ភ្នំពេញៈ នារីលក់កាហ្វេវ័យ១៧ឆ្នាំម្នាក់ ត្រូវរថយន្តដឹកខ្សាច់កិនដាច់ជាពីរ ធ្លាយពោះវៀន ស្លាប់យ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួសធ្ងន់ នាវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវ៣៧១ ឃុំត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ កញ្ញា វ៉ាន់ ដេត អាយុ ១៧ឆ្នាំ ជាអ្នកលក់កាហ្វេនៅចំការដូង មានស្រុកកំណើតនៅភូមិ៥ ឃុំព្រែកសាយខ ស្រុកពារាំង ខេត្តព្រៃវែង និងបុរសម្នាក់ទៀត ឈ្មោះ គឹម ចំរើន អាយុ ២៩ឆ្នាំ ជាកម្មករកាត់ដេរ ស្នាក់នៅភូមិក្វាយ សង្កាត់ដង្កោ ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៥ ភ្នំពេញ 1F-2050 ឌុបគ្នាតាមបណ្តោយផ្លូវ៣៧១។

សេចក្តីរាយការណ៍បន្តទៀតថា លុះដល់ចំណុចកើតហេតុជនរងបានជិះម៉ូតូទៅប៉ះ ដៃចង្កូតម៉ូតូ សង់កូរ៉េមួយគ្រឿងទៀត បណ្តាលឲ្យដួលខ្ទាតចូលពាក់ កណ្តាលផ្លូវ ពេលនោះមានរថយន្តដឹកខ្សាច់ ធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-0229 បានមកដល់ហើយកិនលើជនរងគ្រោះជាស្រ្តី ឈ្មោះ វ៉ាន់ ដេត ដាច់ជាពីរធ្លាយពោះវៀន រីឯបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រួចបន្តទៅបុកបង្គោលភ្លើងថែមទៀត ។

ក្រោយកើតហេតុអ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព រីឯបុរសរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

នៅកន្លែងកើតហេតុក្តីវិយោគ និងភាពសោកសៅ បានកើតឡើង ខណៈដែលបងប្អូននារីរងគ្រោះ បានមកដល់នាំគ្នាស្រែកយំឱបសពនារីរងគ្រោះ គួរឲ្យសង្វេគជាពន់ពេក។

ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាបណ្ចេញមតិថា គ្រោះថ្នាក់ចរាចរណ៍ត្រូវបាន កើតឡើងស្ទើរតែរាល់ថ្ងៃ ហេតុដូចនេះ វិធានការដំបូង ដែលត្រូវធ្វើគឺអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ គោរពតម្លៃជីវិតអ្នកដទៃ និងជីវិតខ្លួនឯងគ្រប់ពេលវេលា ហើយត្រូវចង់ចាំថា អ្វី្ៗទាំងអស់អាចកើតឡើងបាន ព្រោះតែសេចក្តីប្រមាថ ការមិនចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរ ជាពិសេសគឺការបើកបរដោយខ្វះការប្រុងប្រយ័ត្ន៕

ដកស្រង់ចេញពីដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]