កូន​ហ៊ាន​តែ​យំ។ អ្នក​រស់​នៅ​ក្រុង​តាខ្មៅ​បន្ថែម​ទៀត​ថា បន្ទាប់ពី​ឮ​អ្នក​ជិតខាង​ប្រាប់ ទើប​អ្នកនាង​ចាប់ផ្ដើម​ស៊ើប រហូត​ដល់​ឃើញ​ផ្ទាល់ភ្នែក​ថា អ្នក​មើល​ថែ ហ៊ាន​ទះ​តប់​ក្មេង​ទាំង​មិន​ដឹង​អ្វី ខណៈ​ដែល​នាង​មិនដែល​ចាប់អារម្មណ៍ ព្រោះ​ពេល​ចូល​ផ្ទះ​កូន​ចូល​គេង​បាត់​ដែរ។

៣- មិន​ក្លាហាន

សម្រាប់​អ្នក​ម៉ាក់ ឈិន ជេនី វិញ​បាន​ចែករំលែក​រឿង​ឈឺចាប់​មក​ថា បន្ទាប់ពី​ខ្លួន​លែងលះ និង​ត្រូវ​រ៉ាប់រង​កូន​តែ​ម្នាក់ឯង ក៏​សម្រេចចិត្ត​ជួល​ស្ត្រី​ម្នាក់​មក​មើល​ថែ ព្រោះ​ត្រូវ​ចេញ​ទៅ​ធ្វើការ។ រឿង​ដែល​ធ្វើឲ្យ​ម៉ាក់​វ័យ ២៤ ឆ្នាំ​ខ្លោច​ចិត្ត គឺ​កូន​អាយុ ២ ឆ្នាំ​របស់​នាង មិន​ហ៊ាន​លេង​ជាមួយ​ក្មេង​ដទៃ មិន​ហ៊ាន​ធ្វើ​អ្វី ហើយ​បើ​ធ្វើ​ឲ្យ​បែកបាក់​អ្វី​មួយ គឺ​ញ័រ​ខ្លួន​ដូច​កូន​សត្វ។ មុន​ដំបូង​អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ​មិន​ចាប់អារម្មណ៍​ណោះ​ទេ តែ​ពេល​កូន​បញ្ចេញ​អាការៈ​ខ្លាច​អ្នក​នៅ​ជាមួយ​រហូត​ដល់​យំ ពេល​ខ្លួន​ទៅ​ធ្វើការ ទើប​ចាប់ផ្ដើម​សង្ស័យ រហូត​សួរ​អ្នក​នៅ​ជិត​ផ្ទះ ហើយ​ឈាន​ដល់​ការ​ឃាត់​ខ្លួន យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​តែម្ដង ព្រោះ​ឃើញ​ខ្នង​កូន​មាន​របួស​គ្រប់​កន្លែង។

៤- លែង​ហ៊ាន​និយាយ​ស្ដី

បទពិសោធន៍​ជូរចត់​របស់ រស់ សាវនី គឺ​កូន​តាំងពី​ជា​ក្មេង​រពឹស និង​សួរនាំ​មិន​ឈប់​បែរជា​លែង​ហ៊ាន​និយាយ​ស្ដី សួរនាំ​អ្វី​ទាំងអស់ ព្រោះ​ត្រូវ​អ្នក​នៅ​ជាមួយ​សម្លុត វាយ​ធ្វើបាប​ពេល​គេ​រត់​លេង​មិន​ឈប់។ ដំបូង​ៗ​អ្នកគ្រូ​បង្រៀន​រូប​នេះ​មិន​ដឹង​ថា មកពី​អ្វី​បាន​ជា​កូន​ប្រែជា​ស្រពាប់ស្រពោន ហើយ ១ ឆ្នាំ​ក្រោយ​សឹង​តែ​លែង​និយាយ​រក​នរណា​ទាំងអស់ ព្រោះ​ម៉ែ​ដោះ​ប្រាប់​គេ​ថា ប៉ា​ម៉ាក់​ឲ្យ​វ៉ៃ សម្លុត ហើយ​បើ​ហ៊ាន​ប្រាប់​នឹង​បង្អត់​អាហារ និង​ចាក់សោ​ឃុំ​ក្នុង​បន្ទប់។ ទម្រាំតែ​លួង​កូន​ឲ្យ​ហ៊ាន​និយាយ គឺ​ពិតជា​ចំណាយ​ពេល​ច្រើន​ណាស់ ព្រោះ​គេ​ខ្លាច​ម៉ែ​ដោះ រហូត​ដល់​ម៉ាក់​ៗ​វ័យ ៣៦ ឆ្នាំ​រូប​នេះ​យក​កូន​ទៅ​ដើរលេង​នៅ​ខេត្ត ហើយ​គ្មាន​អ្នក​មើល​ថែ​ទៅ​ជាមួយ។

៥- កូន​មាន​គ្រោះថ្នាក់

ម៉ាក់​ៗ កែ សានីតា បាន​ឲ្យ​ដឹង​ថា ព្រោះតែ​អ្នក​មើល​ថែ​កូន​មិន​ប្រុងប្រយ័ត្ន ហើយ​ខ្វះ​ការ​ថែទាំ​ដិតដល់​ធ្វើឲ្យ​កូន​អ្នកនាង​វិះ​បាត់បង់​ជីវិត ២ ដង​មាន​ទាំង​លង់​ទឹក​ធុង និង​ឆក់​ខ្សែភ្លើង។ អ្នក​រស់នៅ​ខេត្ត​កណ្ដាល​រូប​នេះ​បន្ត​ទៀត​ថា អ្នកនាង និង​ស្វាមី​ត្រូវ​មក​ធ្វើការ​នៅ​ភ្នំពេញ ដូចនេះ​ហើយ​ទើប​តម្រូវ​ឲ្យ​កូន​វ័យ ១ ឆ្នាំ​នៅ​ផ្ទះ​ជាមួយ​ឈ្នួល តែ​គេ​រវល់​លេង​ទូរស័ព្ទ​មិន​បាន​មើល​ក្មេង​បាន​ល្អ ទើប​បណ្ដាល​ឲ្យ​ជួប​ហេតុការណ៍​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T