MoneyGram និងវីង ដាក់ឲ្យដំណើរការសេវាកម្មកាបូបចល័តថ្មីមួយនៅកម្ពុជា អតិថិជនផ្ញើទឹកប្រាក់ដោយផ្ទាល់យ៉ាងងាយស្រួលគ្រប់ពេល!

//s5.kh1.co/14/146fcd63f71f8b282a22d0a34df531421c72684e.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន MoneyGram International, Inc ដែលជាក្រុមហ៊ុនផ្ញើប្រាក់ធំជាងគេបំផុតនៅលើពិភពលោក បានប្រកាសនៅថ្ងៃនេះថាខ្លួនកំពុងធ្វើជាដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា ដើម្បីផ្តល់ជូននូវសេវាកម្មថ្មីមួយដែលនឹងអនុញ្ញាតឱ្យអតិថិជនទទួលបានមូលនិធិដោយផ្ទាល់ចូលទៅក្នុងទូរស័ព្ទដៃរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
MoneyGram និងវីងសហការគ្នា
MoneyGram និងវីងសហការគ្នា

លោក Alex Holmes ប្រធាននាយកប្រតិបត្តិ និងជានាយកប្រតិបត្តិរបស់ MoneyGram មានប្រសាសន៍ថា៖​​

“ដោយសារតែ ៨០ ភាគរយ នៃប្រតិបត្តិការតាមអ៊ិនធើណេតរបស់យើងត្រូវបានធ្វើឡើងនៅលើទូរស័ព្ទដៃ យើងកំពុងសម្លឹងរកមើលការផ្តល់ជូននូវជម្រើសកាន់តែច្រើនសម្រាប់អតិថិជនរបស់យើងដោយប្រើប្រព័ន្ធឌីជីថលរបស់យើង។ វីងជាក្រុមហ៊ុនឈានមុខគេក្នុងការទូទាត់ប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិច ហើយសេវាកម្មថ្មីនេះនឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អ្នកមិនមានគណនីធនាគារនៅកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើប្រាក់ឆ្លងកាត់ព្រំដែនឌីជីថលពីគ្រប់ទីកន្លែង”។

ជាមួយភាពជាដៃគូនេះអតិថិជនរបស់ MoneyGram អាចផ្ញើ និងទទួលប្រាក់យ៉ាងងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង។ អតិថិជនក៏មានជម្រើសក្នុងការដកប្រាក់តាមរយៈភ្នាក់ងារវីង ដែលមានជាង ៧,០០០ កន្លែង ក្នុងប្រទេសកម្ពុជាផងដែរ។

លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖

“យើងប្តេជ្ញាចិត្តផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត ដែលមានភាពចាំបាច់ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈភាពជាដៃគូរបស់យើងជាមួយ MoneyGram បានអនុញ្ញាតឱ្យយើងទៅដល់គ្រប់ទីកន្លែង និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារពីជុំវិញពិភពលោក។ MoneyGram គឺជាក្រុមហ៊ុនមួយដែលមានភាពច្នៃប្រឌិត ហើយយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេជួយផ្តល់ជម្រើសកាន់តែច្រើនដល់អតិថិជនទាំងនេះ។ សេវាកម្មថ្មីនេះគ្រាន់តែជាឧទាហរណ៍មួយទៀត ដែលបញ្ជាក់ថាយើងមិនដែលឈប់ប្រឹងប្រែង ដើម្បីផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មល្អបំផុតនោះឡើយ”។

យោងតាមធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ថវិកាដែលបានបញ្ជូនត្រឡប់មកប្រទេសវិញពីពលករចំណាកស្រុកកម្ពុជាសរុបមានចំនួន ១,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ ចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងជាងនេះ ព្រោះថាប្រាក់ដែលបានផ្ញើមកពីប្រជាជនកម្ពុជាដែលធ្វើការនៅក្រៅប្រទេសបានផ្តល់នូវប្រភពចំណូលដ៏សំខាន់សម្រាប់ក្រុមគ្រួសារដែលត្រូវការចំណាយប្រចាំថ្ងៃ ធ្វើវិនិយោគ និងសងប្រាក់កម្ចីនានា។

MoneyGram គឺជាក្រុមហ៊ុនឈានមុខគេលើសេវាកម្មផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដែលអាចជួយមិត្តភក្តិនិងក្រុមគ្រួសារឲ្យផ្ញើប្រាក់សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងជីវិតដោយចំណាយតិច មានទំនុកចិត្ត ព្រមទាំងងាយស្រួល​ទៅកាន់ជាង ២០០ ប្រទេស និងតំបន់៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T