នៅកន្លែងធ្វើការ គួរចៀសវាងពាក្យសម្តី ៥ ឃ្លានេះ

//s4.kh1.co/99/99d5dd65b37b2d8a298d01f4c0276021bcc21049.jpg
យល់ដឹង

 ១១-វិច្ឆិកា-២០១៩ ៥ព្រឹក · ៤ ឆ្នាំមុន

ជម្លោះនិង​ការ​បាត់​បង់​ឱកាស​នៅ​កន្លែង​ការងារជា​ច្រើន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ពាក្យ​សម្តី ជា​អ្វីមួ​យ​ដែល​អ្នក​មិន​អាច​យក​មកវិញ​បាន​នៅ​ពេល​ដែល​និយាយ​ហួសទៅ​ហើយ។ ខាង​ក្រោម​នេះ​ គឺជា​ពាក្យ​សម្តី​មួយ​ចំនួន​ដែល​គេ​មិនគួរ​ប្រើ​ជា​ដាច់​ខាត​នៅក្នុង​កន្លែង​ការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. «វា​មិន​មែន​ជា​តួនាទី​របស់​ខ្ញុំ​ឡើយ»

នៅ​ក្នុង​ក្រុម​ហ៊ុន ឬ ស្ថាប័នមួយ បុគ្គលិក​ពិត​ជា​ជៀស​មិន​ផុត​ពី​ការ​ពឹង​ពាក់​គ្នា ទោះ​បី​ជា​ពួកគេ​មក​ពី​ផ្នែក​ខុស​គ្នា​ក៏​ដោយ។ បុគ្គលិក​ឆ្លាត​វៀងវៃ​ និង​ពូកែ​រមែង​ចេះជួយ​ទុក្ខធុរៈ​របស់​មិត្ត​រួម​ការងារ ក៏ប៉ុន្តែពុំ​មែន​ជួ​យ​រហូត​ដល់​ទៅ​ភ្លេច​ការងារ​របស់​ខ្លួន​ឯង​នោះ​ឡើយ។

ទោះ​ជាយ៉ាង​នេះ​ក្តី អ្នក​ពុំ​គួរ​ប្រើ​ពាក្យ​សម្តី​នេះ​ឡើយ ព្រោះ​វា​បង្ហាញ​ពី​ភាព​ប្រកាន់​ខ្លួន ឬវាយឬក​របស់​អ្នក។ ប្រសិន​ជា​អ្នក​កំពុង​តែ​មមាញឹក​ជាមួយ​នឹង​ការងារ​របស់​អ្នក ឬពុំ​មាន​សមត្ថភាព​ធ្វើ​អ្វី​ដែល​គេសុំ​ឲ្យ​ជួយ អ្នកគួរ​តែ​ប្រាប់​គេ​តាម​ត្រង់​វិញ​ ទើប​ល្អ​ជាង៕

២.  «ពី​ដើម​មក​ គេ​ធ្វើ​តែ​អ៊ីចឹង!»

អ្នក​អាច​នឹង​​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ នៅ​ពេល​ដែល​មិត្ត​រួម​ការងារ​ណា​ម្នាក់​បាន​ស្នើរ​នូវ​គំនិត​ថ្មី​មួយ​ដែល​ត្រូវ​នឹង​ចូល​មក​ជ្រៀតជ្រែក​នូវ​ទម្លាប់​ចាស់​នៅ​កន្លែង​ការងារ។ វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ប្រយ័ត្ន​ប្រយែង ក៏​ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ វា​ក៏​បង្ហាញ​ផង​ដែរ​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​ពុំ​មាន​គំនិត​ច្នៃ​ប្រឌិត។

នៅ​ក្នុង​ការងារ​មួយ​ អ្នក​ពុំ​អាច​រីក​ចម្រើន​បាន​ដោយ​គ្រាន់​តែ​ចេញ​ចូល​ធ្វើ​ការ​ទាន់​ម៉ោង ឬ គោរព​តាម​ទម្លាប់​ដដែល​ៗរហូត​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​បំពេញ​ការងារ និង​ដោះ​ស្រាយ​បញ្ហា​នានា។

ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​មិន​យល់​នឹង​គំនិត​របស់​គេ​​ អ្នក​គួរ​តែ​លើក​ហេតុ​ផល​របស់​អ្នក​មក​ពន្យល់​គេ​ជាជាង​ការ​និយាយ​បែប​នេះ។

៣. «សុំ​សួរ​ដូចឆោត...»

នៅ​ពេល​ដែល​អ្នក​និយាយ​ពាក្យ​បែប​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ​ណា​ម្នាក់ វាហាក់​ដូចជា​អ្នក​កំពុង​តែ​ប្រាប់​គេថា «ខ្ញុំ​ឆ្លាត​ជាង​អ្នក​ឯង» ទោះ​បី​អ្នក​ចង់​ឬមិន​ចង់​ក៏​ដោយ។ ប្រសិន​ជា​អ្នក​ប្រើ​ពាក្យ​នេះ​នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ឈ្លោះ​ប្រកែក​ជាមួយ​គេ​វានឹង​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​តាន​តឹង ហើយ​បង្ក​ជា​ភាព​ល្អក់កករ​នៅ​ក្នុង​ទំនាក់​ទំនង​នៅ​ទី​កន្លែង​ការងារ។

ជំនួស​ឲ្យ​​ពាក្យ​សម្តី​នេះ អ្នក​អាច​និយាយ​ថា៖​ «ខ្ញុំ​យល់​ពី​គំនិត​របស់​អ្នក​ក៏ប៉ុន្តែ...» ឬ «អ្នក​និយាយ​ត្រូវ​ខ្លះ​ដែរ ក៏​ប៉ុន្តែ...» ដើម្បី​​បង្ហាញ​ពី​ការ​គោរព​របស់​អ្នក​ចំពោះអ្នក​ដទៃ ក៏​ដូច​គំនិត​យោបល់​ដែល​ផ្ទុយ​ពី​អ្នក។

៤.«គ្មាន​បញ្ហា!»​

នៅ​ពេល​ដែល​ចៅ​ហ្វាយនាយ​របស់​អ្នក​ដាក់​ការងារ​អ្វី​មួយ​មក​ឲ្យ​អ្នក​ធ្វើ ហើយអ្នក​បាន​ឆ្លើយតប​ទៅវិញថា «គ្មាន​បញ្ហា» ដោយ​សារ​តែ​អ្នក​គិត​ថា អ្នក​ពិត​ជា​អាច​បំពេញ​ការងា​នោះ​បាន តើអ្នក​​គិត​ថា គាត់​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​ប្រសិន​ជា​ អ្នក «មាន​បញ្ហា»​​ នៅ​ក្នុង​ការងារ​នោះ? ​មុន​ពេល​ធ្វើអ្វី​ការងារ​មួយ មនុស្ស​​ឆ្លាតតែង​តែ​គិត​ពី​បញ្ហា​ដែល​អាច​នឹង​កើត​មាន​ឡើង ហើយ​ត្រៀម​ខ្លួន​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ។

ការ​ដែល​គ្រាន់​តែ​និយាយ​ថា «គ្មាន​បញ្ហា» មិន​ត្រឹម​តែ​មិន​អាច​បង្ការ​បញ្ហា​បាន​នោះ​ទេ ថែម​ទាំងអាច​ធ្វើ​ឲ្យ​ទទួល​ការ​សើច​ចំអក ហើយ​ក្លាយ​ជា​មនុស្ស​ដែល​គេ​លែង​ទុកចិត្ត​ថែម​ទៀត​ផង។

៥. «អយុត្តិធម៌ណាស់!»

ជាការពិត​ណាស់ មាន​រឿង​ជាច្រើន​នៅ​ក្នុង​លោក​ដែល​អ្នក​គិ​តថា គឺជា​រឿង​អយុត្តធម៌​ ក៏​ប៉ុន្តែ​ការ​និយាយ​ពាក្យ​នេះ​នឹង​បង្ហាញ​ពី​ភាព​មិន​ដឹង​ក្តី និង​ឆាប់​ចុះ​ចាញ់​របស់​អ្នក។ ក្រៅ​ពី​និយាយ តើ​អ្នក​មិន​អាច​ធ្វើ​ផ្សេង​ទៀត​បាន​ទេឬ? អ្នក​គួរតែ​ព្យាយាម​ធ្វើ​អ្វី​មួយ​ជា​ការ​ឆ្លើ់យ​តបនឹង​ទង្វើ​អយុត្តិធម៍​ជា​ជាង​ការ​ដើរ​ស្រែក​ប្រាប់​គេ​ឯង​ថា​៖ «អយុត្តិធម៌ណាស់ៗ»។

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T