ជួយបន់គ្នា!! នេះជាលក្ខខណ្ឌតែមួយគត់ដែល U-19 កម្ពុជាអាចឡើងទៅលេងនៅជុំផ្ដាច់ព្រ័ត្រ

//s6.kh1.co/28/282f07dd02616f081d57c42d52e0abad7105435b.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាស៊ី៖ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះដើម្បីកក់កៅអីទៅលេងពានរង្វាន់ AFC U-19 Championship 2020 នៅប្រទេសអ៊ូសបេគីស្ថាន ក្នុងពូល G ក្រុមកម្ពុជាដែលជាម្ចាស់ផ្ទះឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពី៤ប្រកួត ឈ្នះ៣ និងចាញ់១ មិនទាន់ច្បាស់ថានឹងអាចទៅលេងនៅអ៊ូសបេគីស្ថានបានឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាងចំណាត់ថ្នាក់ពូល G
តារាងចំណាត់ថ្នាក់ពូល G

ជាលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក្រុមដែលឈរនៅលេខ១ ក្នុងពូលទាំង ១១នឹងកក់កៅអីជាស្រេចដើម្បីឡើងទៅវគ្គបន្តជាមួយនឹងក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ខណៈនៅសល់ ៤ក្រុមទៀតគឺចម្រាញ់យកក្រុមលេខ២ ល្អទាំង៤ក្រុមពីពូលទាំង១១។

យ៉ាងណាមិញ ដោយសារតែក្រុមម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ដែលចូលរួមប្រកួតវគ្គជម្រុះដែរនោះឈរនៅលេខ២ ក៏បានបន្ថែមឲ្យក្រុមលេខ២ល្អមានដល់ទៅចំនួន ៥ក្រុមដើម្បីឡើងទៅលេងនៅវគ្គបន្ត។ ការប្រកួតរួចរាល់ចំនួន ១០ពូល កម្ពុជា កំពុងឈរនៅលេខ៥ ជាក្រុមលេខ២ល្អដែលមាន ៦ពិន្ទុ និងគ្រាប់បាល់ចំណេញ ៣គ្រាប់ ប៉ុន្តែមិនទាន់ប្រាកដថានឹងអាចទៅលេងវគ្គបន្តបាននោះទេ ដោយរង់ចាំមើលការប្រកួតក្នុងពូល A សិន។

តារាងចំណាត់ថ្នាក់ក្រុមលេខ២ ល្អទាំង ១១ពូល
តារាងចំណាត់ថ្នាក់ក្រុមលេខ២ ល្អទាំង ១១ពូល

បើសិនជាក្រុមលេខ២ មកពីពូល A មានពិន្ទុតិចជាងក្រុមកម្ពុជា ឬមាន៦ពិន្ទុស្មើគ្នាប៉ុន្តែចាញ់គ្រាប់ស៊ុតរបស់កម្ពុជា នោះក្រុមយុវជនគោព្រៃកម្ពុជានឹងបានទៅលេងជុំផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ AFC U-19 Championship ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

ចំពោះមូលហេតុដែលកម្ពុជាមានត្រឹម ៦ពិន្ទុនៅក្នុងតារាងក្រុមលេខ២ល្អ ខណៈពិន្ទុជាក់ស្ដែងរបស់កម្ពុជាមានដល់ទៅ៩ពិន្ទុ គឺដោយសារតែការប្រកួតជាមួយក្រុមលេខ៥ ដែលកម្ពុជា យកឈ្នះកោះម៉ារីអាណា ៩ទល់នឹង០ មិនត្រូវបានរាប់បញ្ចូលនោះឡើយ ដែលនេះជាការកំណត់របស់ AFC។

ក្រុមជម្រើសជាតិ U-19 កម្ពុជា
ក្រុមជម្រើសជាតិ U-19 កម្ពុជា

គួរឲ្យដឹងដែរថាដែរថា ការប្រកួតវគ្គជម្រុះក្នុងពូល A ដែលមាន ៥ក្រុមដូចពូល G របស់កម្ពុជាដែរនោះនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២២ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ខណៈប្រទេសអ៊ូម៉ង់ធ្វើជាម្ចាស់ផ្ទះ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T