ឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប៉ូលិសអធិការស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដោយយោងទៅលើពាក្យបណ្តឹងពីប្រពន្ធរបស់ជនសង្ស័យពីបទចាប់រំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតរបស់ខ្លួនជាច្រើនលើក រហូតនាងមានផ្ទៃពោះ៣ខែទើបបែកធ្លាយ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះ ឈ្មោះ រ៉េវ រ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធអាយុ៣៩ឆ្នាំ និងមានកូនស្រី២នាក់ ដោយជនរងគ្រោះជាកូនស្រីច្បងអាយុ១៦ឆ្នាំ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមអ្នកភូមិដែលរស់នៅជិតខាងបានឲ្យដឹងថា គ្រួសារនេះ មានជីវភាពក្រីក្រ ហើយមានកូនស្រី២នាក់ កូនប្អូនមានអាយុ១៣ឆ្នាំ កូនច្បងមានអាយុ១៦ឆ្នាំ។ ហើយមុនពេលបែកធ្លាយរឿងឪពុកចាប់រំលោភកូនស្រីបង្កើតនោះ គឺក្មេងស្រីរងគ្រោះដែលជាកូនស្រីច្បងរូបនេះ គឺចេះតែឆ្ងល់ក្នុងខ្លួនឯងមិនដឹងយ៉ាងម៉េច ក៏ដើរសួរគេឯង ហើយបានឲ្យប្អូនស្រីរបស់ខ្លួនទៅទិញប្រដាប់វាស់ទឹកនោម ក្រោយពេលពិនិត្យខ្លួនឯងរួចមក ស្រាប់តែមានផ្ទៃពោះ៣ខែទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់ម្តាយ រហូតឈានទៅដល់ដាក់ពាក្យបណ្តឹងប្តឹងប្តីរបស់ខ្លួនតែម្តង។
បើតាមលោកវរសេនីយ៍ត្រី កេត សុធា អធិការងទទួលផ្នែកព្រហ្មទណ្ឌអធិស្រុកអន្លង់វែងបានឲ្យដឹងថា មុនពេលធ្វើការឃាត់ខ្លួនបុរសរូបនេះ គឺយោងតាមពាក្យបណ្តឹងរបស់ប្រពន្ធជនសង្ស័យ ។ ខណៈនោះសមត្ថកិច្ចបានធ្វើការសាកសួរក្មេងស្រីរងគ្រោះ ហើយនាងក៏បានឆ្លើយថា រូបនាងត្រូវឪពុកបង្កើតចាប់រំលោភនៅក្នុងព្រៃ និងនៅលើផ្ទះរបស់ខ្លួនជាច្រើនលើកមកហើយ ថែមទាំងគំរាមថា បើហ៊ាននិយាយប្រាប់គេ នឹងសម្លាប់ចោលទាំងម្តាយ ទាំងកូន ទើបនាងមិនហ៊ាននិយាយនោះទេ។
លោកវរសេនីយ៍បន្តថា ក្រោយពីបានសាកសួរក្មេងស្រីរងគ្រោះរួចមក លោកក៏ដឹកនាំសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជាឪពុកនាំខ្លួនមកធិការស្រុកអន្លង់វែង ធ្វើការសាកសួរចម្លើយ ហើយជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់កូនស្រីរំលោភពិតប្រាកដមែន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យនេះ លោកក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ បន្តទៅកាន់ការិយាលយ័ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ប្រភព៖ កោះសន្តិភាព