អគ្គិភ័យ​លេបត្របាក់​ផ្ទះមួយខ្នង អស់​រាប់ម៉ឺន​ដុល្លារ

//s5.kh1.co/8f/8f2c2d98dccc7886fa5ff55283d987573196f0e4.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពង់ចាម ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ ខណៈ​ម្ចាស់​មិន​នៅ បណ្តាល​ឱ្យ​រងការ​ខូចខាតខ្ទង់រាប់ម៉ឺនដុល្លារ ​ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់​ចំនួន​៦​គ្រឿង​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ មុត សំណាង ភេទ​ប្រុស ហៅ​ឌុ​ក រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​ឧត្តមសេនីយ៍ត្រី មិន សុគន្ធ​វិបុល ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​កំពុង​តែ​ឆេះ​តាម​បង្អួច​ផ្ទះ​កើតហេតុ​ខាងលើ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ភូមិ​ផង​របង​ជាមួយ​ក៏​ប្រញាប់​ទូរស័ព្ទ​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​ដែល​ទៅ​ចូលរួម​កម្មវិធី​គេ​នៅ​ក្នុងភូមិ​ឲ្យ​បានដឹង និង​ប្រញាប់​មក​ផ្ទះ​ជា​បន្ទាន់​។

លោកស្នងការ​រង​នគរបាល​ខេត្ត​បាន​បន្ត​ឱ្យ​ដឹង​ថា មុន​ដំបូង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ​១​គ្រឿង​បាន​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​មុនគេ បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​ស្ទឹង​ត្រង់​ចំនួន​មួយ​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​កំពង់សៀម​ចំនួន​១​គ្រឿង ។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ មិន​បណ្ដាល​ឱ្យ​ភ្លើង​រាលដាល​ឆេះ​ទៅ​ដល់​ផ្ទះ​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​ឡើយ​។

ពេល​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​​កើតឡើង កម្លាំង​សមត្ថកិច្ច​បាន​យកចិត្តទុកដាក់​ក្នុង​នោះ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ និង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៣​រថយន្ត ទើប​ភ្លើង​រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ហើយ​ក៏​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​របួស ឬ​គ្រោះថ្នាក់​ឡើយ​។ ចំណែក​មូលហេតុ​គឺ​បណ្ដាល មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​រួម​មាន ផ្ទះ​មួយ​ខ្នង​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រីឯ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួម​មាន មាស​ទម្ងន់​៣​តម្លឹង​, ប្រាក់​ដុល្លារ​៥៨.០០០​ដុល្លារ​, គ្រឿង​សង្ហា​រឹម និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​ពេល​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ត្រូវ​តែ​ពន្លត់ភ្លើង​ចង្ក្រាន​បាយ​ឲ្យ​អស់ និង​បិទ​ហ្គា​ស ព្រមទាំង​បិទ​កុងតាក់​ភ្លើង​ផង​ដែរ ចៀសវាង​កុំ​ឲ្យ​មានការ​ឆ្លង​ចរន្តអគ្គិសនី​កើតឡើង​ជាយថា​ហេតុ​ណាមួយ ។ សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ៕

https://s4.kh1.co/__image/w=650,h=379,q=100/3c/3cd29c4b7f8f51cf0c43f6d915d81f0ad5234d02.jpg
https://s4.kh1.co/__image/w=650,h=380,q=100/f2/f2681644c3c1c5a399d9e70c68d396150ecb146d.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c3/c399307b6652f91f8033bf5159dc0f0ac91eccb0.jpg
https://s5.kh1.co/__image/w=650,h=379,q=100/50/50f731a38b34b0085d68968f1062ec5c86df292a.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a0/a0dd16cb7269dd08f5ab2b89cb4ecca66a10919e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/86/8645cb1d68a7901c73c795b625972b48ff39619c.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T